FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មណ្ឌលមែកឈើ ទទួលអំណោយមនុស្សធម៌ ដើម្បីលើកកម្ពស់សុខភាពកុមារគ្មានទីពឹងជិត ២០០នាក់

20-03-2026 21:41

(ភ្នំពេញ)៖ មណ្ឌលមែកឈើ បានទទួលជំនួយសប្បុរសធម៌ជាបន្ដបន្ទាប់ សម្រាប់ទ្រទ្រង់ដល់ការរស់នៅរបស់កុមារកំព្រា និងកុមាររងគ្រោះដោយសារអំពើហិង្សាប្រមាណជិត ២០០នាក់ ដែលកំពុងទទួលការចិញ្ចឹមបីបាច់យ៉ាងយកចិត្តទុកដាក់ ជាក់ស្ដែងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នេះ មណ្ឌលបានទទួលអំណោយមនុស្សធម៌ភេសជ្ជៈជាច្រើនពីក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ៊្វូដ & បេវើរីច(Yeo’s) សម្រាប់រួមចំណែកលើកកម្ពស់សុខភាពកុមារនៅទីនោះ។

លោកស្រី វណ្ណ ណាវី អនុប្រធានមណ្ឌលខាងលើ បានឲ្យដឹងថា បច្ចុប្បន្នមានកុមារចំនួន ១៩៦នាក់ (អាយុពី ៣ថ្ងៃ ដល់ ១៨ឆ្នាំ) កំពុងរស់នៅក្នុងមណ្ឌល ហើយមានសប្បុរសជនជាច្រើន តែងនាំយកអំណោយ ទោះបីតិចក្ដី ឬច្រើនក្ដី មកជួយ ពិសេសនៅចុងសប្ដាហ៍។ បែបនេះក្ដី ចំណូលទទួលបាន ពុំអាចឆ្លើយតបនឹងការចំណាយនោះទេ ដ្បិតក្នុងមួយខែៗការចំណាយយ៉ាងហោច ៧ពាន់ដុល្លារ។ ហេតុនេះ ប្រធានមណ្ឌលលោក ផន ផល្លា តែងព្យាយាមស្វែងរកជំនួយ ដើម្បីផ្គត់ផ្គង់លើការចំណាយផ្សេងៗ។

យ៉ាងណាក្ដីលោកស្រី បានសម្ដែងនូវការអរគុណ ចំពោះការរួមចំណែក និងដឹងទុក្ខធុរៈសម្រាប់កុមារគ្មានទីពឹងក្នុងមណ្ឌល ពីថ្នាក់ដឹកនាំ និងសប្បុរសជនទាំងអស់ តួយ៉ាងក្រុមហ៊ុន Yeo’s ដែលបានរៀបចំនូវកម្មវិធីសប្បុរសធម៌ ព្រមទាំងបានផ្ដល់នូវភេសជ្ជៈទឹកសណ្ដែង ដែលជាអាហារបំប៉នមួយដ៏មានសារៈសំខាន់ ពិសេសកុមារមិនទាន់ចេះញាំអាហារ ដ្បិតកុមារក្នុងមណ្ឌលភាគច្រើន មានកាយសម្បទាមិនសូវរឹងមាំ ហើយការផ្ដល់នូវជំនួយនេះ នឹងអាចជួយលើកកម្ពស់សុខភាព និងការលូតលាស់រាង្គកាយ ក៏ដូចជាទប់ស្កាត់នូវជំងឺផ្សេងៗរបស់ពួកគេទៀតផង។

ឆ្លៀតឱកាសនោះដែរ លោកស្រី ហេង សុទ្ធាវី អគ្គនាយិកាក្រុមហ៊ុនខាងលើ បានសម្ដែងក្ដីរីករាយ សម្រាប់ការចែករំលែកក្ដីស្រលាញ់ដល់កុមារនៅមណ្ឌលមែកឈើ បន្ទាប់ពីក្រុមហ៊ុនបានរៀបចំកម្មវិធីប្រកួតប្រជែងធ្វើម្ហូបពីត្រីខយ៉ូសថ្មី ហើយនាំម្ចាស់ពាន មកធ្វើម្ហូបឲ្យកុមារទាំងអស់ បានញាំជុំគ្នា ភ្ជាប់ជាមួយការលេងនូវល្បែងប្រជាប្រិយកម្សាន្ដ ដូចជាលេងលាក់កន្សែង ខ្លែងឆាប់កូនមាន់ និងដណ្ដើមស្លឹកឈើជាដើម មុនឈានដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលឆាប់ៗខាងមុខ។

ដើម្បីរួមចំណែកលើកកម្ពស់សុខភាព និងការលូតលាស់របស់កុមារ ក៏ដូចជាជួយសម្រាលដល់ការចំណាយ ក្រុមហ៊ុនបានប្រកាសផ្ដល់ការឧបត្ថម្ភនូវទឹកសណ្ដែកសៀងយ៉ូស ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ដល់កុមារក្នុងមណ្ឌលទាំងអស់ ដោយម្នាក់ៗ ទទួលបាន ១ប្រអប់រៀងរាល់ថ្ងៃ រហូតដល់ដំណាក់ឆ្នាំ២០២៦។ លើសពីនេះ លោកស្រីក៏បានអំពាវនាវដល់សប្បុរសជន និងក្រុមហ៊ុននានា ក្នុងការរួមគ្នាជួយដល់មណ្ឌល ដើម្បីបំពេញនូវតម្រូវការខ្វះខាត ហើយជួយឲ្យកុមារទាំងអស់ រស់នៅបានសមរម្យ និងមានលទ្ធភាពរៀនសូត្របន្ដទៅមុខទៀតផងដែរ៕