ក្រុមគ្រូពេទ្យស្មគ្រចិត្តកម្ពុជា-ចិន បានចុះពិនិត្យសុខភាពបេះដូង ដល់សិស្សវិចិត្រសិល្បៈដោយឥតគិតថ្លៃ
20-03-2026 08:13
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ ក្រុមគ្រូពេទ្យស្មគ្រចិត្តកម្ពុជា-ចិន បានរៀបចំកម្មវិធីមនុស្សធម៌មួយ ដោយចុះពិនិត្យ សុខភាពបេះដូងដោយឥតគិតថ្លៃ ជូនដល់សិស្សានុសិស្សនៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ជាង៧០០នាក់ ក្នុងរាជធានីភ្នំពេញ ដើម្បីជាផ្នែកមួយនៃការរួមចំណែកយកចិត្តទុកដាក់លើសុខភាពកុមារ និងយុវជនកំពុងក្លាយជាបញ្ហាសំខាន់មួយក្នុងសង្គម។
កម្មវិធីនេះមានគោលបំណងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីសុខភាពបេះដូង ការការពារជំងឺ និងការរស់នៅមានសុខភាពល្អ ចាប់តាំងពីវ័យក្មេង។ សកម្មភាពពិនិត្យសុខភាពនេះ រួមមានការត្រួតពិនិត្យ សម្ពាធឈាម ការស្កេនបេះដូង ការវាស់ជីវសញ្ញា និងការផ្តល់ពាក្យណែនាំអំពីអាហារូបត្ថម្ភ និងទម្លាប់ រស់នៅប្រចាំថ្ងៃ។ ក្រុមគ្រូពេទ្យក៏បានអប់រំសិស្សានុសិស្សអំពីសារៈសំខាន់នៃការហាត់ប្រាណជាប្រចាំ ការទទួលទានអាហារដែលមានតុល្យភាព និងការជៀសវាងទម្លាប់អាក្រក់ដែលអាចប៉ះពាល់ដល់បេះដូង។
ក្នុងឱកាសនោះ លោក ហេង កំសាន្ត នាយកសាលាមធ្យមសិក្សាវិចិត្រសិល្បៈ បានមានប្រសាសន៍ថា លោកមានសេចក្តីរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យស្មគ្រចិត្ត ដែលបានចំណាយ ពេលវេលា និងកម្លាំងកាយចិត្ត ដើម្បីចូលរួមថែទាំសុខភាពសិស្សានុសិស្ស។ លោកបានបញ្ជាក់ថា សុខភាពល្អគឺជាមូលដ្ឋានសម្រាប់ការសិក្សាឲ្យមានប្រសិទ្ធភាព និងការអភិវឌ្ឍសមត្ថភាពរបស់សិស្ស នៅថ្ងៃអនាគត។
លោកបានបន្ថែមថា ការពិនិត្យសុខភាពជាប្រចាំអាចជួយរកឃើញបញ្ហាបេះដូង ឬជំងឺផ្សេងៗនៅដំណាក់កាលដំបូង ដែលអាចធ្វើឲ្យមានការព្យាបាលទាន់ពេលវេលា និងបន្ថយហានិភ័យធ្ងន់ធ្ងរ។ សាលាក៏មានបំណងសហការជាមួយដៃគូជាតិ និងអន្តរជាតិបន្ថែមទៀត ដើម្បីនាំមកនូវកម្មវិធីសុខាភិបាល និងអប់រំផ្សេងៗសម្រាប់សិស្ស។
ជាមួយគ្នានេះលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានមានប្រសាសន៍ថា កម្មវិធីនេះជាផ្នែកមួយនៃការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន កម្ពុជានិងចិន ជាពិសេសក្នុងវិស័យសុខាភិបាល និងមនុស្សធម៌។ លោកបានលើកឡើងថា ការយកចិត្តទុកដាក់លើសុខភាពបេះដូងគឺមានសារៈសំខាន់ខ្លាំង ព្រោះជំងឺបេះដូងកំពុងក្លាយជាមូលហេតុ នាំមុខមួយនៃជំងឺដ៏ស្រួចស្រាវមួយនៅទូទាំងពិភពលោក។
លោកបន្ថែមថា៖ «ចាប់ពីឆ្នាំ២០១៨ ក្រោមកិច្ចសហការជាមួយមូលនិធិចិនPeaceland អង្គការYUNDI មន្ទីរពេទ្យបេះដូងFuwaiខេត្តយូណាន និងបណ្តាមន្ទីរពេទ្យនានាក្នុង ប្រទេសកម្ពុជា ក្រុមគ្រូពេទ្យស្មគ្រចិត្តកម្ពុជា-ចិនបានផ្តល់សេវាពិនិត្យដោយឥតគិតថ្លៃដល់សិស្សានុសិស្ស មិនត្រឹមតែជួយបង្កើនការយល់ដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតវប្បធម៌នៃការយកចិត្តទុកដាក់លើ សុខភាពក្នុងសហគមន៍ផងដែរ។ ជាមួយនឹងការឧបត្ថម្ភនិងកិច្ចគាំទ្រយ៉ាងពេញទំហឹងពីឯកឧត្តម ឡាវ វ៉ាន់ អនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន នោះក្រុមការងារស្មគ្រចិត្តនឹងបន្តរៀបចំកម្មវិធីមនុស្សធម៌ ដូចនេះនៅតាមតំបន់ផ្សេងៗទៀត ដើម្បីចូលរួមលើកកម្ពស់គុណភាពជីវិតជូនកុមារកម្ពុជា»។
ជាមួយនឹងការឧបត្ថម្ភនិងកិច្ចគាំទ្រយ៉ាងពេញទំហឹងពីឯកឧត្តម ឡាវ វ៉ាន់ អនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន នោះក្រុមការងារស្មគ្រចិត្តនឹងបន្តរៀបចំកម្មវិធីមនុស្សធម៌ ដូចនេះនៅតាមតំបន់ផ្សេងៗទៀត ដើម្បីចូលរួមលើកកម្ពស់គុណភាពជីវិតជូនកុមារកម្ពុជា»។
នៅក្នុងកម្មវិធីដែរ វេជ្ជបណ្ឌិត ស៊ុយ សុវណ្ណារ៉ា ឯកទេសជំងឺបេះដូង និងសរសៃឈាម តំណាងក្រុមគ្រូពេទ្យស្មគ្រចិត្ត បានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានរៀបចំឧបករណ៍ពេទ្យទំនើប និងបច្ចេកទេសពិនិត្យមានប្រសិទ្ធភាព ដើម្បីធានាបាននូវលទ្ធផលត្រឹមត្រូវ និងមានគុណភាព។ លោកបានពន្យល់ថា ការពិនិត្យបេះដូងនៅវ័យក្មេងមានអត្ថប្រយោជន៍ខ្លាំង ព្រោះអាចរកឃើញបញ្ហាដែលអាចកើតមានតាំងពីកំណើត ឬបញ្ហាដែលកើតឡើងដោយសាររបៀបរស់នៅ។
លោកវេជ្ជបណ្ឌិតបានផ្តល់អនុសាសន៍ដល់សិស្សានុសិស្សឲ្យយកចិត្តទុកដាក់លើការទទួលទាន អាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដូចជាបន្លែ ផ្លែឈើ និងអាហារដែលមានជាតិខ្លាញ់ទាប ព្រមទាំងជៀសវាងអាហារសម្រន់ដែលមានជាតិប្រេង និងស្ករខ្ពស់។ លោកក៏បានណែនាំឲ្យសិស្ស ហាត់ប្រាណជាប្រចាំ និងគេងឲ្យគ្រប់គ្រាន់ ដើម្បីថែរក្សាសុខភាពបេះដូងឲ្យបានល្អ។
សិស្សានុសិស្សទាំងអស់បានបង្ហាញពីការសប្បាយរីករាយ និងការដឹងគុណចំពោះកម្មវិធីនេះ ដោយ សិស្សានុសិស្សបានទទួលចំណេះដឹងថ្មីៗអំពីសុខភាព និងបានយល់ដឹងពីសារៈសំខាន់នៃការថែទាំ សុខភាពដោយខ្លួនឯង។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ គ្រូបង្រៀន និងមាតាបិតាក៏បានសាទរនិងគាំទ្រ ដល់កម្មវិធីពិនិត្យសុខភាពនេះយ៉ាងខ្លាំង។
គួរបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ២០១៨មក ដោយមានការគាំទ្រពីមូលនិធិចិនPeaceland សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរៀបចំកម្មវិធី ពិនិត្យសុខភាពបេះដូងដោយឥតគិតថ្លៃនេះជាច្រើនលើកដែលមិនត្រឹមតែជាការផ្តល់សេវាសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីស្មារតីមនុស្សធម៌ ការចែករំលែក និងមិត្តភាពរវាងប្រទេសទាំងពីរ។ តាមរយៈកម្មវិធីនេះ សមាគមបានពិនិត្យសុខភាពជូនដល់កុមារជាង៧ម៉ឺននាក់ និងបានជួយព្យាបាល ដោយឥតគិតថ្លៃជូនកុមារចំនួន១៥៥រូបបានជាសះស្បើយពីជំងឺបេះដូងពីកំណើតនេះ៕











