សមាគមខ្មែរនៅជប៉ុន ត្រូវបានបង្កើតដើម្បីជំរុញសាមគ្គីភាពសហគមន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន
19-03-2026 14:53
(ជប៉ុន)៖ សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន (CAJ) ត្រូវបានសម្ពោធជាផ្លូវការ នៅទីក្រុងតូក្យូ ដោយមានគោលបំណងពង្រឹងសាមគ្គីភាពក្នុងសហគមន៍ខ្មែរ លើកកម្ពស់កិត្តិយសជាតិ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ និងទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។
កម្មវិធីនេះ មានការចូលរួមពីភ្ញៀវកិត្តិយសដែលអញ្ជើញមកពីប្រទេសកម្ពុជា តំណាងក្រុមហ៊ុន-អង្គការ ជប៉ុននិងខ្មែរចំនួន២៦ និងសមាជិកសហគមន៍ខ្មែររស់នៅក្នុងប្រទេសជប៉ុនជាច្រើនរូប។
ក្នុងឱកាសនោះ លោកឯកអគ្គរាជទូត បាននាំនូវការផ្តាំសួរសុខទុក្ខដល់បងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ ពីសំណាក់ថ្នាក់ដឹកនាំរបស់កម្ពុជាគឺ សម្តេចតេជោ ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។ លោកឯកអគ្គរាជទូត បានសម្ដែងនូវការសរសើរដោយស្មោះដល់លោក ហៃ វណ្ណា ប្រធានសមាគម CAJ និងជាទីប្រឹក្សា សម្តេចតេជោ ហ៊ុន សែន ព្រមទាំងក្រុមការងារពាក់ព័ន្ធ ដែលបានរៀបចំបង្កើតជា ផ្លូវការនូវសមាគមនេះឡើង។
លោកបានស្វាគមន៍ទស្សនៈវិស័យរបស់សមាគម ក្នុងការរួមចំណែក ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ជំរុញគំនិតផ្តួចផ្តើមវិនិយោគកម្ពុជា-ជប៉ុន ពង្រឹងសាមគ្គីភាពក្នុងសហគមន៍ខ្មែរ និងលើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិ។ លោក បានលើកឡើងផងដែរអំពីកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធរបស់សមាគម CAJ ជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក្នុងការរៀបចំសកម្មភាពផ្សេងៗ។
ចំពោះទំនាក់ទំនងកម្ពុជានិងជប៉ុន លោកឯកអគ្គរាជទូត បានកត់សម្គាល់ថា ប្រទេសទាំងពីរមានភាព ជាដៃគូដ៏យូរអង្វែង និងមានការវិវត្តជាលំដាប់ ដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នាទៅវិញទៅមក និងមានផលប្រយោជន៍រួម។ ក្នុងរយៈពេលប៉ុន្មានទសវត្សនេះ ភាពជាដៃគូនេះបានពង្រីកពីការគាំទ្រដំបូង របស់ជប៉ុនក្នុងការកសាងសន្តិភាព និងការកសាងឡើងវិញរបស់ប្រទេសកម្ពុជា រហូតដល់កិច្ចសហប្រតិបត្តិ ការយ៉ាងទូលំទូលាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគ ការអភិវឌ្ឍធនធានមនុស្ស និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
សព្វថ្ងៃនេះ ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងទ្វេភាគីបន្តស៊ីជម្រៅ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងកំណើនប្រកបដោយចីរភាព នៅក្នុងតំបន់។ ទន្ទឹមនឹងនេះ លោកឯកអគ្គរាជទូត បានផ្តល់នូវបច្ចុប្បន្នភាពថ្មីៗអំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយការលើកឡើងពីការតវ៉ាជំទាស់ជាផ្លូវការ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៣ និងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ប្រឆាំងនឹងសកម្មភាពខុស ច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
លោកបានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាកររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ ស្វែងរកដំណោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ តាមរយៈ មធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីនានា ខណៈដែលប្តេជ្ញាចិត្តជា ដាច់ខាតចំពោះការប្រកាន់ជំហរជាគោលការណ៍ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ។
លោកឯកអគ្គរាជទូត បានកោតសរសើរគំនិតផ្តួចផ្តើមនាពេលថ្មីៗនេះរបស់សមាគម CAJ ក្នុងការ ប្រមូលផ្តុំតវ៉ាដោយសន្តិវិធីដែលមានការចូលរួមដោយសមាជិកសហគមន៍ខ្មែរនៅក្នុងប្រទេសជប៉ុន ក្នុង ស្មារតីស្នេហាជាតិ និងរួបរួមសាមគ្គីគ្នា ដើម្បីសម្តែងការព្រួយបារម្ភ ចំពោះការបន្តសកម្មភាពរបស់ប្រទេស ថៃក្នុងការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា៕
















