ក្រសួងសាធារណការ៖ បណ្ណបើកបរយានយន្តដែលមានសុពលភាពអចិន្ត្រៃយ៍ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ជាកំហិត
20-03-2026 19:25
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីជូនដំណឹងស្តីពី បណ្ណបើកបរយានយន្តដែលអនុញ្ញាតឱ្យប្រើប្រាស់នៅកម្ពុជាបាន និងបានបញ្ជាក់ថា បណ្ណបើកបរយានយន្តដែលមានសុពលភាពអចិន្ត្រៃយ៍ ដែលធ្លាប់បានអនុញ្ញាតឱ្យប្រើនាពេលកន្លងមក ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ជាកំហិត និងស្នើឱ្យសាធារណជនប្តូរយកបណ្ណបើកបរយានយន្តគំរូថ្មីដែលមានសុពលភាព ១០ឆ្នាំ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ ដែលបណ្តាញព័ត៍មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា បណ្ណបើកបរយានយន្ត ដែលមានសុពលភាពអចិន្ត្រៃយ៍ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ជាកំហិត។ បណ្ណបើកបរយានយន្ត ដែលមានសុពលភាពរហូតដល់អាយុ ៦០ឆ្នាំគិតពីឆ្នាំកំណើត លោក លោកស្រី អាចបន្តប្រើប្រាស់បណ្ណបើកបរបានរហូតដល់ថ្ងៃអស់សុពលភាពដែលបាន កំណត់នៅលើបណ្ណនោះ។
ក្រសួងសាធារណការ បានបញ្ជាក់ទៀតថាចំពោះសាធារណជនដែលមានបំណងចង់ប្តូរយកបណ្ណបើកបរយានយន្តគំរូថ្មី (ដែលមានសុពលភាព ១០ឆ្នាំ) ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំប្តូរជូនទៅតាមនីតិវិធីជាធរមាន៕




