FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh Exclusive: ផ្លូវណា កំពុងនាំពិភពលោកទៅកាន់ «ហាយនភាព» នៃវិបត្តិប្រេង? (Video inside)

19-03-2026 17:50

(ភ្នំពេញ)៖ ផ្លូវទៅកាន់ចំណុចកំពូល នៃវិបត្តិប្រេង កំពុងបង្ហាញស្រមោលរបស់វាយ៉ាងច្បាស់ឡើងរៀងរាល់ថ្ងៃ ខណៈហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលជាសរសៃឈាមនៃលំហូរថាមពលពិភពលោក កំពុងរងការវាយប្រហារខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា។ វាលឧស្ម័នធម្មជាតិ សៅផា South Pars នៅប្រទេសអ៊ីរ៉ង់ ដែលត្រូវបានគេចាត់ទុកថាជាវាលឧស្ម័នធំបំផុតលើពិភពលោក និងក្រុងឧស្សាហកម្ម រ៉ាស់ឡាហ្វាន់ Ras Laffan នៅប្រទេសកាតា ដែលជាមជ្ឈមណ្ឌលថាមពលសំខាន់សម្រាប់ការនាំចេញឧស្ម័ន និងប្រេងទៅកាន់ទីផ្សារពិភពលោក ទាំងពីរនេះកំពុងស្ថិតក្រោមសម្ពាធនៃការវាយប្រហារដ៏ខ្លាំងក្លា។
Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅមួយជុំវិញបញ្ហានេះ

នៅពេលភ្លើងឆេះឡើងនៅរោងចក្រថាមពលមួយនៅតំបន់ឈូងសមុទ្រ និងសំឡេងស៊ីរ៉ែនការពារអាកាសត្រូវបានបន្លឺឡើងលើអាកាសរបស់ទីក្រុងប្រេង មនុស្សជាច្រើនអាចគិតថា វាគ្រាន់តែជាឈុតឆាកមួយនៃសង្គ្រាមធម្មតា។ ប៉ុន្តែពីក្រោយទស្សនីយភាពនោះ មានអ្វីមួយកំពុងដួលរំលំដោយយឺតៗ វាមិនមែនជាការបាក់រលំអគារនោះទេ ប៉ុន្តែជាសរសៃសំខាន់មួយ ដែលភ្ជាប់ជីវិតសេដ្ឋកិច្ចពិភពលោកទាំងមូល។ សរសៃនោះ រត់ភ្ជាប់ពីវាលប្រេងនៅមជ្ឈិមបូព៌ា ទៅរោងចក្រផលិតនៅអាស៊ី ហើយបន្តដល់តុបាយគ្រួសារនៅគ្រប់ទិសទីលើភពផែនដី។ សរសៃនោះ គឺ «លំហូរថាមពល»។

វិបត្តិប្រេង មិនកើតឡើងត្រឹមតែពេលដែល «តម្លៃប្រេងបានឡើងថ្លៃ» ទេ។ វាឈានដល់ចំណុច ហាយនភាព នៅពេលដែលកត្តាជាច្រើនប្រមូលផ្តុំ និងប៉ះទង្គិចគ្នាក្នុងពេលតែមួយ៖ ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល, ការរាំងស្ទះលំហូរដឹកជញ្ជូន, ភាពភ័យខ្លាចនៅក្នុងទីផ្សារ និងការបាត់បង់សមត្ថភាព លើការគ្រប់គ្រងស្ថានការណ៍។

អត្ថបទវិភាគនេះ បង្ហាញថាមាន ៤ផ្លូវសំខាន់ ដែលអាចនាំពិភពលោកទៅកាន់ចំណុចកំពូលនៃវិបត្តិប្រេង បើទោះបីមួយចំនួនអាចនៅគ្រប់គ្រងបានក៏ពិតមែន ប៉ុន្តែមួយចំនួននឹងអាចរត់ចេញពីការគ្រប់គ្រងបានយ៉ាងលឿន និងមិនអាចវិលត្រឡប់វិញបានឡើយ។

ផ្លូវទី១៖ វាយបំផ្លាញសមត្ថភាពផលិត

ក្រសួងការពារជាតិកាតា បានបញ្ជាក់នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនាថា អ៊ីរ៉ង់បានវាយប្រហារទីក្រុងឧស្សាហកម្ម Ras Laffan ដែលជាមជ្ឈមណ្ឌលថាមពលសំខាន់បំផុតរបស់ប្រទេសកាតា ដោយប្រើមីស៊ីលផ្លោង បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់មុននោះ។ ក្រុមហ៊ុន QatarEnergy ដែលគ្រប់គ្រងដោយរដ្ឋ បានបញ្ជាក់ថា មជ្ឈមណ្ឌលនេះបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់សមត្ថភាពដំណើរការផលិតនិងបញ្ជូនឧស្ម័ន។

ការវាយប្រហារនេះ មិនមែនជាព្រឹត្តិការណ៍ឯកោឬដាច់ដោយឡែកទេ ប៉ុន្តែជាផ្នែកមួយនៃលំនាំនៃភាពតានតឹងដែលកំពុងបន្ត។ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា បានកំណត់គោលដៅលើរោងចក្រប្រេង និងវាលឧស្ម័នរបស់ខ្លួន រួមទាំងវាលឧស្ម័នធម្មជាតិ South Pars ដែលជាវាលឧស្ម័នធំបំផុតលើពិភពលោក។ នេះបង្ហាញថា ភាគីទាំងពីរកំពុងផ្លាស់ប្តូរគោលដៅពីយោធា ទៅកាន់ស្នូលសេដ្ឋកិច្ចថាមពល។

ក្នុងន័យយុទ្ធសាស្ត្រ ការវាយប្រហារលើរោងចក្រប្រេង និងវាលឧស្ម័ន មិនត្រឹមតែបង្កការខូចខាតភ្លាមៗលើការផលិតទេ ប៉ុន្តែបង្ក «ផលប៉ះពាល់បន្ត» ដែលអាចអូសបន្លាយរយៈពេលវែង។ ហេដ្ឋារចនាសម្ព័ន្ធថាមពល ដូចជាស្ថានីយ៍ឧស្ម័នធម្មជាតិរាវ LNG terminals, រោងចក្រកែច្នៃ processing plants និងវេទិកាប្រេង និងឧស្ម័ននៅសមុទ្ទ offshore platforms មានលក្ខណៈស្មុគស្មាញខ្ពស់ តម្រូវឱ្យមានពេលវេលា និងវិនិយោគធំសម្រាប់ការស្តារឡើងវិញ។ ក្នុងករណីខ្លះ ការខូចខាតមួយក៏អាចប៉ះពាល់ដល់ការផ្គត់ផ្គង់រយៈពេលខែ ឬសូម្បីតែឆ្នាំ។

លើសពីនេះទៅទៀត ទីតាំងឧស្សាហកម្ម Ras Laffan មិនមែនជាគោលដៅធម្មតាទេ។ វាជាទីតាំងកណ្តាលនៃការនាំចេញឧស្ម័នធម្មជាតិរាវ LNG របស់កាតា ដែលជាប្រទេសនាំចេញឧស្ម័នរាវ LNG ដ៏ធំបំផុតមួយក្នុងពិភពលោក។ ការរំខាននៅទីនោះ មានន័យថា មិនត្រឹមតែប៉ះពាល់ដល់កាតាទេ ប៉ុន្តែប៉ះពាល់ដល់ទីផ្សារថាមពលអាស៊ី និងអឺរ៉ុបទាំងមូល ដែលពឹងផ្អែកលើការនាំចូលឧស្ម័នពីតំបន់នេះ។

ដូច្នេះការវាយប្រហារលើទីតាំងដូចជា South Pars និង Ras Laffan គឺជាការបំផ្លាញលើ «សមត្ថភាពផលិត» ដែលជាគ្រឹះនៃប្រព័ន្ធថាមពលពិភពលោក។ វាជាជំហានដំបូងដែលបំផ្លាញផ្នែកផ្គត់ផ្គង់ «supply side» ហើយបើបន្តកើតឡើងជាបន្តបន្ទាប់ វានឹងនាំឱ្យទីផ្សារបាត់បង់តុល្យភាព និងបើកផ្លូវទៅកាន់ហាយនភាពនៃវិបត្តិប្រេង។

ផ្លូវទី២៖ បិទច្រកដឹកជញ្ជូន

ច្រកសមុទ្រ Hormuz គឺជាច្រកដឹកជញ្ជូនថាមពលសំខាន់បំផុតមួយលើពិភពលោក ដែលមានប្រេងឆ្លងកាត់ប្រមាណ ២០លានបារ៉ែលក្នុងមួយថ្ងៃ ឬស្មើប្រហែល ២០-២៥% នៃពាណិជ្ជកម្មប្រេងតាមសមុទ្រពិភពលោក។ នេះមានន័យថា ច្រកតូចមួយនេះកំពុងផ្ទុក «សរសៃឈាមថាមពល» របស់សេដ្ឋកិច្ចសកល។

អ្នកនាំពាក្យបញ្ជាការដ្ឋានយោធាអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម ហ្សលហ្វាហ្គារី (Ebrahim Zolfaqari) បានព្រមានកាលពីសប្តាហ៍មុនថា ពិភពលោកគួរត្រៀមខ្លួនសម្រាប់តម្លៃប្រេង ២០០ដុល្លារក្នុងមួយបារ៉ែល។ នៅពេលនេះសញ្ញានៃការព្រមាននោះ មិនមែនជាទ្រឹស្តីទៀតទេ ប៉ុន្តែកំពុងបង្ហាញខ្លួនតាមរយៈការរាំងស្ទះនៃចរាចរណ៍ថាមពលនៅតំបន់នេះ។

របាយការណ៍ជាច្រើន បានបង្ហាញថា អ៊ីរ៉ង់បានដាក់ មីនសមុទ្រ នៅក្នុងច្រក Hormuz ខណៈនាវាដឹកប្រេង និងនាវាដឹកឧស្ម័នរាវធម្មជាតិ (LNG) មួយចំនួន បានរងការវាយប្រហារ ឬត្រូវបង្ខំឱ្យបម្លែងផ្លូវដឹកជញ្ជូន។ ការរំខានទាំងនេះ មិនទាន់បិទច្រកទាំងស្រុងនៅឡើយទេ ប៉ុន្តែបានបង្កើតនូវភាពរអាក់រអួល ដែលគ្រប់គ្រាន់ក្នុងការធ្វើឱ្យទីផ្សារភ័យខ្លាច និងធ្វើឱ្យតម្លៃថាមពលឡើងខ្ពស់។ បច្ចុប្បន្នច្រក Hormuz នៅតែបើកជាបន្តបន្ទាប់ក្រោមលក្ខខណ្ឌមួយ ដែលអ៊ីរ៉ង់បានប្រើពាក្យព្រមានថា «បើកសម្រាប់មិត្ត បិទសម្រាប់សត្រូវ»។ មានន័យថា ចរាចរណ៍ប្រេង មិនត្រូវបានបញ្ឈប់ទាំងស្រុងទេ ប៉ុន្តែត្រូវបានគ្រប់គ្រងដោយហានិភ័យ និងសម្ពាធយោធា។

ក្នុងខណៈដែលសម្ព័ន្ធអន្តរជាតិសម្រាប់ការពារនាវាចរណ៍ នៅមិនទាន់មានរចនាសម្ព័ន្ធច្បាស់លាស់ សហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំង USS Tripoli និងកម្លាំង 31st Marine Expeditionary Unit ទៅកាន់តំបន់ ដើម្បីបង្កើតសមត្ថភាពគ្រប់គ្រងសមុទ្រ និងត្រៀមជម្រើសសម្រាប់ការពារនាវាចរណ៍ ឬបើកច្រកឡើងវិញប្រសិនបើស្ថានការណ៍កើនដល់កម្រិតធ្ងន់ធ្ងរ។ ក្នុងបរិបទជាយុទ្ធសាស្ត្រ ការបិទ ឬរាំងស្ទះច្រក Hormuz មិនចាំបាច់ត្រូវការការបំផ្លាញ ហេដ្ឋា រចនាសម្ព័ន្ធដោយផ្ទាល់ទេ—គ្រាន់តែបង្ក ការរំខានលំហូរ (flow disruption) គឺវាគ្រប់គ្រាន់ក្នុងការបង្កវិបត្តិទៅហើយ។ ហើយនៅពេលដែលការផ្គត់ផ្គង់ ត្រូវបានរាំងស្ទះ ស្របពេលទីផ្សារមានភាពភ័យខ្លាច នោះតម្លៃប្រេង នឹងឡើងខ្ពស់យ៉ាងឆាប់រហ័ស ហើយបង្កសម្ពាធលើសេដ្ឋកិច្ចពិភពលោកទាំងមូល។

ប្រសិនបើការរំខាននេះបន្តយូរ ឬបម្លែងទៅជាការបិទច្រកពេញលេញមិនថាដោយចេតនា ឬដោយការគណនីខុសនោះទេ វានឹងមិនត្រឹមជាវិបត្តិតំបន់ទៀតទេ ប៉ុន្តែអាចក្លាយជាផ្លូវទី២ទៅកាន់ហាយនភាពនៃវិបត្តិប្រេងពិភពលោក។

ផ្លូវទី៣៖ ភ័យខ្លាចទីផ្សារ

តម្លៃប្រេងសកល ត្រូវបានរាយការណ៍ថា បានកើនឡើងដល់ប្រហែល ១១០ដុល្លារក្នុងមួយបារ៉ែល ខណៈការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងមជ្ឈិមបូព៌ា បានធ្វើឱ្យទីផ្សាររង្គោះរង្គើ។ ទោះបីជាការផ្គត់ផ្គង់ពិតប្រាកដ មិនទាន់ត្រូវបានកាត់បន្ថយយ៉ាងធ្ងន់ធ្ងរនៅឡើយក៏ដោយ ក៏តម្លៃបានឡើងជាមុននេះបង្ហាញថា ទីផ្សារកំពុងឆ្លើយតបលើការរំពឹងទុក មិនមែនត្រឹមតែការពិតបច្ចុប្បន្នទេ។

ក្នុងបរិបទនេះ ប្រទេសផលិតប្រេងដ៏សំខាន់ដូចជា អារ៉ាប៊ីសាអូឌីត ក៏បានរងការវាយប្រហារ និងកើនឡើងនៃសម្ពាធសន្តិសុខ។ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al-Saud បានព្រមានថា ប្រទេសរបស់ព្រះអង្គ «រក្សាសិទ្ធិក្នុងការចាត់វិធានការយោធា» ប្រសិនបើចាំបាច់។ សារនេះមិនត្រឹមជាការព្រមានយោធាទេ ប៉ុន្តែជាសញ្ញាថា ហានិភ័យនៃការពង្រីកសង្គ្រាមកំពុងកើនឡើង។

នៅក្នុងទីផ្សារថាមពល អ្វីដែលគ្រោះថ្នាក់ មិនមែនមានតែការខ្វះផ្គត់ផ្គង់ទេ ប៉ុន្តែគឺភាពភ័យខ្លាចទីផ្សារ (market sentiment)។ នៅពេលដែលអ្នកវិនិយោគ ក្រុមហ៊ុនដឹកជញ្ជូន និងប្រទេសនាំចូល ឃើញហានិភ័យកើនឡើង ពួកគេនឹងចាប់ផ្តើម៖ ទិញប្រេងស្តុកជាមុន, បន្ថែមថ្លៃធានារ៉ាប់រងនាវា និងកែផ្លូវដឹកជញ្ជូន ឬផ្អាកដំណើរការជាដើម។ អ្វីទាំងនេះ នឹងបង្កើតហានិភ័យកាន់តែខ្លាំងដែលធ្វើឱ្យតម្លៃប្រេងឡើងខ្ពស់ ទោះបីការផ្គត់ផ្គង់ នៅមិនទាន់ខ្វះពិតយ៉ាងណាក៏ដោយ។

លើសពីនេះទៅទៀត ទីផ្សារថាមពលសកល ត្រូវបានគ្រប់គ្រងដោយក្តីរំពឹងទុក និងការប៉ាន់ស្មានជាមុន ដែលបង្កហានិភ័យយ៉ាងក្រៃលែង។ គ្រាន់តែពាក្យព្រមានដូចជា ប្រេងអាចឡើងដល់ ២០០ដុល្លារ ឬសញ្ញានៃការចូលរួមរបស់ប្រទេសធំៗក្នុងសង្គ្រាម ក៏អាចធ្វើឱ្យទីផ្សារផ្លាស់ប្តូរយ៉ាងឆាប់រហ័សបានដែរ។ នៅពេលដែលការរំពឹងទុកអវិជ្ជមានមួយ ក្លាយជាការសម្រេចចិត្តរួមរបស់ទីផ្សារហលយ, នោះតម្លៃប្រេងអាចឡើងដោយ «ភាពភ័យខ្លាច» មុនពេលដែលមានការខ្វះប្រេងពិតប្រាកដទៅទៀត។ ម្យ៉ាងទៀត ប្រសិនបើប្រទេសដ៏សំខាន់ដូចជា អារ៉ាប៊ីសាអូឌីត ត្រូវលោតចូលក្នុងសង្គ្រាម ឬការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល កាន់តែពង្រីក, នោះទីផ្សារនឹងចូលទៅក្នុងស្ថានភាពដែលគេហៅថា «តម្លៃកំណត់ដោយភាពស្លន់ស្លោ» “panic-driven pricing” ដែលអាចជំរុញតម្លៃប្រេងឱ្យឡើងយ៉ាងលឿន និងមិនស្ថិតស្ថេរ។

ក្នុងន័យនេះភាព «ភ័យខ្លាចទីផ្សារ» មិនមែនជាផលប៉ះពាល់បន្ទាប់ពីវិបត្តិទេ ប៉ុន្តែអាចក្លាយជា មូលហេតុផ្ទាល់ ដែលជំរុញវិបត្តិឱ្យឈានទៅកាន់កម្រិតខ្ពស់។ ប្រសិនបើការភ័យខ្លាចនេះបន្តជាមួយការរំខានលំហូរ និងការវាយប្រហារលើសមត្ថភាពផលិត, នោះការព្រមានថា តម្លៃប្រេងអាចឡើងដល់ ២០០ដុល្លារ ក្នុងមួយបារ៉ែល នឹងមិនមែនជាសារព្រមានទៀតទេ ប៉ុន្តែអាចក្លាយជាការពិត។

ផ្លូវទី៤៖ កំហុសនាំទៅវិបត្តិធំ

ផ្លូវទី៤នេះ គឺជាផ្លូវដែលគ្រោះថ្នាក់ធំបំផុត ព្រោះវាមិនត្រូវការកម្លាំងធំ ឬផែនការយូរអង្វែងទេ គ្រាន់តែត្រូវការ «កំហុសតូចមួយ» ប៉ុណ្ណោះ ដើម្បីបម្លែងវិបត្តិតំបន់ឱ្យក្លាយជាវិបត្តិពិភពលោក។
ក្នុងទ្រឹស្តីតក្កវិជ្ជាសង្គ្រាមថាមពល ស្ថានការណ៍អាចរត់ទៅមុខតាមលំដាប់លំដោយ៖
១. ការវាយប្រហារមួយ ត្រូវបានបកស្រាយខុស
២. បន្ទាប់មកមានការឆ្លើយតប បានលើសកម្រិត
៣. ហើយក្រោយមកវាបង្កើតជាភាពតានតឹងកាន់តែខ្ពស់ដែលគ្មានអ្នកណាអាចបញ្ឈប់បានទាន់ពេល។
ឧទាហរណ៍នៅក្នុងវិបត្តិបច្ចុប្បន្ន អ្វីដែលកំពុងបង្ហាញគឺថា គ្រោះថ្នាក់នេះមិនមែនជាទ្រឹស្តីទេ ប៉ុន្តែជាការពិតដែលកំពុងកើតឡើងជាបន្តបន្ទាប់ដូចជា៖
- ការវាយប្រហារលើវាលឧស្ម័ន South Pars
- ការវាយតបលើមជ្ឈមណ្ឌលឧស្ម័នធម្មជាតិរាវ LNG របស់កាតា
- និងការគំរាមបិទច្រក Hormuz ជាដើម។
ព្រឹត្តិការណ៍ទាំងនេះ បង្ហាញថា សង្គ្រាមកំពុងឆ្លងពី «ការប្រយុទ្ធយោធា» ទៅ «ការប្រយុទ្ធលើប្រព័ន្ធថាមពល» ដែលមានហានិភ័យខ្ពស់ជាងច្រើន។

បញ្ហាគ្រោះថ្នាក់បំផុត គឺមិនមែននៅលើអាវុធ ឬកម្លាំងយោធាទេ ប៉ុន្តែស្ថិតនៅលើការយល់ខុស (misperception)។ ក្នុងបរិបទដែលមានភាគីច្រើន និងគ្មានអ្នកគ្រប់គ្រងតែមួយ ការវាយប្រហារតូចមួយ អាចត្រូវបានបកស្រាយថាជាការប្រកាសសង្គ្រាមធំ ហើយនាំឱ្យមានការឆ្លើយតបដែលលើសកម្រិត។ ដូច្នេះ «ការសម្រេចចិត្តមួយ» មិនមែនជាការសម្រេចចិត្តដាច់ដោយឡែកទេ ប៉ុន្តែអាចក្លាយជាប្រតិកម្មជាខ្សែ ដែលបន្តពីភាគីមួយទៅមួយ ដោយគ្មានការត្រួតពិនិត្យ។ នៅពេលដែលប្រតិកម្មជាខ្សែនេះកើតឡើង វានឹងភ្ជាប់គ្នាជាមួយផ្លូវទី១ (ការបំផ្លាញសមត្ថភាពផលិត), ផ្លូវទី២ (រាំងស្ទះច្រកដឹកជញ្ជូន) និងផ្លូវទី៣ (ភ័យខ្លាចទីផ្សារ) ហើយបង្កើតជាវិបត្តិជាប្រព័ន្ធដ៏ធំធេង ដែលប៉ះពាល់ទាំងសេដ្ឋកិច្ចពិភពលោក។ ហើយលទ្ធផលចុងក្រោយរបស់វាអាចបង្កើតឱ្យមានសង្គ្រាមតំបន់ ដែលប្រែក្លាយទៅជាសង្គ្រាមថាមពលសកល, ការផ្គត់ផ្គង់ត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរ និងតម្លៃប្រេង អាចឡើងដល់កម្រិត $១៥០–$២០០ ឬអាចខ្ពស់ជាងនេះថែមទៀត។

សេចក្តីសន្និដ្ឋាន៖ វិបត្តិប្រេងមិនកើតឡើងដោយផ្លូវតែមួយទេ ប៉ុន្តែកើតឡើងនៅពេលផ្លូវជាច្រើន ដែលជួបប្រសព្វគ្នា។ នៅពេលការវាយប្រហារលើរោងចក្រថាមពល បូកបញ្ចូលជាមួយការរាំងស្ទះច្រកដឹកជញ្ជូន និងបន្ថែមដោយភាពភ័យខ្លាចទីផ្សារ ហើយបញ្ចប់ដោយ «កំហុសមួយ», ពេលនោះវិបត្តិមួយក្នុងតំបន់ នឹងបម្លែងខ្លួនទៅជាវិបត្តិថាមពល និងសេដ្ឋកិច្ចពិភពលោក និងចុងក្រោយ វាជាផ្លូវ ដែលនឹងនាំពិភពលោកទៅកាន់ «ហាយនភាព» នៃវិបត្តិប្រេង ដោយមិនអាចចៀសរួចបានឡើយ៕