FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលក្រុងបាវិត ជូនដំណឹងការអនុវត្តគម្រោងស្ថាបនាប្រព័ន្ធបណ្តាញលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់

20-03-2026 21:14

(ស្វាយរៀង)៖ រដ្ឋបាលក្រុងបាវិត នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាទឹកកខ្វក់ក្នុងក្រុងបាវិត រាជរដ្ឋាភិបាលកម្ពុជា បានទទួលប្រាក់ក្រោមហិរញ្ញប្បទានសហ ប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ (Liable Cities Investment Project) ដោយបានកំពុងស្ថាបនាប្រព័ន្ធបណ្តាញលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងបាវិត ខេត្តស្វាយរៀង ដែលជាសមិទ្ធផលមានតម្លៃសម្រាប់សុខុមាលភាពប្រជាពលរដ្ឋទូទៅក្នុងក្រុងបាវិត។

ដើម្បីឲ្យដំណើរការសាងសង់អាចប្រព្រឹត្តទៅបានតាមបច្ចេកទេស និងទាន់ពេលវេលា ក្រុមហ៊ុន ប៉េជើង អឺបិន ខនស្ត្រាក់ សិនគ្រុប ខូអិលធីឌី នឹងអនុវត្តការងារចុះកាយដីរៀបចំប្រព័ន្ធលូទឹកកខ្វក់ នៅតាមគន្លងថ្មើរជើងតាមបណ្តោយ ផ្លូវជាតិលេខ១ និងតាមបណ្តាផ្លូវផ្សេងៗ ស្ថិតក្នុងសង្កាត់បាវិត និងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

រដ្ឋបាលក្រុងបាវិត បានបញ្ជាក់ថា ចំពោះអ្នកដែលមានសំណង់ ឬសម្ភាររំលោភ លើដីចំណីផ្លូវសាធារណៈ មេត្តារុះរើចេញជាកំហិតឲ្យបានឆាប់រហ័ស គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងករណីប្រជាពលរដ្ឋ នៅតែមិនទាន់អនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុង នឹងសហការជាមួយក្រុម ការងារបច្ចេកទេសចុះរៀបចំ រុះរើ កាយដី និងឈូសឆាយ ដោយមិនទទួលខុសត្រូវលើរាល់ការខូចខាត ឬ បាត់បង់ទ្រព្យសម្បត្តិឡើយ។

រដ្ឋបាលក្រុងបាវិត សង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់អាជីវកម្ម និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការ ដើម្បីឱ្យគម្រោង អភិវឌ្ឍន៍ដ៏មានសារៈសំខាន់នេះ ទទួលបានជោគជ័យសម្រាប់ជាប្រយោជន៍រួមរបស់ក្រុងបាវិតយើង៕