FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត គុណ ញឹម នាំយកអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគល់ជូនកងកម្លាំងប្រដាប់អាវុធ ៣អង្គភាព ក្នុងខេត្តបន្ទាយមានជ័យ

20-03-2026 20:52

(បន្ទាយមានជ័យ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់ជូនកងកម្លាំងប្រដាប់អាវុធចំនួន ៣ អង្គភាព ក្នុងខេត្តបន្ទាយមានជ័យ រួមមាន៖យុទ្ធភូមិភាគទី៥ប្រចាំទិសទី១, តំបន់ប្រតិបត្តិការសឹករងខេត្ត និងវីរៈការពារព្រំដែនស្នងការដ្ឋាននគរបាល។

ការប្រគល់អំណោយជូនកងកម្លាំងប្រដាប់អាវុធនេះ បានប្រព្រឹត្តនៅសាលាស្រុកអូរជ្រៅ ដោយមានការចូលរួមពីលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត, លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, តំណាងអង្គភាពកងកម្លាំង ប្រដាប់អាវុធនីមួយៗ ព្រមទាំងអាជ្ញាធរ មូលដ្ឋានពាក់ព័ន្ធ។

លោកបណ្ឌិត គុណ ញឹម បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ និងគិតគូរជានិច្ចចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធទាំងអស់។

ក្នុងឱកាសនោះលោកបណ្ឌិត បានថ្លែងនូវការគោរពដឹងគុណជូនដល់យុទ្ធជនទាំងអស់របស់កម្ពុជា ដែលបានតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញក្នុងសមរភូមិ ប្រយុទ្ធទល់នឹង អំពើឈ្លានពានយ៉ាងកម្រោលពីសំណាក់យោធាថៃ និងការបន្តឈរជើងយ៉ាងអង់អាចប្រកបដោយ ស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ ជានិច្ចដើម្បីការពារបូរណភាពទឹកដី និងសុវត្ថិភាពប្រជាពលរដ្ឋ។

លោកបណ្ឌិត ក៏បានបញ្ជាក់បន្ថែមថា ការនាំយកអំណោយពេលនេះ ក៏ដូចជាពេលកន្លងមកបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ព្រមទាំងស្មារតីគាំទ្រ និងការផ្សារភ្ជាប់រវាងសមរភូមិក្រោយជាមួយសមរភូមិមុខ ដើម្បីលើកទឹកចិត្តដល់វីរៈកងទ័ពកម្ពុជាទាំងអស់។

អំណោយសម្រាប់ប្រគល់ជូនកងកម្លាំងប្រដាប់អាវុធទាំង ៣ អង្គភាពរួមមាន អង្ករ ៣៥ តោន, ទឹកដោះគោខាប់ ៩០ កេស, មីខ្លាឃ្មុំ ៤៣១កេស, នំទាហាន ៧២ កេស, សាច់ក្រក ២១ កេស, ត្រីងៀតឆ្អិន (១កញ្ចប់ ៤ខាំ) ៧ កេស,ត្រីងៀតឆៅ ៣ កេស, ឆៃប៉ូវ (១កំប៉ុង ០,៥ គ.ក្រ)៩០០ កំប៉ុង, នំប្រៃដូង GLUCOSE ២៣៧ កេស, បារី ១១០ ប៊ិច, ត្រីខ (១កេស ១០០កំប៉ុង) ៩០ កេស, កញ្ចប់ច្រករួច (ទឹកត្រី១ដប ទឹកស៊ីអ៊ីវ១ដប ត្រីខ ៥កំប៉ុង) ៩០០ កញ្ចប់, វីតាមីនជំនួយកម្លាំង Berocca ១៥ កេស, ថ្នាំបំបាត់ការឈឺចាប់ Panamax ៤៦០០ បន្ទះ, ទឹកក្រូច V-Cola 600ml ២២០ កេស, កាហ្វេ STARBUCKS ៥៥ កេស, ទឹកដោះគោស្រស់ 110ml ៣០០ កេស, កាហ្វេកញ្ចប់ 3 in 1 ២០ កេស, អំបុក ៣៩១៨ ដប, បាយក្តាំង ៣៤០ កញ្ចប់តូច, ស្ករស (១គក្រ/កញ្ចប់) ១០០០ កញ្ចប់, សាច់ផាត់ 250g ៩០ កញ្ចប់, Solar Power Station ១០៦ ឈុត, សាប៊ូលាងចាន (១កេស ២៤ដប) ៣០ កេស, ចង្រ្កានហ្គាស ៥០០ គ្រឿង, កំប៉ុងហ្កាស ៧០០ កំប៉ុង, ទឹកសុទ្ធ vital 500ml ២៩០ កេស, ថវិកា ២០ លានរៀល។

គួរបញ្ជាក់ថា ចាប់តាំងពីពេលមានសង្គ្រាមឈ្លានពានពីសំណាក់ យោធាថៃ មកលើកម្ពុជា កាលពីដើមខែធ្នូ ឆ្នាំ២០២៥ កន្លងមកនេះ សមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា បាននាំ យកអំណោយ ជូនដល់វីរៈកងទ័ពជួរមុខជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្រខេត្តសៀមរាប, ខេត្តបន្ទាយមានជ័យ, ខេត្តពោធិ៍សាត់, ខេត្តកោះកុង, ខេត្តព្រះវិហារ និង ខេត្តឧត្តរមានជ័យ៕