FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីសុខាភិបាល៖ អ្នកផ្តល់ឈាមគ្រប់រូប គឺជាអ្នកផ្តល់នូវក្តីសង្ឃឹមថ្មី និងជីវិតថ្មីជូនអ្នកជំងឺ ដែលត្រូវការឈាម នៅតាមមន្ទីរពេទ្យនានា

20-03-2026 16:26

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងថា ការបរិច្ចាគឈាម គឺជាសកម្មភាពដែលមានវីរភាព ព្រោះអ្នកផ្តល់ឈាមគ្រប់រូប គឺជាអ្នកផ្តល់នូវជីវិតថ្មី ជាអ្នកដែលសាបព្រោះនូវក្តីសង្ឃឹមថ្មី ជូនចំពោះអ្នកជំងឺ ដែលមានតម្រូវការឈាម នៅតាមមន្ទីរពេទ្យនានា។

ការថ្លែងរបស់លោកសាស្ត្រាចារ្យ ធ្វើឡើងនៅក្នុងឱកាសអញ្ជើញ ជាអធិបតីភាពក្នុងកម្មវិធី បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម យើងរួមគ្នាសង្គ្រោះជីវិត» ដែលរៀបចំដោយមន្ទីរពេទ្យកាល់ម៉ែត។

ពិធីនេះមានការនិមន្តចូលរួមពីព្រះឧត្ដមវង្សា បណ្ឌិត គូ សុភាព សមាជិកថេរសភានៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា, លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត, លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម, លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ម៉រ គ្រុប (ទឹកពិសាវីតាល់), សប្បុរសជន និងក្មួយៗនិស្សិតជាច្រើនរូបទៀតផងដែរ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា «ការបរិច្ចាគឈាម គឺជាសកម្មភាពវីរភាព ព្រោះអ្នកផ្តល់ឈាមគ្រប់រូប គឺជាអ្នកផ្តល់ជីវិត និងជាអ្នកសាបព្រោះនូវក្តីសង្ឃឹមថ្មី ជូនអ្នកជំងឺដែលមានតម្រូវការឈាមនៅទូទាំងប្រទេស។ លោហិតដែលចេញពីរាង្គកាយ របស់អ្នកបរិច្ចាគគ្រប់ៗរូប នឹងក្លាយជាឱសថដ៏ស័ក្តិសិទ្ធិបំផុត សម្រាប់សង្គ្រោះជីវិតបងប្អូនជនរួមជាតិ ដែលកំពុងស្ថិតក្នុងស្ថានភាពអាសន្ននៅតាមមន្ទីរពេទ្យនានា»

ការផ្តល់ឈាមអាចជួយជីវិតមនុស្សបានច្រើន ទាំងមាតា ទារក អ្នកជំងឺត្រូវវះកាត់ និងអ្នកដែលត្រូវការសង្គ្រោះដោយគ្រោះថ្នាក់ផ្សេងៗជាដើម ដើម្បីសង្គ្រោះជីវិតអ្នកជំងឺបានកាន់តែប្រសើរឡើង។ មួយវិញទៀតការបរិច្ចាគឈាម គឺជាការបង្ហាញអំពីការប្តេជ្ញាចិត្ត នៅក្នុងសកម្មភាពមនុស្សធម៌ សមធម៌ និងមានអត្ថន័យយ៉ាងទូលំទូលាយ លើសពីការផ្តល់ឈាមទៅទៀតនោះ គឺជីវិត។ នេះជាការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល។

លោកសាស្ត្រាចារ្យ ឈាង រ៉ា បានបន្តថា «ការផ្តល់ឈាមដោយការស្ម័គ្រចិត្តនេះ គឺយើងត្រូវការការចូលរួមពីគ្រប់ក្រុមសប្បុរសជនទាំងអស់ ជាពិសេសយុវវ័យ យុវជន និស្សិត ក៏ដូចជាបុគ្គលិកមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ដែលស្ថិតនៅក្នុងវ័យកំពុងតែពេញកម្លាំង។ ជាពិសេសការចូលរួមនេះ គឺត្រូវចូលរួមដោយការស្ម័គ្រចិត្ត និងទៀងទាត់ ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីឱ្យការផ្តល់ឈាមដោយស្ម័គ្រចិត្តនេះ អាចឈានទៅសម្រេចបាន ១០០ ភាគរយនៅទូទាំងប្រទេស»

ទន្ទឹមនឹងនេះរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាមទាំងអស់គ្នា ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ដែលមានជារៀងរាល់ថ្ងៃ និងដើម្បីធានាថា «ពុំមានអ្នកដែលត្រូវការឈាមណាម្នាក់ រង់ចាំការផ្តល់ឈាមក្នុងរយៈពេលយូរឡើយ»។ ហើយការផ្តល់ឈាមនេះ គឺកិច្ចការងារមួយដែលពិសេស ដែលមិនមែនគ្រាន់តែជាតម្រូវការវេជ្ជសាស្ត្រទេ វាជាតម្រូវការនៃសង្គម
នៃក្តីមេត្តាករុណា មនុស្សធម៌របស់សង្គមជាតិយើងទាំងមូល។

នៅក្នុងឱកាសនោះលោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនាពេលនេះ គឺជាលើកទី១២ហើយ នៃយុទ្ធនាការក្នុងមនុស្សធម៌ដ៏ប្រពៃ ដែលមន្ទីរពេទ្យកាល់ម៉ែត តែងតែរៀបចំកម្មវិធីបរិច្ចាគឈាម ជារៀងរាល់ឆ្នាំរហូតមកដល់បច្ចុប្បន្ន។ កម្មវិធីនេះ មិនមែនគ្រាន់តែជាកម្មវិធីបរិច្ចាគឈាមធម្មតានោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃសាមគ្គីភាព និងទឹកចិត្តមេត្តាធម៌របស់ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រួមទាំងបងប្អូនសប្បុរសជននានា ដែលជាក្រុមគ្រួសារ និងសាច់ញាតិរបស់អ្នកជំងឺ ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ ការព្រួយបារម្ភ ទឹកចិត្តលះបង់ និងការស្វះស្វែប្រើគ្រប់វិធីសាស្ត្រព្យាបាល ក្នុងបុព្វហេតុជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺ។

ជាមួយគ្នានេះលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏បានឱ្យដឹងដែរថា ស្ថានភាពតម្រូវការឈាមក្នុងឆ្នាំ២០២៣កន្លងមក៖ យើងត្រូវការឈាមមួយប្លោក ដើម្បីសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់ ៦ នាទីម្តង។ តម្រូវការឈាមជាមធ្យម ៣៥០ ប្លោក ក្នុងរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសកន្លងមកមានសរុប ២១២,៤២៨ ប្លោក ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជិត ៧៥% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស៕