តំណាងរដ្ឋមន្ដ្រី កែវ រតនៈ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សាលាបឋមសិក្សាសាមគ្គីអូរត្រូន១ខ្នង នៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ
19-03-2026 20:23
(ក្រចេះ)៖ លោក ប៉េង ណាវុធ រដ្ឋលេខាធិការ តំណាងលោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សាលាបឋមសិក្សាសាមគ្គីអូរត្រូន ១ខ្នង ៥បន្ទប់ ធ្វើអំពីបេតុង ប្រក់សង្ក័សីជ័រ ស្ថិតនៅភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ, លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ, លោក ឈា ផល្លី អភិបាល ស្រុកអូរគ្រៀងសែនជ័យ, លោក លាវ ជីស៊ាន ប្រធានក្រុមហ៊ុនសឹងយន្តគ័ងយៀកខូអិលធីឌី ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
លោក ប៉េង ណាវុធ បានឲ្យដឹងថា សាលាបឋមសិក្សានេះ ត្រូវបានសាងសង់ដោយប្រើប្រាស់ថវិកាផ្ទាល់របស់ក្រុមហ៊ុនអាជីវកម្មរ៉ែមាស «សឹងយន្តគ័ងយៀកខូអិលធីឌី» ដែលកំពុងធ្វើអាជីវកម្មរ៉ែលើទំហំផ្ទៃដី ចំនួន២៨គីឡូម៉ែត្រក្រឡា នៅតំបន់អូរខ្លិកខ្លក់ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ (អតីតស្រុកសំបូរ) ខេត្តក្រចេះ។
ឆ្លៀតក្នុងឱកាសនេះ លោក ប៉េង ណាវុធ បានរំលឹកអំពីសាវតា នៃការបង្កើតមូលនិធិរ៉ែផងដែរថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន តាមរយៈការអនុវត្ត នយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យប្រទេសកម្ពុជាបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ នាំមកនូវសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខរឹងមាំ ប្រជាពលរដ្ឋមានកម្រិតជីវភាពកាន់តែល្អប្រសើរឡើង និងមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ក្នុងនោះរួមទាំងវិស័យរ៉ែផងដែរ។
លោក ប៉េង ណាវុធ បានឲ្យដឹងថា ការអភិវឌ្ឍវិស័យរ៉ែបានប្រែក្លាយតំបន់ ដែលធ្លាប់តែមានសង្គ្រាមទៅជាតំបន់អភិវឌ្ឍន៍ និងបានចូលរួមចំណែកយ៉ាងធំធេង ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការធានានិរន្តរភាពផ្គត់ផ្គង់វត្ថុធាតុដើមរ៉ែសំណង់ក្នុងតម្លៃសមរម្យ និងគ្រប់គ្រាន់ដល់តម្រូវការនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសំណង់នានា ព្រមទាំងបានបង្កើតការងារ ដោយផ្ទាល់ចំនួន១២,១៣០នាក់ (ស្រ្តី៥៨៣នាក់) និងបានឱកាសសេដ្ឋកិច្ចដោយផ្ទាល់ និងប្រយោលដល់ប្រជាពលរដ្ឋមូលដ្ឋាន ជាពិសេសបានចូលរួមចំណែក ជាប្រភពចំណូលថ្មីនៃថវិកាជាតិតាមរយៈចំណូលពន្ធ និងចំណូលមិនមែនសារពើពន្ធ។
លោក ប៉េង ណាវុធ បានគូសបញ្ជាក់ថា ជាក់ស្ដែង ចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែនៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់។
លោកបានសង្កត់ធ្ងន់ថា ក្រោមការជំរុញកំណែទម្រង់លើគ្រប់វិស័យនៅក្នុងអាណត្តិទី៧ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងនោះវិស័យរ៉ែមានការកើនឡើងជាបន្តបន្ទាប់ ដោយមានកំណើនពី ១៣.១០លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៦ ទៅ១៣៥.៥៥លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២៥នេះ។
ទន្ទឹមគ្នានេះ លោក ប៉េង ណាវុធ ក៏សូមឱ្យប្រជាពលរដ្ឋដែលរស់នៅឃុំក្បាលដំរីនេះផ្ទាល់ លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ចូលរួម ថែរក្សាសមិទ្ធផលខាងលើនេះ ដើម្បីប្រើជាប្រយោជន៍សាធារណៈឱ្យបានយូរអង្វែងសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់អូរត្រូន ជាពិសេសត្រូវយកចិត្តទុកដាក់ ក្នុងការសម្អាតបរិស្ថានក្នុង និងក្រៅបរិវេណសាលាបឋមសិក្សាសាមគ្គីអូរត្រូននេះ សំដៅសម្រចឱ្យបាននូវគោលដៅ «ផ្លូវស្អាត ភូមិស្អាត ប្រជាពលរដ្ឋរស់នៅដោយភាពរីករាយ»។
សូមជម្រាបថា សាលាបឋមសិក្សាសាមគ្គីអូរត្រូន Samaki Otron Primary School បានចាប់ផ្តើមសាងសង់គឺថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ចប់ការសាងសង់ ដោយមានរយៈពេល០៤ខែ។
ហេដ្ឋារចនាសម្ព័ន្ធ៖ មានអាគាសិក្សាចំនួន២ខ្នង បន្ទប់ការិយាល័យ ទីធ្លាហាត់ប្រាណ បន្ទប់ទឹក ក្លោងទ្វា និងរបងព័ទ្ធជុំវិញ (អាគារថ្មី បន្ទប់សិក្សា០៥បន្ទប់ ក្នុងមួយបន្ទប់អាចផ្ទុកសិស្ស បាន៤៨នាក់ និងក្នុងមួយអាគារអាចផ្ទុកសិស្សបានចំនួន២៤០នាក់) សរុប៨បន្ទប់។ ទឹកប្រាក់ក្នុងការសាងសង់សរុប៖១២៥,៦៨៨ដុល្លារ៕




















