អគ្គិសនីកម្ពុជា ប្រាប់អំពីវិធីសាស្ដ្រប្រើប្រាស់ថាមពលអគ្គិសនី នៅក្នុងរដូវក្តៅ ដើម្បីជួយសន្សំសំចៃ ខណៈក្នុងរដូវក្តៅ បរិមាណប្រើប្រាស់ថាមពលអគ្គិសនីនឹងកើនឡើង
19-03-2026 18:01
(ភ្នំពេញ)៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន អគ្គិសនីកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ការប្រើប្រាស់ថាមពលអគ្គិសនី នៅក្នុងរដូវក្តៅ ដែលបាននឹងកំពុងឈានចូលមកដល់ បរិមាណប្រើប្រាស់ថាមពលអគ្គិសនី នឹងកើនឡើងធៀបនឹងខែមុន ដែលមានអាកាសធាតុត្រជាក់ជាងដោយសារហេតុផលមួយចំនួន។
ហេតុផលទាំងនោះរួមមាន៖
១៖ បរិយាកាសក្រៅផ្ទះក្តៅខ្លាំង តែការចង់បានឱ្យនៅក្នុងផ្ទះត្រជាក់ស្រួលរស់នៅ ដែលតម្រូវឱ្យបរិក្ខារត្រជាក់មួយចំនួនដូចជា កង្ហារ ម៉ាស៊ីនត្រជាក់ ទូទឹកកកជាដើម ដំណើរការជាប់ច្រើនម៉ោងជាងធម្មតា ទើបអាចផលិតភាពត្រជាក់បានតាមការចង់បាន។
២៖ ក្នុងករណីប្រើប្រាស់ម៉ូទ័របូមទឹក គឺត្រូវប្រឹងធ្វើការខ្លាំងជាងមុន ព្រោះប្រភពទឹកថយចុះ និងមានជម្រៅជ្រៅជាងមុន ឯតម្រូវការប្រើប្រាស់បរិមាណទឹកក៏ច្រើនជាងមុន។
ដូច្នេះដើម្បីរួមចំណែកជួយកាត់បន្ថយបរិមាណថាមពលអគ្គិសនី អតិថិជនទាំងអស់គួរត្រួតពិនិត្យ និងថែទាំសម្ភារបរិក្ខារអគ្គិសនីទាំងអស់ ឱ្យបានត្រូវតាមលក្ខណៈបច្ចេកទេស ក្នុងនោះចំពោះបរិក្ខារត្រជាក់ គួរលាងសម្អាត និងត្រួតពិនិត្យប្រព័ន្ធហ្គាស និងកាត់បន្ថយការបើកទ្វារជាដើម ចំពោះប្រភេទម៉ូទ័រ គួរដាក់ប្រេង ឬខ្លាញ់ដើម្បីសម្រួលដល់ភាពកកិត និងមានដំណើរការធូរស្រាល។
ជាពិសេសគួរជ្រើសរើសឧបករណ៍ប្រើប្រាស់ ដែលមានប្រសិទ្ធភាពខ្ពស់ និងស៊ីថាមពលអគ្គិសនីតិច ករណីមិននៅផ្ទះគួរបិទសម្ភារបរិក្ខារអគ្គិសនី ដែលមិនចាំបាច់ឱ្យអស់លទ្ធភាព។
ការសន្សំសំចៃរបស់បងប្អូន មិនត្រឹមតែកាត់បន្ថយចំណាយថ្លៃប្រើប្រាស់អគ្គិសនី របស់បងប្អូនប៉ុណ្ណោះទេ គឺបានជួយដល់អគ្គិសនីកម្ពុជា ក្នុងការកាត់បន្ថយការប្រើប្រាស់ ប្រភពអគ្គិសនីមានតម្លៃខ្ពស់ ក៏ដូចជាចែករំលែកថាមពលមានគុណភាពល្អ ជូនទៅបងប្អូនប្រជាពលរដ្ឋផ្សេងទៀតដែលរស់នៅឆ្ងាយពីប្រភពផ្គត់ផ្គង់ ជាពិសេសក្នុងរដូវប្រាំងក្តៅហួតហែង។
៣៖ ករណីមានការសង្ស័យថា ការប្រើប្រាស់ថាមពលអគ្គិសនី មានការកើនឡើងច្រើន សូមប្រៀបធៀបខែដូចគ្នានៃឆ្នាំមុនៗ ដែលមានបង្ហាញនៅលើវិក្កយបត្រអគ្គិសនីប្រចាំខែ ហើយបើពិនិត្យឃើញថា មានការកើនឡើងច្រើនជាងខែដូចគ្នានៅឆ្នាំមុនគួរឱ្យកត់សម្គាល់ ដោយពុំមានបន្ថែមឧបករណ៍ប្រើប្រាស់ ឬបង្កើនការប្រើប្រាស់ច្រើនជាងមុន៕
សូមមើលនីតិវិធីដូចខាងក្រោម៖
