មន្ទីរពេទ្យព្រះអង្គឌួង បំពាក់ម៉ាស៊ីនឡាស៊ែរថ្មី ជាបច្ចេកវិទ្យាទំនើបចុងក្រោយ និងមានតែមួយគត់នៅកម្ពុជា សម្រាប់ព្យាបាលជំងឺភ្នែកស្ងួត និងបញ្ហាសុខភាពភ្នែក
20-03-2026 16:12
(ភ្នំពេញ)៖ លោកស្រីសាស្ត្រាចារ្យជំនួយ ជុកម៉ុល កុសុម៉ា នាយករងមន្ទីរពេទ្យព្រះអង្គឌួង បានឱ្យដឹងថា ជំងឺភ្នែកស្ងួត គឺជាជំងឺមួយដែលតែងតែជួបប្រទះច្រើនជាងគេ ក្នុងចំណោមប្រជាជនទាំងអស់ មិនថាវ័យក្មេង ឬចាស់នោះទេ ដែលឧស្សាហ៍មើលអេក្រង់(កុំព្យូទ័រ/ទូរស័ព្ទ) ច្រើន ដូចជាបុគ្គលិកធនាគារ បុគ្គលិកការិយាល័យ, អ្នកនៅកន្លែងស្ងួត ខ្យល់ច្រើន ឬប្រើម៉ាស៊ីនត្រជាក់គ្រប់ពេល អ្នកពាក់ contact lens ជាប្រចាំ ការផ្លាស់ប្តូអរម៉ូន ពិសេសស្ត្រីក្រោយមានផ្ទៃពោះ ការប្រើថ្នាំមួយចំនួនដូចជាថ្នាំប្រឆាំងអាលែហ្ស៊ី, ថ្នាំបន្ធូរការតឹងច្រមុះ, ថ្នាំ antidepressants និងជំងឺរលាកសន្លាក់។
ជំងឺស្ងួតភ្នែកនេះ នឹងធ្វើឱ្យអ្នកជំងឺមានអាការ ក្តៅ ផ្សា ក្រហាយ និងភ្នែកក្រហម មើលមិនច្បាស់ ឬភ្នែកឆាប់នឿយហត់ មានអារម្មណ៍ខ្លាចពន្លឺ រកាំ និងមានអារម្មណ៍ដូចជាមានអ្វីមួយនៅក្នុងភ្នែក មានចេញទឹកភ្នែកច្រើនជាដើម។ ក្នុងករណីអ្នកជំងឺភ្នែកស្ងួតមិនទទួលការព្យាបាលត្រឹមត្រូវ នោះនឹងអាចនាំឲ្យមានបញ្ហាគំហើញ និងប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃផងដែរ។
លោកស្រីសាស្ត្រាចារ្យជំនួយ បានបន្ថែមថា ដើម្បីបង្កើនសមត្ថភាពក្នុងការព្យាបាល មន្ទីរពេទ្យព្រះអង្គឌួង បានបំពាក់ម៉ាស៊ីនឡាស៊ែរ IPL (Intense Pulsed Light) ដែលមានតែមួយគត់នៅប្រទេសកម្ពុជា ហើយម៉ាស៊ីននេះបាននាំចូលពីសហរដ្ឋអាមេរិក និងទទួលស្គាល់ជាសកលលោក។ បច្ចេកវិទ្យា IPL ឬ Intense Pulsed Light គឺជាដំណោះស្រាយទំនើបចុងក្រោយក្នុងការព្យាបាលជំងឺភ្នែកស្ងួត ដែលមិនមានការវះកាត់ និងជួយកាត់បន្ថយការប្រើប្រាស់ថ្នាំបន្តក់ភ្នែកច្រើនដង។ ការប្រើប្រាស់ IPL គឺជាការប្រើប្រាស់ពន្លឺកម្រិតខ្ពស់ទៅលើស្បែកជុំវិញត្របកភ្នែក ដែលជួយកាត់បន្ថយសរសៃឈាមដែលរលាក និងកម្ចាត់បាក់តេរី ដែលបង្កឱ្យមានការរលាកត្របកភ្នែក។
អត្ថប្រយោជន៍ដ៏សំខាន់បំផុតគឺ IPL ជួយផ្ដល់កម្ដៅដល់ក្រពេញខ្លាញ់ Meibomian ដើម្បីរំលាយខ្លាញ់ដែលកកស្ទះ ធ្វើឱ្យស្រទាប់ទឹកភ្នែកមានគុណភាពល្អ ភ្នែកមានសំណើម និងផាសុកភាព។ ការព្យាបាលនេះចំណាយពេលប្រហែល ១៥ ទៅ ២០ នាទី និងមិនមានការឈឺចាប់ខ្លាំងនោះទេ។
លើសពីនេះ មន្ទីរពេទ្យព្រះអង្គឌួងមានឧបករណ៍វិភាគភ្នែកស្ងួត (Dry Eye Analyzer) គឺជាប្រព័ន្ធថតរូបភាព
វេជ្ជសាស្ត្រកម្រិតខ្ពស់ ប្រើសម្រាប់ពិនិត្យសុខភាពផ្ទៃភ្នាសភ្នែក (ocular surface) និងស្រទាប់ទឹកភ្នែកដោយមិនមានការឈឺចាប់។ ឧបករណ៍នេះ ជួយឱ្យគ្រូពេទ្យអាចកំណត់រោគវិនិច្ឆ័យបានច្បាស់លាស់ថាតើបញ្ហាភ្នែកស្ងួតបណ្តាលមកពីការខ្វះជាតិទឹកភ្នែក (Aqueous-deficient) ឬការឆាប់ហួតខ្លាំង (Evaporative) ដែលផ្តល់ភាពងាយស្រួលក្នុងការរៀបចំផែនការព្យាបាលឱ្យចំគោលដៅ និងតាមដានប្រសិទ្ធភាពនៃការព្យាបាលបានយ៉ាងត្រឹមត្រូវ។
នាយករងមន្ទីរពេទ្យព្រះអង្គឌួង បានឱ្យដឹងទៀតថា បន្ទាប់ពីអ្នកជំងឺទទួលការវិភាគភ្នែកដោយឧបករណ៍វិភាគភ្នែកស្ងួត (Dry Eye Analyzer) រួច អ្នកជំងឺនឹងត្រូវទទួលការព្យាបាលបញ្ហាភ្នែកស្ងួតអាស្រ័យតាមកម្រិត ដូចជាការប្រើប្រាស់ទឹកភ្នែកសិប្បនិម្មិត (Artificial Tears) ក្នុងកម្រិតដំបូង និងការព្យាបាលដោយបច្ចេកវិទ្យាទំនើបដូចជាការស្អំភ្នែក (Nebulizer) និងការព្យាបាលដោយ IPL (Intense Pulsed Light) ក្នុងកម្រិតមធ្យមទៅធ្ងន់។
ការព្យាបាលដោយការស្អំភ្នែក Nebulizer គឺជាការប្រើប្រាស់ឧបករណ៍ស្អំភ្នែក (Nebulizer) ដែលផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំងក្នុងការបង្កើនសំណើមដល់ផ្ទៃភ្នាសភ្នែក និងជួយរំលាយខ្លាញ់ដែលស្ទះក្នុងក្រពេញខ្លាញ់ត្របកភ្នែក Meibomian glands ។ វិធីសាស្ត្រនេះជួយកាត់បន្ថយអាការ រមាស់ ផ្សា ក្រហមភ្នែក និងជួយឱ្យភ្នែកមានភាពស្រស់ថ្លាឡើងវិញ។
ទន្ទឹមនឹងនេះលោកស្រីសាស្ត្រាចារ្យជំនួយ ជុកម៉ុល កុសុម៉ា ក៏បានឱ្យដឹងដែរថា ក្រៅពីវិធីសាស្រ្តព្យាបាលដោយឧបករណ៍ទំនើបៗហើយនោះ ក៏នៅមានវិធីសាស្ត្រសម្រាប់ព្យាបាលនៅផ្ទះខ្លួនឯងដែរ មានដូចជា៖ ព្យាយាមព្រិចភ្នែកអោយបានញឹកញាប់ ខណៈពេលប្រើប្រាស់អេក្រង់ (កុំព្យូទ័រ/ទូរស័ព្ទ) ប្រើម៉ាស់កំដៅលើភ្នែក និងសម្អាតត្របកភ្នែក ប្រើម៉ាស៊ីនបន្ថែមសំណើម ក្នុងបន្ទប់ (បើគិតថាយើងកំពុងរស់នៅ ឬធ្វើការនៅកន្លែងដែលមានបរិយាកាសស្ងួត),
ប្រើប្រាស់គោលការណ៍ ២០-២០-២០គឺ រាល់ពេលមើលស្គ្រីន ២០នាទី ត្រូវដកភ្នែកទៅមើលចម្ងាយ ២០ ហ្វីត (Feet) រយៈពេល២០វិនាទី៕





















