ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង លើកទឹកចិត្តសហគមន៍ខ្មែរនៅក្វាងជូ ឲ្យអត់ធ្មត់ និងតស៊ូ
19-03-2026 16:54
(កូរ៉េខាងត្បូង)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ នៅភោជនីយដ្ឋានយូរ៉ាម្ហូបខ្មែរក្នុងទីក្រុងក្វាងជូធំ និងបងប្អូនពលករ-ពលការីនី ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅមជ្ឈមណ្ឌលឆុនណាំក្វាងជូ ក្នុងអំឡុងពេលរង់ចាំស្វែងរកការងារថ្មី។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឯកអគ្គរាជទូត បានផ្ដល់ការលើកទឹកចិត្តដល់ប្អូនៗឱ្យមានការអត់ធ្មត់ ខិតខំតស៊ូ ក្នុងខណៈពេលដ៏លំបាកនេះ និងខិតខំអភិវឌ្ឍខ្លួនដោយឆ្លៀតពេលរៀនភាសាកូរ៉េបន្ថែម។
លោកឯកអគ្គរាជទូត ក៏បានឧបត្ថម្ភថវិកាមួយចំនួនទុកសម្រាប់ប្អូនៗប្រើប្រាស់ក្នុងពេលស្នាក់នៅបណ្ដោះអាសន្ននេះផងដែរ៕






