FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលក្រុងបាវិត រៀបចំពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត»

19-03-2026 21:36

(ស្វាយរៀង)៖ លោកស្រី យក់ ស៊ីណាត អភិបាលរងតំណាង លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំពិធី អបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ«សាមគ្គីដើម្បីទីក្រុងស្អាត» ដែលប្រព្រឹត្តទៅនៅបរិវេណ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិតស្ថិតក្នុងក្រុងបាវិត។

ពិធីនេះក៏មានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាក្រុង លោក លឹម សៀងហេង អភិបាលក្រុងបាវិត លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង លោកអភិបាលរងក្រុង លោកនាយក នាយករងរដ្ឋបាល កងកម្លាំងប្រដាប់អាវុធទាំងបី លោកប្រធាន អនុប្រធានការិយាល័យចំណុះក្រុង ក្រុមប្រឹក្សាសង្កាត់ទាំងប្រាំ លោកមេភូមិទាំងប្រាំក្នុងសង្កាត់បាវិត លោក លោកស្រី តំណាងតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុង ក្រុមហ៊ុនប្រមូលសំរាម ហាយប្រីដ ហ្គាប៊ែឆ សហភាពសហព័ន្ធយុវជនកម្ពុជាក្រុង យុវជនកាកបាទក្រហមកម្ពុជាក្រុង លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ៤១០នាក់។

ក្នុងឱកាសនោះលោកស្រី យក់ ស៊ីណាត បានគូសបញ្ជាក់ថា ការរៀបចំយុទ្ធនាការនាថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់សាធារណជន ឱ្យកាន់តែយល់ច្បាស់អំពីតម្លៃនៃអនាម័យ បរិស្ថាន និងសោភ័ណភាពទីក្រុង។

លោកស្រីបានបន្តថា ទីក្រុងស្អាតមិនមែនជាភារកិច្ចរបស់បុគ្គលណាម្នាក់នោះទេ ប៉ុន្តែវាទាមទារឱ្យមានការចូលរួមដោយស្មារតី «សាមគ្គី» និងការទទួលខុសត្រូវខ្ពស់ពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីធ្វើឱ្យក្រុងបាវិត ក្លាយជាទីក្រុងដែលគួរឱ្យចង់រស់នៅ និងមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរ។

ក្នុងឱកាសនោះដែរ លោកស្រីអភិបាលរងខេត្ត រួមជាមួយមន្ត្រីរាជការ និងយុវជន បានចុះធ្វើយុទ្ធនាការសម្អាតតាមដងផ្លូវសំខាន់ៗក្នុងក្រុងបាវិតប្រកបដោយភាពស្និទ្ធស្នាល និងស្មារតីសាមគ្គីភាពខ្ពស់។សកម្មភាពនេះ មិនត្រឹមតែជាការអបអរសាទរទិវាជាតិទីក្រុងស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការដាស់តឿនស្មារតីឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូប បន្តចូលរួមថែរក្សាអនាម័យបរិស្ថានជាប្រចាំ ដើម្បីលើកកម្ពស់មុខមាត់ខេត្តស្វាយរៀង ឱ្យកាន់តែស្រស់បំព្រងបន្ថែមទៀត៕