អភិបាលខេត្តស្ទឹងត្រែង អញ្ជើញចូលរួមប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារមណ្ឌលនៃក្តីស្រលាញ់ នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង
20-03-2026 17:23
(ស្ទឹងត្រែង)៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារមណ្ឌលនៃក្តីស្រឡាញ់ ដែលមានទីតាំងនៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង ដើម្បីបម្រើសេវាសុខាភិបាល និងសង្គ្រោះជីវិតប្រជាពលរដ្ឋ។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំង និស្សិតពេទ្យកំពុងសិក្សានៅខេត្តស្ទឹងត្រែង និងប្រជាពលរដ្ឋជាច្រើននាក់ ។
បើតាមការលើកឡើងរបស់ លោក អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា មណ្ឌលនៃក្តីស្រឡាញ់ខេត្តស្ទឹងត្រែង ត្រូវបានបង្កើតឡើង ដើម្បីធ្វើជាកន្លែងទទួលការបរិច្ចាគឈាមពីអ្នកស្ម័គ្រចិត្ត និងផ្តល់ឈាមជាបន្ទាន់ជូនដល់អ្នកជំងឺ ឬជនរងគ្រោះដែលមានតម្រូវការឈាមក្នុងស្ថានភាពបន្ទាន់។
លោកបន្ដថា ដោយមណ្ឌលនេះ ក៏ជាផ្នែកមួយសំខាន់ក្នុងការលើកកម្ពស់ប្រព័ន្ធសុខាភិបាលក្នុងខេត្ត ឱ្យមានសមត្ថភាពឆ្លើយតបទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ជាងមុន។ នឹង ដើម្បីជំរុញឱ្យប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងបន្តបង្កើនធនធានឈាមសម្រាប់សង្គ្រោះជីវិតមនុស្ស។
លោក សរ សុពុត្រា បានគូសបញ្ជាក់ថា ការបង្កើតមណ្ឌលនៃក្តីស្រឡាញ់ និងការដាក់ឱ្យដំណើរការកម្មវិធីធនាគារឈាមរស់នេះ គឺជាជំហានសំខាន់មួយ ក្នុងការពង្រឹងសេវាសុខាភិបាល និងធានាសុវត្ថិភាពជីវិតប្រជាពលរដ្ឋ។ លោកក៏បានបញ្ជាក់ថា ឈាម គឺជាធនធានដ៏មានតម្លៃ ដែលមិនអាចផលិតបានដោយឧបករណ៍ណាមួយឡើយ ហើយអាស្រ័យតែលើការចូលរួមដោយស្ម័គ្រចិត្តពីមនុស្សម្នាក់ៗប៉ុណ្ណោះ។
ក្នុងនាមអាជ្ញាធរខេត្ត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន និងកងកម្លាំងប្រដាប់អាវុធ ចូលរួមយ៉ាងសកម្មក្នុងការបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ និងជនរងគ្រោះដែលកំពុងត្រូវការជំនួយបន្ទាន់។ លោកក៏បានបញ្ជាក់ថា រដ្ឋបាលខេត្ត នឹងបន្តគាំទ្រ និងលើកកម្ពស់វិស័យសុខាភិបាល ឱ្យកាន់តែប្រសើរឡើង ដើម្បីបម្រើប្រជាពលរដ្ឋឱ្យមានគុណភាពជីវិតល្អប្រសើរ។
លោកសរ សុពុត្រា បានវាយតម្លៃខ្ពស់ចំពោះមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងសហការរៀបចំ និងអនុវត្តគម្រោងនេះឱ្យសម្រេចបានជោគជ័យ ដែលបានចូលរួមគាំទ្រដល់ការបង្កើតមណ្ឌលនៃក្តីស្រឡាញ់នេះ ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការជួយសង្គ្រោះជីវិតមនុស្ស នៅក្នុងខេត្តស្ទឹងត្រែង និងអាចជួយដល់ខេត្តមួយចំនួន នៅជាប់ខេត្តស្ទឹងត្រែងផងដែរ៕





















