វេជ្ជបណ្ឌិត គួង ឡូ អំពាវនាវឱ្យពង្រឹងការយល់ដឹងអាហារូបត្ថម្ភកុមារ និងលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅខេត្តព្រះវិហារ
19-03-2026 16:08
(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងអំពាវនាវឱ្យពង្រឹងការយល់ដឹងអាហារូបត្ថម្ភកុមារ និងលើកកម្ពស់គុណភាពសេវាសុខាភិបាល នៅខេត្តព្រះវិហារ។
ការថ្លែងរបស់លោកវេជ្ជបណ្ឌិត គួង ឡូ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តុះរំលឹក ស្តីពីការតាមដានការលូតលាស់របស់កុមារ ការថែទាំព្យាបាលកុមារកង្វះអាហារូបត្ថម្ភស្រាល និងធ្ងន់ធ្ងរ ព្រមទាំងការពង្រឹងទំនាក់ទំនងអន្តរបុគ្គល ជូនដល់មន្ត្រីសុខាភិបាលមកពីគ្រប់មូលដ្ឋានជាច្រើនរូប នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។
នៅក្នុងឱកាសនោះលោកវេបណ្ឌិត គួង ឡូ បានថ្លែងផ្តល់អនុសាសន៍សំខាន់ៗ ដល់មន្ត្រីពាក់ព័ន្ធ ដើម្បីពង្រឹងគុណភាពសេវាសុខាភិបាល និងការថែទាំកុមារ ដោយបានលើកឡើងថា មាតាបិតាមួយចំនួននៅមិនទាន់យល់ដឹង គ្រប់គ្រាន់អំពីបញ្ហាកង្វះអាហារូបត្ថម្ភនៅកុមារ ដោយគិតថា ភាពស្គមស្គាំងរបស់កុមារជារឿងធម្មតា។ ដូច្នេះ មន្ត្រីសុខាភិបាលត្រូវបង្កើនការផ្តល់ប្រឹក្សាអាហារូបត្ថម្ភ ឲ្យបានច្បាស់លាស់ និងពន្យល់អំពីផលប៉ះពាល់ទាំងរយៈពេលខ្លី និងវែង។
ជាមួយគ្នានេះ លោកប្រធានមន្ទីរសុខាភិបាល ក៏បានថ្លែងបញ្ជាក់ផងដែរថា ជំងឺមិនឆ្លង ដូចជា ទឹកនោមផ្អែម លើសសម្ពាធឈាម ទឹកនោមប្រៃ និងមហារីក មានការកើនឡើង ដែលបណ្តាលមកពីរបបអាហារមិនសមស្រប តាំងពីវ័យកុមារ រួមមានការបរិភោគអាហារផ្អែម ប្រៃ ខ្លាញ់ខ្ពស់ ឬអាហារចៀនបំពង និងអាហារកញ្ចប់ ដែលប៉ះពាល់ដល់សុខភាព និងបណ្តាលឲ្យកុមារខ្វះចំណង់អាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់។
លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានថ្លែងអំពាវនាវមន្ត្រីទាំងអស់ ត្រូវពង្រឹងការងារបុរេសកម្ម ដោយមិនត្រូវរង់ចាំឲ្យបញ្ហាកើតឡើងទើបដោះស្រាយ និងត្រូវកែលម្អការផ្តល់សេវាសុខាភិបាល ដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ប្រើប្រាស់អាកប្បកិរិយា និងពាក្យសំដីសមរម្យ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថា ប្រជាពលរដ្ឋទទួលបានសេវាដែលមានគុណភាព ប្រសិទ្ធភាព៕















