FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានបណ្ឌិត គុណ ញឹម នាំយកទៅចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៣០១៤ គ្រួសារ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ

21-03-2026 09:36

(បន្ទាយមានជ័យ)៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយនិងរដ្ឋាករមួយចំនួន បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៣ ០១៤ គ្រួសារ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ពិធីនេះប្រព្រឹត្ត នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ​ស្ថិតនៅ​៤ ទីតាំង រួមមាន មណ្ឌលវត្តពោធិសុរិយារាម និងវត្តចាន់ស៊ី ក្នុងស្រុកអូរជ្រៅ, និងមណ្ឌលវត្តកណ្តោល និងភូមិពព្លាក់ក្នុងស្រុកថ្មពួក។ ពិធីនេះ​ក៏មានការចូលរួមពីលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងព្រះចៅអធិការវត្តតាមទីតាំងនីមួយៗ ។

លោក អ៊ុំ រាត្រី បានលើកឡើងថា មកដល់ពេលនេះ ក្នុងខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋភៀសសឹកភាគច្រើនបានវិលត្រឡប់ទៅគេហដ្ឋានរបស់ខ្លួនវិញហើយ នៅសល់តែប្រជាពលរដ្ឋក្នុងតំបន់ជាប់ព្រំដែនមួយចំនួន ដូចជាភូមិព្រៃចាន់ ភូមិជោគជ័យ ភូមិអូរបីជាន់ ភូមិសាមគ្គី ភូមិត្រពាំងសំរោង ភូមិផ្លូវបំបែក ភូមិបន្ទាយមានឫទ្ធិ និងភូមិបឹងសុក្រម ជាដើម ដែលនៅមិនទាន់អាចត្រឡប់ទៅវិញបាននៅឡើយ ដោយសារទាហានថៃនៅបន្តដាក់កុងតឺន័រ និងបន្លាលួសក្នុងតំបន់ទាំងនោះ។

លោក អ៊ុំ រាត្រី បានថ្លែងអំណរគុណដល់លោកបណ្ឌិត គុណ ញឹម និងសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដែលតែងតែបាននាំយកអំណោយឧបត្ថម្ភដល់ប្រជាពលរដ្ឋភៀសសឹកដែលកំពុងរងផលប៉ះពាល់ដោយការឈ្លានពានរបស់ទាហានថៃ។

ក្នុងឱកាសនោះ លោកបណ្ឌិត គុណ ញឹម បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់។

លោកបណ្ឌិត បានលើកឡើងអំពីការលំបាកដែលបងប្អូនជនភៀសសឹកជួបប្រទះ មានដូចជា ការខូចខាតឬបាត់បង់ផ្ទះសំបែង ទ្រព្យសម្បត្តិ, ការខកខានមិនបានប្រកបរបរចិញ្ចឹមជីវិត ជាដើម។ លោកបណ្ឌិត បានបញ្ជាក់ថា អំណោយដែលបានយកមកជូននាពេលនេះ គឺស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងបង្ហាញនូវស្មារតីសាមគ្គីភាពខ្មែរតែមួយ និងស្មារតីខ្មែរជួយខ្មែរ ដើម្បីរួមចំណែកដោះស្រាយការលំបាកទាំងអស់នេះ។

លោកបណ្ឌិត ក៏បានក្រើនរំលឹកឱ្យបងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់រក្សាអនាម័យ ថែទាំសុខភាព ព្រមទាំងត្រូវជឿជាក់លើការដឹកនាំដ៏ឈ្លៀសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកសន្តិភាព និងបន្តដោះស្រាយបញ្ហាព្រំដែន តាមនីតិវិធីច្បាប់អន្តរជាតិ និងការទូត។ ទន្ទឹមនេះ បងប្អូនត្រូវមានភាពកក់ក្តៅក្នុងចិត្តថា ទាំងរាជរដ្ឋាភិបាល និងសប្បុរសជនទូទាំងប្រទេស នឹងនៅបន្តរួមសុខរួមទុក្ខជាប់ជានិច្ច ដោយមិនបោះបង់បងប្អូនចោលឡើយ។

អំណោយសម្រាប់ចែកជូនគ្រួសារជនភៀសសឹកទាំង ៤ មណ្ឌលខាងលើ សរុបរួមមាន អង្ករ ១៥ ០៧០ គ.ក្រ, ទឹកសុទ្ធ ១ ២៥៥ កេស, មីកញ្ចប់ ៦ ០២៨ កេស, ធុងទឹកចំណុះ ៣០លីត្រ ១ ២៤៨ ធុង, ខោអាវប្រើរួច ៩ គីប និងកញ្ចប់ (Kits) ចំនួន ៣ ០១៤ (១ កញ្ចប់សម្រាប់ ១ គ្រួសារ) ដោយ ក្នុង Kits នីមួយៗ រួមមាន ភួយ ១, ទឹកស៊ីអ៊ីវ ១ ដប, ទឹកត្រី ១ ដប, ទឹកដោះគោខាប់ ៥ កំប៉ុង, ទឹកដោះគោស្រស់ម៉ាក Angkor Milk 110ml ២យួរ ស្មើ៨ប្រអប់, ទឹកក្រូច V-Cola 600ml ៣ដប, ច្រាសដុសធ្មេញ ២, ថ្នាំដុសធ្មេញ ១, សាប៊ូដុសខ្លួន ១ ដុំ, សំឡីអនាម័យ ១ ដុំ, សាប៊ូម្សៅ (110g) ២ កញ្ចប់តូច, ត្រីខ ៥ កំប៉ុង, សាច់ក្រក ១ កញ្ចប់ស្មើ ០,៤ គ.ក្រ, ត្រីងៀត ១ កញ្ចប់ ០,៤ គ.ក្រ, ឆៃប៉ូវ ១កំប៉ុង ០,៥ គ.ក្រ, ស្ករស ១ គ.ក្រ, អំបិល ១ គ.ក្រ, នំផ្អែម ១ កញ្ចប់, កាហ្វេកញ្ចប់ ១០ កញ្ចប់តូច, ចានប្លាស្ទិក ៣០, Berocca ១ ទីប, ថ្នាំបំបាត់ការឈឺចាប់ ២ បន្ទះ។

ក្រៅពីនេះ ក៏មានកញ្ចប់ (Kits) ដោយឡែកសម្រាប់ស្រ្តីមានផ្ទៃពោះនិងអ្នកមានក្មេងតូច ចំនួន ២៧៣ កញ្ចប់ដោយក្នុង Kits នីមួយៗ រួមមាន ម្សៅទឹកដោះគោ ១ កំប៉ុង, នំ creamy delight ១ ដុំ ស្មើ ២០ នំ, ទឹកដោះគោ Angkor milk 110ml ៥ យួរ, Berocca ១ ទីប, ទឹកដោះគោជូរ/នំ ១ ឈុត, ខោទឹកនោម ២ ដុំ, ខោអាវកូនក្មេង ១ ឈុត, អាវរងារ ១, កន្សែង ១, ខ្នើយ/ភួយ ១, កញ្ចប់សិក្សា ១ ឈុត។ ឯកឧត្តមបណ្ឌិត ក៏បានផ្តល់ថវិកាជូនគ្រួសារប្រជាពលរដ្ឋភៀសសឹក ដោយក្នុង ១ គ្រួសារ ទទួលបាន ៥០ ០០០ រៀល, និង ថវិកាមួយចំនួនផ្សេងទៀតជូនប្រជាការពារ និងបច្ច័យកសាងវត្តផងដែរ។

គួរបញ្ជាក់ថា ចាប់តាំងពីពេលមានសង្គ្រាមឈ្លានពានពីសំណាក់យោធាសៀមមកលើកម្ពុជា កាលពីដើមខែធ្នូ ឆ្នាំ២០២៥ កន្លងមកនេះ សមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាននាំយកអំណោយជូនប្រជាពលរដ្ឋភៀសសឹកសរុបបានចំនួន ១៣ ១២៨ គ្រួសារ ក្នុងភូមិសាស្ត្រខេត្តសៀមរាប, ខេត្តបន្ទាយមានជ័យ, ខេត្តពោធិ៍សាត់, ខេត្តកោះកុង, ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ សមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្តេជ្ញានឹងបន្តនាំយកអំណោយឧបត្ថម្ភជូនប្រជាពលរដ្ឋភៀសសឹកបន្ថែមទៀតនាពេលអនាគត៕