FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងសុខាភិបាល កោតសរសើរលទ្ធផល និងសមិទ្ធផលដែលមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង សម្រេចបាននាឆ្នាំកន្លងមក និងជំរុញឲ្យបន្តអភិវឌ្ឍន៍សមិទ្ធផលថ្មីៗ បន្ថែមទៀត

20-03-2026 20:43

(កំពង់ឆ្នាំង)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, ប្រធានមន្ទីរសុខាភិបាល, ប្រធានមន្ទីរពេទ្យបង្អែកខេត្ត, ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល, ថ្នាក់ដឹកនាំមន្ទីរពេទ្យខេត្ត, ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ, មណ្ឌលសុខភាព, ប៉ុស្តិ៍សុខភាព, អភិបាលក្រុង-ស្រុកទាំង៨, មន្ទីរជំនាញពាក់ព័ន្ធ, តំណាងគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព, តំណាងអ្នកស្ម័គ្រចិត្ត, តំណាងអង្គការដៃគូអភិវឌ្ឍន៍ និងតំណាងសេវាឯកជន។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងអំពីលទ្ធផល និងសមិទ្ធផលនានាជាច្រើនដែលមន្ទីរសុខាភិបាលសម្រេចបានក្នុងឆ្នាំ២០២៥កន្លងមក បញ្ជាក់ជូនថ្នាក់ដឹកនាំ និងអង្គសន្និបាតឲ្យបានជ្រាបផងដែរ។

ក្នុងនោះថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលខេត្ត ក៏បានធ្វើបទបង្ហាញស្ដីពីកម្មវិធីប្រយុទ្ធជំងឺមិនឆ្លង, កម្មវិធីសុខភាពបន្តពូជ, សុខភាពមាតា, ទារក, កុមារ និងអាហាររូបត្ថម្ភ, កម្មវិធីប្រយុទ្ធនិងជំងឺឆ្លងនិយ័តកម្មសុខាភិបាល និងបទបង្ហាញមេរៀនបទពិសោធន៍ការផ្ដល់សេវាសាធារណៈគំរូរបស់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ដោយមានការដឹកនាំពិភាក្សាតាមប្រធានបទនីមួយៗប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ចំពោះសមិទ្ធផលរីកចម្រើនថ្មីៗ ដែលមន្ទីរសុខាភិបាលខេត្តទទួលបានក្នុងរយៈពេល១ឆ្នាំកន្លងមកក្រោមការដឹកនាំគាំទ្រយ៉ាងសកម្ម និងឈ្លាសវៃរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការណែនាំរបស់លោកអភិបាលខេត្ត និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកគ្រប់លំដាប់ថ្នាក់ នៃប្រព័ន្ធសុខាភិបាលផងដែរ។

ទន្ទឹមនិងទទួលបាននូវសមិទ្ធផលដែលសម្រេចបានយ៉ាងសន្ធឹកសន្ធាប់ដូចបានរាយការណ៍ជូនខាងលើ មន្ទីរសុខាភិបាល និងខិត ខំបន្តពង្រឹងការកែលម្អនូវចំណុចខ្វះខាតមួយចំនួនបន្ថែមទៀត ពិសេសទាំងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកសុខាភិបាលទាំងអស់ បន្តសហការគ្នាបំពេញការងារប្រកបដោយបុរេសកម្ម ដើម្បីធានាបានការបម្រើសេវាឲ្យកាន់តែល្អប្រសើរ និងនៅកៀក និងប្រជាជនគ្រប់ពេលវេលា។

សម្រាប់ទិសដៅការងារឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ផ្ដោតសំខាន់លើការបង្កើនការទទួលបានសេវាថែទាំសុខភាព ការលើកកម្ពស់គុណភាព និងសុវត្ថិភាព នៃការថែទាំសុខភាព ការគាំពារហិរញ្ញវត្ថុការ ពង្រឹងសន្តិសុខសុខភាព ការពង្រឹងសមត្ថភាព និងការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល។ ពិសេសធ្វើការពង្រឹងតួនាទីមន្ទីរពេទ្យបង្អែកគ្រប់កម្រិត ការបង្កើនសកម្មភាពអប់រំសុខភាព និងការពង្រីកការគ្របដណ្ដប់សេវាសុខភាព ជាពិសេសនៅតាមតំបន់ទីជនបទ ដើម្បីធានាបានការបម្រើសេវាកាន់តែល្អប្រសើរប្រកបដោយប្រសិទ្ធភាពខ្ពស់។

នាឱកាសនោះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ អំពីលទ្ធផលការងារ និងការកើនឡើងនូវសមិទ្ធផលនានាជាច្រើន ដែលមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង សម្រេចបាននាឆ្នាំកន្លងមក។

លោករដ្ឋមន្ត្រីក៏បានបន្តជំរុញការងារដល់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក្នុងការបន្តសហការគ្នាបំពេញការងារប្រកបដោយបុរេសកម្មបន្ថែមទៀត ដើម្បីធានាដល់ការបម្រើសេវាឲ្យកាន់តែល្អប្រសើរ ព្រមទាំងបានណែនាំឲ្យពង្រឹងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត ធ្វើយ៉ាងណាធានាដល់ការបម្រើសេវាដល់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវខិតខំប្រឹងប្រែងរួមគ្នា លើកស្ទួយវិស័យសុខាភិបាលកម្ពុជាឲ្យកាន់តែល្អប្រសើរឡើង និងយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាព ព្រមទាំងឥរិយាបទ ក្នុងការបំពេញការងារប្រកបដោយវិជ្ជាជីវៈ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រីបានស្នើឲ្យមន្ត្រីសុខាភិបាលគ្រប់ថ្នាក់បង្កើនការយកចិត្តទុកដាក់ ក្នុងការបំពេញការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាននិងសហគមន៍ ព្រមទាំងបន្តយកចិត្តទុកដាក់លើបញ្ហាសុខភាពសាធារណៈ។ លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឲ្យមន្ត្រីសុខាភិបាល បន្តយកចិត្តទុកដាក់រៀបចំផែនការអភិវឌ្ឍន៍មណ្ឌលសុខភាពរបស់ខ្លួននព្រមទាំងអនុវត្តការងារដោយទំនួលខុសត្រូវននិងកុំយឺតយ៉ាវដើម្បីលើកស្ទួយវិស័យសុខាភិបាលកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង។

លោកក៏បានសង្កត់ធ្ងន់លើការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងការសហការគ្នារវាងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដើម្បីផ្ដល់សេវាសុខភាពប្រកបដោយគុណភាពសុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ជូនប្រជាពលរដ្ឋ និងត្រូវប្រចាំការជាប់ជានិច្ច២៤ម៉ោង៕