ប្រធានស្តីទីព្រឹទ្ធសភា ចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ នៅទូទាំងក្រុង-ស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម
19-03-2026 22:37
(កំពង់ចាម)៖ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងមន្ត្រីអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ នៅទូទាំង ក្រុង ស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម សរុបចំនួន ២១២៩នាក់ ដើម្បីផ្សព្វផ្សាយអំពីសភាពការណ៍កម្ពុជា និងពិភពលោកនាពេលបច្ចុប្បន្ន និងសមិទ្ធផលនានា ក៏ដូចជាស្វែងយល់អំពីតម្រូវការ និងសំណូមពរផ្សេងៗនៅមូលដ្ឋាន។
បន្ទាប់ពីការធ្វើបទឧទ្ទេសនាមដោយសមាជិក សមាជិកា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ស្តីពីការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ផែនការអភិវឌ្ឍន៍មូលដ្ឋាន និងការគ្រប់គ្រងថវិកាឃុំ សង្កាត់ ព្រមទាំងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ រួចមក ឯកឧត្តមប្រធានស្តីទី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតជូនដល់អង្គពិធីទាំងមូលពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភានិងបានជម្រាបជូនអំពីមុខងារស្នូល សកម្មភាព និងសមិទ្ធផលសំខាន់ៗ ក្នុងសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ ព្រមទាំងបានគូសបញ្ជាក់អំពីគុណតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព ដែលកម្ពុជាទទួលបានតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលមាន សម្តេចតេជោ ជាបិតាស្ថាបនិក និងជាអគ្គមគ្គុទេសឯក ដែលជាលក្ខខណ្ឌមិនអាចខ្វះបាននៅក្នុងការលើកកម្ពស់សុខមាលភាពប្រជាជន និងការអភិវឌ្ឍប្រទេសជាតិរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។
ពាក់ព័ន្ធនឹងករណីជម្លោះព្រំដែនកម្ពុជា-ថៃ លោកប្រធានស្ដីទីបានរំឮកជូនអង្គពិធីអំពីប្រវត្តិសាវតានៃអាណាចក្រខ្មែរ និងជនជាតិសៀម ដោយឆ្លុះបញ្ចាំងអំពីឬសគល់បញ្ហា ជាពិសេសការបំភ្លៃសច្ចៈភាពប្រវត្តិសាស្ត្រ ការលួចចម្លងប្រពៃណី វប្បធម៌ និងអរិយធម៌ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិកម្ពុជា ដែលមានចារឹកទុកនៅលើទំព័រប្រវត្តិសាស្ត្រ និងសិលាចារឹកនៃប្រាង្គប្រាសាទនានា ជាភស្តុតាង។
ជាមួយគ្នានេះ លោកប្រធានស្ដីទី បានគូសបញ្ជាក់អំពីសុឆន្ទៈ និងគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរួមរស់ដោយសន្តិសហវិជ្ជមាន ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ ជាមួយបណ្តាប្រទេសទាំងអស់ក្នុងពិភពលោក ដើម្បីជាគុណប្រយោជន៍ដល់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
លោក បានសង្កត់ធ្ងន់ថា ការគោរពច្បាប់អន្តរជាតិ គោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ព្រមទាំងឯកសារគតិយុត្តិពាក់ព័ន្ធទាំងអស់ដែលភាគីទំាងពីរព្រមព្រៀងគ្នា គឺជាមូលដ្ឋានគ្រឹះសំខាន់ណាស់ក្នុងការកសាងទំនុកចិត្ត និងជាលក្ខខណ្ឌមិនអាចខ្វះបានក្នុងការកសាងសន្តិភាពរឹងមាំពិតប្រាកដ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ។
លោកប្រធានស្ដីទី បានបន្ថែមថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ខ្ជាប់ជានិច្ចនូវការអត់ធ្មត់ជាអតិបរមា និងប្រកាន់ជំហរឥតងាករេខិតខំប្រឹងប្រែងរិះរកដំណោះស្រាយបញ្ហាតាមរយៈការចរចារដោយសន្តិវិធី នៅក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ប្រែក្លាយបន្ទាត់ព្រំដែនជាខ្សែបន្ទាត់សន្តិភាព និងអភិវឌ្ឍ។
ទន្ទឹមនឹងនេះ លោកប្រធានស្តីទី បានសម្តែងនូវមោទនភាពជាតិខ្ពស់បំផុត ចំពោះកម្លាំងរួបរួមសាមគ្គី ឯកភាពជាតិជាធ្លុងមួយរឹងមាំរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយ សាសនាទាំងក្នុង និងក្រៅប្រទេស គាំទ្រទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈ ដល់វីរយុទ្ធជននៅសមរភូមិជួរមុខ និងបងប្អូនប្រជាជនភៀសសឹក នៅក្នុងដំណាក់កាលដែលប្រទេសជាតិទទួលរងនូវអំពើឈ្លានពានព្រៃផ្សៃព្រមទាំងសម្តែងនូវការគោរពដឹងគុណ និងកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជួរមុខកម្ពុជា នៅតាមបណ្តោយព្រំប្រទល់កម្ពុជា-ថៃ ដែលបានក្រាញននាល តស៊ូពុះពារគ្រប់បែបយ៉ាងក្នុងការការពារបូរណភាពទឹកដីកម្ពុជា។ ឯកឧត្តម បានអំពាវនាវដល់បងប្អូន បន្តជឿជាក់លើការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឆ្នើម ក្នុងការការពារបូរណភាពទឹកដី សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានស្តីទី ក៏បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់តម្លៃប្រេងដែលកំពុងហក់ឡើង បង្កឡើងដោយសង្រ្គាមនៅមជ្ឈិមបូព៌ា និងអំពាវនាវដល់ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក បន្តអនុវត្តអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាប និងបោសសម្អាតបទល្មើសនានា ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងបញ្ហាគ្រឿងញៀន។
