FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រព័ន្ធគាំពារសង្គមកម្ពុជា បានក្លាយជាប្រព័ន្ធមួយមានភាពរឹងមាំ អាចបត់បែន ឆ្លើយតបបានទៅនឹងបរិបទ និងគ្រោះអាសន្ននានា (Video inside)

19-03-2026 15:43

(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា ប្រព័ន្ធគាំពារសង្គមកម្ពុជា បានក្លាយជាប្រព័ន្ធមួយមានភាពរឹងមាំ និងអាចបត់បែន ឆ្លើយតបបានទៅនឹងបរិបទ និងគ្រោះអាសន្ននានា។ ទាំងនេះជាសមិទ្ធផលនៃការវិនិយោគរបស់រាជរដ្ឋាភិបាល លើការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលធានាបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងចីរភាព។

ការលើកឡើងបែបនេះ របស់លោកបណ្ឌិត ចន ណារិទ្ធ បានធ្វើឡើក្នុងឱកាសលោកចូលរួមពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «គណនេយ្យភាព និងតម្លាភាព នៃប្រព័ន្ធគាំពារសង្គមកម្ពុជា» ជូនរដ្ឋបាលថ្នាក់ក្រោមជាតិប្រមាណ ១ ៩០០រូប ក្រោមអធិបតីភាពទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ។

បើតាមលោកបណ្ឌិត ចន ណារិទ្ធ បានថ្លែងថា ស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងតម្លាភាព និងគណនេយ្យភាព នៃការផ្តល់អត្ថប្រយោជន៍គាំពារសង្គម, ក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមាន កិច្ចសហការយ៉ាងពេញលេញរបស់អង្គភាពប្រឆាំងអំពើពុករលួយ រៀបចំសិក្ខាសាលាថ្នាក់ជាតិនេះឡើង ក្នុងគោលបំណង ចំនួន ៣ រួមមាន៖

ទី១៖ ដើម្បីផ្សព្វផ្សាយអំពីយន្តការ និងគោលការណ៍ពាក់ព័ន្ធ នឹងគណនេយ្យភាពនៃប្រព័ន្ធគាំពារសង្គម
ទី២៖ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ដែលបានដាក់ចេញជាបន្តបន្ទាប់ នាពេលកន្លងមក ផ្តោតសំខាន់លើក្រមសីលធម៌ និងការបញ្ច្រាបចំណេះដឹង ដើម្បីចៀសវាងនូវការប្រព្រឹត្តអំពើទាំងឡាយណា ដែលអាចត្រូវបានចាត់ទុកជាអំពើពុករលួយ
និងទី៣៖ ដើម្បីបង្កើនភាពជឿទុកចិត្តរបស់សាធារណជន និងគណនេយ្យភាពក្នុងការផ្តល់អត្ថប្រយោជន៍គាំពារសង្គម ជាពិសេសតាមរយៈបរិវត្តកម្មឌីជីថល។

លោកបណ្ឌិត ចន ណារិទ្ធ បានឱ្យដឹងថា តាមរយៈការអនុវត្ត «នយោបាយឈ្នះឈ្នះ» ក្រោមការដឹកនាំ អភិវឌ្ឍប្រទេសប្រកបដោយភាពគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ព្រមទាំងការវិវឌ្ឍនៃស្ថានភាពប្រជាសាស្ត្រ, ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ត្រូវបានរៀបចំឡើង ដោយប្រមូលផ្តុំនូវកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ដែលមានលក្ខណៈបំពេញគ្នាដោយបង្កើននូវប្រសិទ្ធភាព តម្លាភាព និងសង្គតិភាព។

លោកបណ្ឌិត ចន ណារិទ្ធ បានគូសបញ្ជាក់ថា៖ «ក្រោមការដឹកនាំសម្របសម្រួលរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម និងកិច្ចសហការយ៉ាងល្អរបស់គ្រប់ក្រសួង ស្ថាប័ន, ដៃគូអភិវឌ្ឍន៍, និងភាគីពាក់ព័ន្ធ, ប្រព័ន្ធគាំពារសង្គមកម្ពុជា បានក្លាយជាប្រព័ន្ធមួយមានភាពរឹងមាំ និងអាចបត់បែន ឆ្លើយតបបានទៅនឹងបរិបទ និងគ្រោះអាសន្ននានា។ ទាំងនេះ ជាសមិទ្ធផលនៃការវិនិយោគរបស់រាជរដ្ឋាភិបាល លើការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលធានាបាននូវប្រសិទ្ធភាព, ស័ក្តិសិទ្ធិភាព, និងចីរភាព»

នាឱកាសនោះដែរ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមរូបនេះ បានបន្តថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំដ៏ស្វាហាប់ និងប្រកបដោយថាមភាព របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, ការលើកស្ទួយសុខុមាលភាព និងជីវភាពរបស់ពលរដ្ឋ, ការអភិវឌ្ឍមូលធនមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ក្នុងស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» ត្រូវបានចាត់ទុកជាអាទិភាពចំពោះមុខមួយដោសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងបន្តដឹកនាំ នាវាគាំពារសង្គមកម្ពុជា ធ្វើដំណើរទៅមុខប្រកបដោយភាពរឹងមាំ និងនិរន្តរភាព។

លោកបណ្ឌិត បានបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ២០១៧, រាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ លើការអនុវត្ត និងអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋ តាមរយៈការពង្រីកវិសាលភាព នៃការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ដែលមានស្រាប់ និងការដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមថ្មីៗ ជាបន្តបន្ទាប់បន្ថែមទៀត។ កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម បានពង្រីកវិសាលភាពលើសមុនជាង ២ដង ខណៈការគ្របដណ្តប់ពលរដ្ឋបានកើនឡើង ពីចំនួនត្រឹមតែ ៣,៣លាននាក់ កាលពីឆ្នាំ២០១៧ រហូតដល់ជាង ៧,៩លាននាក់ ក្នុងឆ្នាំ២០២៥ ដោយក្នុងនោះរបបសន្តិសុខសង្គម បាននឹងកំពុងគ្របដណ្តប់ពលរដ្ឋប្រមាណ ៣,៩លាននាក់៕