FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត ជិន ម៉ាលីន៖ សិក្ខាសាលាថ្នាក់ជាតិពីគណនេយ្យភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា បង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តពង្រឹងអភិបាលកិច្ច គាំពារពលរដ្ឋគ្រប់រូបដោយស្មារតីសមធម៌ សុចរិតភាព និងប្រសិទ្ធភាព

19-03-2026 15:52

(ភ្នំពេញ)៖ លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ការបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «គណនេយ្យភាព និងតម្លាភាព នៃប្រព័ន្ធគាំពារសង្គមកម្ពុជា» បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តក្នុង ស្មារតីរួម ក្នុងការពង្រឹងអភិបាលកិច្ច និងធានាឱ្យបានថាកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម នៃប្រព័ន្ធគាំពារសង្គមកម្ពុជា ត្រូវបានអនុវត្តដោយប្រកាន់ខ្ជាប់នូវគោលជំហរ «គាំពារពលរដ្ឋគ្រប់រូប ដោយស្មារតីសមធម៌ សុចរិតភាព និងប្រសិទ្ធភាព»

ការលើកឡើងបែបនេះ របស់លោកបណ្ឌិត ជិន ម៉ាលីន បានធ្វើឡើក្នុងឱកាសលោកចូលរួមពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «គណនេយ្យភាព និងតម្លាភាព នៃប្រព័ន្ធគាំពារសង្គមកម្ពុជា» ជូនរដ្ឋបាលថ្នាក់ក្រោមជាតិប្រមាណ ១ ៩០០រូប ក្រោមអធិបតីភាពទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ។

លោកបណ្ឌិត ជិន ម៉ាលីន បានថ្លែងថា បន្ទាប់ពីរាជរដ្ឋាភិបាល ដាក់ចេញឱ្យអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដែលមានគោលដៅយុទ្ធសាស្ត្រ «កសាង និងអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ត្រូវបានដាក់ចេញដោយកំណត់នូវក្របខណ្ឌអភិបាលកិច្ច និងគោលនយោបាយគាំពារសង្គមនានាសំដៅរួមចំណែកសម្រេចឱ្យបាននូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក៏ដូចជាលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន កាត់បន្ថយភាពក្រីក្រជាអតិបរិមា និងលើកកម្ពស់សុខុមាលភាពរបស់ពលរដ្ឋគ្រប់រូប។

រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានលើកឡើងថា ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម បានដាក់ចេញដែលបាននឹងកំពុងអនុវត្តការប្រកាន់ខ្ជាប់នូវ អភិបាលកិច្ចច្បាប់ នីតិរដ្ឋ និងការការពារសិទ្ធិរបស់ពលរដ្ឋស្របតាមបទប្បញ្ញត្តិជាធរមាន ក៏ជាធាតុផ្សំមិនអាចខ្វះបានផងដែរ។ ផ្អែកលើទស្សនៈនៃក្រសួងយុត្តិធម៌, ការធានាបាននូវតម្លាភាព និងគណនេយ្យភាព ក្នុងការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ត្រូវពឹងផ្អែកលើ «មូលដ្ឋានច្បាប់ដ៏រឹងមាំ»

លោកបណ្ឌិត ជិន ម៉ាលីន បានបន្តថា ច្បាប់ និងបទប្បញ្ញត្តិ អាចជួយបញ្ជាក់អំពីតួនាទី និងភារកិច្ចរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ កំណត់នីតិវិធីនៃការអនុវត្តបានច្បាស់លាស់ និងធានាបាននូវសមធម៌ និងតម្លាភាព។ បើគ្មានមូលដ្ឋានច្បាប់រឹងមាំ ទោះបីជាគោលនយោបាយមានការគិតគូរគ្រប់ជ្រុងជ្រោយយ៉ាងណាក៏ដោយ ក៏អាចជួបប្រទះនូវបញ្ហាក្នុងការអនុវត្ត និងបណ្តាលឱ្យបាត់បង់ទំនុកចិត្តពីសាធារណជនបានយ៉ាងងាយ។

ជាមួយនឹងកម្មវត្ថុនៃសិក្ខាសាលាថ្នាក់ជាតិដែលផ្តោតសំខាន់លើគណនេយ្យភាព និងតម្លៃភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា, លោកបណ្ឌិត ម៉ាលីន សូមគូសរំលេចនូវចំណុចដែលមិនអាចខ្វះបានដែលធ្វើឱ្យប្រព័ន្ធមួយមានគណនេយ្យភាពខ្ពស់ គឺ «ការការពារសិទ្ធិពលរដ្ឋ» និយាយជារួម និងនិយាយដោយឡែក គឺ «ការការពារអ្នកទទួលផល» ដែលត្រូវអនុវត្តដោយគោរពគោលការណ៍សំខាន់ៗពោលគឺ «សមធម៌, គ្មានការរើសអើង និងសុចរិតភា»

ក្នុងន័យនេះ ត្រូវបានរដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានគូសបន្ថែមថា ការបង្កើតយន្តការបណ្ដឹងតវ៉ា និងដោះស្រាយវិវាទ មានសារៈសំខាន់ណាស់ ដែលយន្តការនេះ ត្រូវតែមានលក្ខណៈងាយស្រួល មានតម្លាភាព និងមានភាពឆាប់រហ័ស ប្រកបដោយ «ភាពអព្យាក្រឹត និងសិទ្ធិស្មើគ្នាចំពោះមុខច្បាប់»