FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការងារ ប្រកាសផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នបន្ថែម ២.៥ ដុល្លារ ក្នុងមួយខែ ចាប់ពីខែមេសា ២០២៦ ដោយសារវិបត្តិប្រេងឡើងថ្លៃ

20-03-2026 19:54

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដោយបានឯកភាពផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២.៥ ដុល្លារអាម៉េរិក (ពីរដុល្លារហាសិបសេន) ក្នុងមួយខែ ជូនកម្មករ និយោជិត។

តាមសេចក្តីជូនដំណឹងនេះ វិធានការថ្មីនឹងចាប់អនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ ដើម្បីជួយបន្ថយបន្ទុកចំណាយលើការធ្វើដំណើររបស់កម្មករ និងនិយោជិត នៅក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈកំពុងមានការឡើងថ្លៃ។

ក្រសួងបានបញ្ជាក់ថា ប្រាក់សោហ៊ុយនេះ គឺត្រូវផ្តល់បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ដែលសហគ្រាស ក្រុមហ៊ុន និងរោងចក្រ កំពុងអនុវត្តស្រាប់ ហើយនឹងបន្តអនុវត្តជាបណ្តោះអាសន្ន រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលត្រឡប់មករកប្រក្រតីភាពវិញ។

វិធានការនេះ ត្រូវបានមើលឃើញថា ជាជំហានមួយក្នុងការគាំទ្រសុវត្ថិភាពជីវភាពកម្មករ និងការរក្សាស្ថិរភាពក្នុងវិស័យឧស្សាហកម្ម ខណៈសេដ្ឋកិច្ចកំពុងប្រឈមនឹងការប្រែប្រួលតម្លៃថាមពលនៅលើទីផ្សារអន្តរជាតិ៕