FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ជួបសម្ដែងការគួរសមជាមួយប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស និងវប្បធម៌អាស៊ី នៅក្វាងជូ ពង្រឹងកិច្ចសហការគាំទ្រពលរដ្ឋខ្មែរ

19-03-2026 17:04

(កូរ៉េខាងត្បូង)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយ លោកស្រី ជូ អ៊ឺនផ្យ៉ូ(Joo Eun-pyo) ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស និងវប្បធម៌អាស៊ី នៅតំបន់ក្វាងជូធំ។

លោកទូត បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ​ ចំពោះលោកស្រីប្រធានមជ្ឈមណ្ឌល ដែលតែងតែយកចិត្តទុកដាក់​ ក្នុងការផ្ដល់សេវាប្រឹក្សា ដោះស្រាយបញ្ហាចំពោះពលករ និងប្រជាពលរដ្ឋកម្ពុជាកន្លងមក។ លោកស្រីប្រធានមជ្ឈមណ្ឌលបានថ្លែងអំណរគុណចំពោះ ស្ថានទូត ដែលបានយកចិត្តទុកដាក់ និងចុះមកសួរសុខទុក្ខដល់មជ្ឈមណ្ឌល។

លោកស្រី បានកោតសរសើរចំពោះទឹកចិត្តពលរដ្ឋកម្ពុជា ក្នុងការខិតខំប្រឹងប្រែង ព្យាយាមធ្វើការ​ ជាពិសេសការងារស្ម័គ្រចិត្តជួយដល់សង្គម​ ដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន នេះជាមូលហេតុចម្បងដែលបណ្ដាលធ្វើឱ្យលោកស្រីមានចិត្តក្នុងការជួយជ្រោមជ្រែងប្រជាពលរដ្ឋកម្ពុជារហូតដល់ពេលបច្ចុប្បន្ន។

បន្ថែមពីនេះ ស្ថានទូតឯកអគ្គរាជទូតកម្ពុជា និងមជ្ឈមណ្ឌល បានបង្ហាញជំហររួមគ្នា ក្នុងការសហការគ្នាក្នុងពេលខាងមុខ ក្នុងការផ្ដល់សេវាសាធារណៈ ការពិនិត្យសុខភាពដោយឥតគិតថ្លៃ ឬកម្មវិធីវប្បធម៌ក្នុងទ្រង់ទ្រាយណាមួយ ក្នុងគោលបំណងផ្ដល់ផលប្រយោជន៍​ ក៏ដូចសុខុមាលភាពជូនដល់សាធារណជន​ ជាពិសេសប្រជាពលរដ្ឋខ្មែរនៅក្នុងតំបន់ក្វាងជូធំ​ និងតំបន់ជុំវិញ៕