FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្នុងឆ្នាំ២០២៥ វិស័យកសិកម្មបានរួមចំណែកប្រមាណ ១៦,១% ក្នុងផលិតផលសរុបក្នុងស្រុក

19-03-2026 17:22

(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថាក្នុងឆ្នាំ២០២៥ វិស័យកសិកម្មបានរួមចំណែកប្រមាណ ១៦,១% ក្នុងផលិតផលសរុបក្នុងស្រុក (GDP)។

ការថ្លែងរបស់លោកបែបនេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦។

ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ វិស័យកសិកម្មកម្ពុជាបានបង្ហាញពីភាពធន់ និងការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង បង្កើតការងារ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ទោះបីជាពិភពលោក និងតំបន់ជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនក៏ដោយ។

ជាមួយគ្នានេះ លោក បានមានប្រសាសន៍ដូច្នេះថា «ក្នុងឆ្នាំ២០២៥ វិស័យកសិកម្មបានរួមចំណែកប្រមាណ ១៦,១% ក្នុងផលិតផលសរុបក្នុងស្រុក (GDP) ជាមួយនឹងកំណើនប្រចាំឆ្នាំ ១,២% ដែលធ្វើឱ្យតម្លៃបន្ថែមសរុបនៃវិស័យនេះកើនឡើងដល់ជាង ៨,៣ពាន់លានដុល្លារអាមេរិក»

ចំពោះការនាំចេញសរុប សម្រេចបានទឹកប្រាក់ជិត ៦,៥ពាន់លានដុល្លារ (កើនឡើងជាង ៣២០លានដុល្លារ ធៀបនឹងឆ្នាំ២០២៤) ក្នុងនោះ អនុវិស័យដំណាំមានទំហំធំជាងគេគឺជាង ៥,៦ពាន់លានដុល្លារ។

ដោយឡែកផលិតកម្មស្រូវ-អង្ករ, កម្ពុជាផលិតស្រូវបានជាង ១៥លានតោន ដោយនៅសល់អតិរេកស្រូវជាង ៩លានតោន និងនាំចេញអង្ករបានជិត ៩៥ម៉ឺនតោន។ ជាមោទនភាពជាតិ អង្ករកម្ពុជាបានដណ្តើមជ័យលាភី «អង្ករល្អជាងគេនៅលើពិភពលោក» លើកទី៧ ក្នុងឆ្នាំ២០២៥។

សម្រាប់ផលិតផលសាច់ និងត្រី, កម្ពុជាមានសមត្ថភាពផ្គត់ផ្គង់តម្រូវការសាច់ក្នុងស្រុកបាន និងអាចទប់ស្កាត់ការរាតត្បាតជំងឺផ្តាសាយបក្សីបានទាន់ពេលវេលា ខណៈបរិមាណផលនេសាទត្រីទឹកសាបកើនឡើងប្រមាណ ១០%។

បន្ថែមពីនេះ លោកក៏បានលើកឡើងពី សមិទ្ធផលលេចធ្លោលើការអភិរក្ស និងសន្តិសុខស្បៀង ដែលក្រសួងសម្រេចបានលទ្ធផលយ៉ាងត្រចះត្រចង់ក្នុងការអភិរក្សធនធានធម្មជាតិ និងការផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដូចជា៖

*ការអភិរក្សសត្វផ្សោត៖ ឆ្នាំ២០២៥ គឺជាឆ្នាំដំបូងជាប្រវត្តិសាស្ត្រដែល មិនមានសត្វផ្សោតស្លាប់ទាល់តែសោះ ខណៈមានកូនកើតថ្មីចំនួន ៨ក្បាល។ គិតត្រឹមដើមឆ្នាំ២០២៦ នេះ ចំនួនសត្វផ្សោតទន្លេមេគង្គសរុបបានកើនឡើងដល់ ១១៤ក្បាល។

ការពង្រីកទីផ្សារអន្តរជាតិ និងការគាំទ្រកសិករលោករដ្ឋមន្ត្រី បានថ្លែងថា ដើម្បីបង្កើនប្រាក់ចំណេញដល់កសិករ និងកាត់បន្ថយថ្លៃដើមផលិត ក្រសួងបានដាក់ចេញនូវយន្តការសំខាន់ៗដូចខាងក្រោម៖

*សហគមន៍កសិកម្មទំនើប៖ បង្កើតបានចំនួន ៣១សហគមន៍ ក្នុង ១៤ខេត្ត លើដំណាំយុទ្ធសាស្ត្រចំនួន ៦មុខ។ សហគមន៍ទាំងនេះទទួលបានប្រាក់កម្ចីធនាគារជិត ១៦លានដុល្លារ ជាមួយនឹងអត្រាការប្រាក់សមរម្យ រួមទាំងថវិកាសម្រាប់គាំទ្រឥណទានសហគមន៍ពីរាជរដ្ឋាភិបាល ៣៥លានដុល្លារ។

*មន្ត្រីកសិកម្មឃុំ៖ កម្លាំងមន្ត្រីជំនាញចំនួន ១៦០០នាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសដើម្បីជួយគាំទ្របច្ចេកទេស និងសម្របសម្រួលទីផ្សារដល់កសិករដោយផ្ទាល់។

*ការបើកទីផ្សារថ្មីសម្រាប់កសិផលកម្ពុជា៖ ក្រសួងបានជោគជ័យក្នុងការបើកទីផ្សារនាំចេញទុរេន និងសត្វក្រពើរស់ទៅកាន់ប្រទេសចិន នាំចេញអង្ករទៅហ្វីលីពីន និងបានចុះកិច្ចព្រមព្រៀងជាមួយប្រទេសឡាវ ដើម្បីសម្រួលការដឹកជញ្ជូនកសិផលឆ្លងកាត់ទៅកាន់ប្រទេសចិន៕