ស្នងការនគរបាលខេត្តកំពង់ធំ ដាក់ចេញទិសដៅការងារ ៥ចំណុច ដល់កងកម្លាំងនគរបាលខេត្តដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព
19-03-2026 21:34
(កំពង់ធំ)៖ ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពីនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅបន្ត សម្រាប់ខែមេសា ដល់កងកម្លាំងចូលរួមប្រមាណ ២៨០នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។
ឧត្តមសេនីយ៍ទោ ហេង សុផល បញ្ជាក់ឲ្យបណ្ដាអង្គភាពចំណុះស្នងការដ្ឋាននគរបាលខេត្ត ពង្រឹងរបៀបរបបកិច្ចប្រជុំជាប្រចាំដោយប្រមូលយកបញ្ហាប្រឈម រួមគ្នាគិត រួមគ្នាដោះស្រាយ ដើម្បីឈានទៅសម្រេចបានតាមគោលនយោបាយរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកបានដាក់ចេញជាទិសដៅលើការងារ ៥ចំណុច ដល់ថ្នាក់ដឹកនាំ ផែនការងារជំនាញ និងលោកអធិការដ្ឋាននគរបាលទាំង ០៩ ក្រុង-ស្រុក យកទៅអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់៖
ទី១៖ បង្កើនការផ្សព្វផ្សាយ គោលនយោបាយនានា របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ដល់តាមរយៈការធ្វើវេទិកាសាធារណៈ ដល់មហាជន គ្រប់ស្រទាប់វណ្ណៈ ដើម្បីលើកកម្ពស់ការយល់ដឹងនិងចូលរួមអនុវត្តឱ្យមានលទ្ធផលល្អប្រសើរដើម្បីចូលរួមសហការបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ តាមផែនការយុទ្ធសាស្ត្រ ដែលបានកំណត់ របស់រាជរដ្ឋាភិបាល។
ទី២៖ ផែនព្រហ្មទណ្ឌ ទោះបីជាសភាពការណ៍ បទល្មើសកើនឡើង តែបងប្អូនកងកម្លាំងយើងបង្ក្រាបបានទាន់ពេលវេលា ដើម្បីផ្ដន្ទាទោសតាមនីតិវិធីច្បាប់ ។
ទី៣៖ ផែនការងារសណ្តាប់ធ្នាប់សាធារណ៖ គ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈម ដោយសារកត្តាមនុស្ស កត្តាយានយន្តនិងកត្តាផ្លូវថ្នល់ សូមឱ្យមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរដែនដី លោកគ្រូ-អ្នកគ្រូ បង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងគ្រោះថ្នាក់ផ្សេងៗ(ករណីមនុស្សលង់ទឹក) ដល់ជនគោលដៅងាយរងគ្រោះនិងសិស្សានុសិស្សដើម្បីបញ្រ្ជាបការយល់ដឹងនឹងមានការប្រុងប្រយ័ត្នឱ្យបានគ្រប់ៗគ្នា ចៀសផុតពីហានិភ័យនានា ដែលអាចកើតមានឡើងជាយថាហេតុ ។ ដោយឡែកប៉ុស្តិ៍នគរបាលរដ្ឋបាលដែលនៅជិតសាលារៀន ត្រូវបែងចែកកងកម្លាំងផ្លាស់ប្តូរវេន ជួយសម្រួលចរាចរណ៍ ជូនសិស្សានុសិស្ស ដែលឆ្លងកាត់ផ្លូវថ្នល់ ឬទីកន្លែងដែលមានប្រឈម ។
ទី៤៖ ការងារអត្តសញ្ញាណកម្ម៖ សូមបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ចំពោះការងារផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយទំនុកចិត្ត ការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
ទី៥៖ ការងារគ្រប់គ្រងជនបរទេស៖ រយៈពេលកន្លងមកបងប្អូនកងកម្លាំងយើងបានអនុវត្តតួនាទី ភារកិច្ច បានល្អប្រសើរលើការងារគ្រប់គ្រងវត្តមានជនបរទេសដែលមកស្នាក់នៅក្នុងមូលដ្ឋានខេត្តបានត្រឹមត្រូវច្បាស់លាស់ ចៀសផុតពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រមទាំងប្ដេជ្ញាចិត្តមិនអនុញ្ញាតឱ្យមានវត្តមាន(Online Scams) ជាដាច់ខាត លើទឹកដីខេត្តកំពង់ធំឡើយ ។
ជាថ្មីម្ដងទៀត លោកឧត្តមសេនីយ៍ទោ ស្នងការ បានថ្លែងកោតសរសើរ ដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ដោយឡែកកងកម្លាំងនគរបាលព្រហ្មទណ្ឌ និងអត្តសញ្ញាណកម្ម ដែលមានស្នាដៃ គុណបំណាច់ ក្នុងការអនុវត្តតួនាទី ភារកិច្ច បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ធានាសេចក្តីសុខក្សេមក្សាន្ត ជូនជាតិមាតុភូមិ ៕




















