អភិបាលខេត្តបាត់ដំបង នាំយកអំណោយជូនដល់អតីតយុទ្ធជន និងនិវត្តជនចំនួន៤៨៤គ្រួសារ ក្នុងឃុំឆ្នាល់មាន់ និងឃុំដូនបា
19-03-2026 16:10
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ផ្ដល់ជូនដល់អតីតយុទ្ធជន និងនិវត្តជន ចំនួន៤៨៤គ្រួសារ ដែលកំពុងរស់នៅលើដី សម្បទានសង្គមកិច្ច ស្ថិតក្នុងឃុំឆ្នាល់មាន់ និង ឃុំដូនបា ស្រុកគាស់ក្រឡ។
លោក សុខ លូ បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ គ្រប់បែបយ៉ាងរបស់អតីតយុទ្ធជន និងនិវត្តជន។
លោកបានជំរុញឱ្យអតីតយុទ្ធជន និងនិវត្តជនត្រូវខិតខំបង្កើនការដាំដុះ និងចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ លោកណែនាំដល់មន្រ្តីជំនាញ និងអាជ្ញាធរត្រូវបន្តយកចិត្ត ទុកដាក់ពន្លឿនរៀបចំបណ្ដាញអគ្គិសនី ទឹក ផ្លូវ មន្ទីរពេទ្យ និងសាលារៀនដើម្បីបំពេញតម្រូវការចាំបាច់របស់គ្រួសារអតីតយុទ្ធជន និងនិវត្តជន។
ក្នុងនាមរដ្ឋបាលខេត្តលោក សុខ លូ ប្ដេជ្ញាខិតខំកៀរគរធនធាន ដើម្បីបន្តជួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដោយមិនទុកបងប្អូនចោលឡើយ។
លោកបានជំរុញឱ្យអតីតយុទ្ធជន និងនិវត្តជនចូលរួមអប់រំកូនចៅឱ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមរាយការណ៍ករណីគ្រឿងញៀនកម្មវិធីទូរសព្ទដៃ App NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០%៕


















