FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តបាត់ដំបង ដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងអគារពាក់ព័ន្ធបទល្មើស Online Scam ដែលបានបិទកន្លងមក

20-03-2026 16:50

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារអញ្ជើញចុះត្រួតពិនិត្យនៅតាមទីតាំងអគារសង្ស័យពាក់ព័ន្ធបទល្មើសស្គែមអនឡាញដែលបានបិទកន្លងមក នៅក្នុងមូលដ្ឋានស្រុកភ្នំព្រឹក និងស្រុកកំរៀង។

ក្នុងឱកាសនោះ លោក សុខ លូ បានណែនាំអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការការពារ និងត្រួតពិនិត្យឱ្យបានហ្មត់ចត់នៅតាមទីតាំងអគារសង្ស័យពាក់ព័ន្ធបទល្មើស ស្គែមអនឡាញដែលបានបិទសៀលកន្លងមក និងហាមដាច់ខាតមិនឱ្យអ្នកដែលគ្មានភារកិច្ចចូល ថែរក្សាវត្ថុតាង និងសម្ភារនានាកុំឱ្យបាត់បង់ ដើម្បីទុកចាត់ចែងទៅតាមនីតិវិធីច្បាប់បន្តទៀត។

អភិបាលខេត្តបានអំពាវនាវប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលអគារ ផ្ទះ និងទីកន្លែងស្នាក់នៅផ្សេងៗទៅឱ្យជនបរទេស ជាពិសេសត្រូវពិនិត្យឯកសារធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវមុនពេលជួលឱ្យ ចៀសវាងមានការជាប់ពាក់ព័ន្ធនឹងបទល្មើសស្គែមអនឡាញ និងត្រូវសង្កេតចាប់អារម្មណ៍ចំពោះអ្នកស្នាក់នៅជាក្រុម មានភ្ជាប់អ៊ីនធើណិតទំហំធំៗគួរឱ្យសង្ស័យសូមបងប្អូនប្រជាពលរដ្ឋចូលរួមសហ
ការផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ចជាបន្ទាន់ដើម្បីមានវិធានការចុះត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា។

សូមជម្រាបថា អនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា យុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងមូលដ្ឋានខេត្តបាត់ដំបង ត្រូវបានទប់ស្កាត់យ៉ាងមាន ប្រសិទ្ធភាពបំផុត ខណៈរដ្ឋបាលខេត្តបានបង្កើនវិធានការរដ្ឋបាលលើទីតាំងប្រមូលផ្ដុំជនបរទេសដែលជាមុខសញ្ញាឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតសំដៅទប់ ស្កាត់ឱ្យនូវមុខសញ្ញាប្រព្រឹត្តដំណើរការឆបោកតាម ប្រព័ន្ធអនឡាញ៕