ទិដ្ឋភាពពលរដ្ឋភៀសសឹកនៅជំរំវត្តកណ្តោល កំពុងរៀបចំសម្ភារៈមកស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន ដែលរដ្ឋាភិបាលរៀបចំ នៅឃុំស្លក្រាម ស្រុកស្វាយចេក (Video inside)
20-03-2026 19:36
(បន្ទាយមានជ័យ)៖ បន្ទាប់ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចាប់ឆ្នោតរេីសក្បាលដី ជូនដល់ជនភៀសសឹក ដើម្បីចូលរស់នៅជម្រកបណ្ដោះអាសន្ន ផ្ទះអតីតយុទ្ធជន ស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ បងប្អូនជនភៀសសឹកដែលចាប់ឆ្នោតបានមុន កំពុងមមាញឹករៀបចំសម្ភារៈនានា ដើម្បីធ្វើដំណើរមកស្នាក់នៅជម្រកបណ្តោះអាសន្ន ស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ពិធីចាប់ឆ្នោតបានធ្វើឡើងនាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ម្សិលមិញ មានការអញ្ជេីញចូលរួមជាអធិបតីភាពពីលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្ត និងមានការចូលរួមពីលោក ប្រាក់ ដាវីដ អនុប្រធានក្រុមការងាររាជដ្ឋបាលភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកថ្មពួក។
លោកអភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជម្រកបណ្ដោះអាសន្នផ្ទះអតីតយុទ្ធជន ដែលបងប្អូនស្នាក់នៅ គឺមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ មានទឹក និងមានភ្លើងប្រេីប្រាស់គ្រប់គ្រាន់។ហេីយដេីម្បីជួយសម្រួលដល់បងប្អូនជនភៀសសឹក រាជរដ្ឋាភិបាលជួយសម្រួលថ្លៃទឹក ថ្លៃភ្លើង ជូនបងប្អូនរយៈពេលពេញមួយឆ្នាំ (ដោយកំណត់មួុយខ្នងផ្ទះប្រេីប្រាស់តែ៣០គីឡូវ៉ាត់ ក្នុងមួយខែ)។
សូមបញ្ជាក់ថា ជាជំហានដំបូងនៃការចាប់ឆ្នោតជ្រេីសរេីសក្បាលដីផ្ទះ ត្រូវបានជ្រើសរើសយកពីរភូមិ ដំបូង ក្នុងមានភូមិបន្ទាយមានរិទ្ធ ចំនួន៥០៤គ្រួសារ និងភូមិសាមគ្គី៣១៨គ្រួសារ។ ចំពោះផ្ទះអតីតយុទ្ធ ដែលបងប្អូនភៀសសឹកត្រូវទៅស្នាក់នៅបណ្តោះអាសន្ន មានផ្ទៃដីទំហំ ២០គុណ៣០ម៉ែត្រ ព្រមទាំងមានបន្ទប់ទឹកប្រេីប្រាស់ផងដែរ។
បច្ចុប្បន្ន ក្រុមការងារកំពុងបន្តការងារសាងសង់ផ្ទះអតីតយុទ្ធ ដែលត្រៀមឱ្យជនភៀសសឹកស្នាក់បណ្តោះអាសន្ន សម្រេចបានប្រមាណ ៣០០ខ្នងផ្ទះហេីយ តាមការគ្រោងទុក នឹងបញ្ចប់ការសាងសង់ផ្ទះ ៣០០០ខ្នង ឱ្យឆាប់រួចរាល់មុនចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ៕
