FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី កែវ រតនៈ ៖ «រាជរដ្ឋាភិបាលកម្ពុជា បន្តរួមសុខ រួមទុក្ខ និងមិនបោះបង់បងប្អូនឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ»

20-03-2026 20:32

(ពោធិ៍សាត់)៖ ក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ ជាមួយបងប្អូនកម្មករ កម្មការិនី និងនិយោជិតប្រមាណជិត ២,០០០នាក់ នៃរោងចក្រ «លានហ្វាហេងយូ» និងរោងចក្រ «ប៉ូលស្តា» ហ្គាមិន ឯ.ក នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦, លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានលើកឡើងថា «ទោះក្នុងគ្រាសប្បាយ ឬគ្រាលំបាក វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រុមការងាររាជរដ្ឋាភិបាល គឺតែងតែនៅជាប់ជាមួយបងប្អូនជានិច្ច មិនបោះបង់បងប្អូនចោលនោះឡើយ»។

លោករដ្ឋមន្ត្រី បានលើកឡើងបែបនេះ នៅក្នុងបរិវេណរោងចក្រ ស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន ដោយបានការចូលរួមពី លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុក-ឃុំ ទូទាំងស្រុកបាកាន យ៉ាងច្រើនកុះករ។

ក្នុងឱកាសដ៏ស្និទ្ធស្នាលនោះ លោក កែវ រតនៈ បានជម្រាបជូនថា វត្តមាននៃរោងចក្រនេះ គឺកើតមានតាំងពីឆ្នាំ២០១៤មក ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការបង្កើតទីផ្សារការងារ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងក្នុងតំបន់ ឱ្យពួកគាត់មានប្រាក់ចំណូលទៀងទាត់ និងមានជីវភាពកាត់តែប្រសើរឡើង។

លោកបានរំលឹកថា ពាក់ព័ន្ធនឹងការឡើងថ្លៃប្រេង និងឧស្ម័ន ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ានោះ, រាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើការងានេះយ៉ាងយកចិត្តទុកដាក់ ក្នុងការទម្លាក់ពន្ធគ្រប់ប្រភេទ ដើម្បីទប់ស្កាត់កុំឱ្យតម្លៃប្រេង ឬឧស្ម័នហក់ឡើងខ្ពស់ហួសហេតុ និងបានសង្កត់ធ្ងន់ថា ស្ថានភាពនេះនឹងមិនកើតមានរយៈពេលយូរនោះទេ។

លោករដ្ឋមន្ត្រីបន្ថែមថា ទោះក្នុងគ្រាសប្បាយ ឬគ្រាលំបាក វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រុមការងាររាជរដ្ឋាភិបាល គឺតែងតែនៅជាប់ជាមួយបងប្អូនជានិច្ច មិនបោះបង់បងប្អូនចោលនោះឡើយ។ ជាក់ស្តែង ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានតាមបណ្តាក្រុងស្រុក ឃុំសង្កាត់ ទូទាំងខេត្តពោធិ៍សាត់ តែងតែចុះផ្ទាល់ដើម្បីដោះស្រាយបញ្ហាប្រឈម និងស្តាប់ក្តីកង្វល់របស់បងប្អូនគ្រប់ពេលវេលា។

លោកក៏បានរំលឹកផងដែរ អំពីយន្តការសន្តិវិធី និងយន្តការច្បាប់អន្តរជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់ ក្នុងការដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ដែលនេះគឺជាសក្ខីភាព នៃការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការទប់ស្កាត់ការពង្រីកជម្លោះ មិនបង្កមហន្តរាយដល់អាយុជីវិតកងកម្លាំង និងប្រជាពលរដ្ឋស្លូតត្រង់។

ទន្ទឹមនឹងនេះ លោក កែវ រតនៈ ក៏បានលើកឡើងបន្ថែមនូវ សសរស្តម្ភសំខាន់ៗចំនួន២ ដោយផ្តោតលើការធានាឱ្យបាននូវការផ្គត់ផ្គង់ថាមពល (ទាំងអគ្គិសនី និងប្រេងកាត) ឱ្យមាន ស្ថិរភាព និរន្តរភាព និងគ្រប់គ្រាន់ សម្រាប់តម្រូវការប្រើប្រាស់ទូទាំងប្រទេស ដើម្បីជាកម្លាំងចលករ ជួយដល់វិស័យកសិកម្ម ឧស្សាហកម្ម និងការដឹកជញ្ជូន ក៏ដូចជាវិស័យផ្សេងៗទៀត ឱ្យកាន់តែមានប្រសិទ្ធភាព។

លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បងប្អូនកម្មករ កម្មការិនីទាំងអស់ សូមឱ្យមានសាមគ្គីភាព ចេះជួយយកអាសាគ្នា និងប្រើប្រាស់ប្រេង ដោយលក្ខណៈសន្សំសម្ចៃខ្ពស់ ព្រមទាំងបន្តគាំទ្រលើប្រមុខរាជរដ្ឋាភិបាល ដើម្បីទាក់ទាញវិនិយោគិន ក៏ដូចជាក្រុមហ៊ុនតូចធំនានា មកបណ្តាក់ទុនវិនិយោគ ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ឱ្យមានការអភិវឌ្ឍរីកចម្រើនឡើង៕