ព្រះបាឡាត់គណខេត្តសៀមរាប នាំយកអំណោយ និងសម្ភារប្រើប្រាស់មួយចំនួន ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត
19-03-2026 14:52
(សៀមរាប)៖ ព្រះសាសនសត្ថា តង់ តន ព្រះបាឡាត់គណខេត្តសៀមរាប និងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បាននិមន្តនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីសម្រាលនូវទុក្ខលំបាកខ្លះរបស់មន្ទីរពេទ្យ។
ព្រះសាសនសត្ថា តង់ តន មានថេរដីកាថា សកម្មភាពនាពេលនេះ គឺជាការបង្ហាញពីស្មារតី «ខ្មែរជួយខ្មែរ» និងជាការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងវិស័យពុទ្ធចក្រ និងអាណាចក្រក្នុងការបម្រើប្រយោជន៍សង្គម។ ស្មារតីនៃការចែករំលែកនេះ នឹងជួយឱ្យសង្គមយើងកាន់តែមានភាពកក់ក្តៅ និងរីកចម្រើនទៅមុខ។
ព្រះអង្គមានថេរដីកាបន្តថា សកម្មភាពនេះ មិនត្រឹមតែជាការជួយសម្រាលបន្ទុកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដល់កម្លាំងចិត្តដល់ក្រុមគ្រូពេទ្យ ដែលជាទ័ពអាវស កំពុងខិតខំជួយសង្គ្រោះជីវិតប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់។ ពិតណាស់ ការចែករំលែក គឺជាក្តីស្រលាញ់ ហើយសុខភាព គឺជាទ្រព្យសម្បត្តិដ៏មហាសាល យើងរួមគ្នាជួយមន្ទីរពេទ្យ ដើម្បីស្នាមញញឹមរបស់អ្នកជំងឺ។
តំណាងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប លោកគ្រូពេទ្យ និងអ្នកគ្រូពេទ្យ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសេចក្តីសប្បុរសរបស់ព្រះសង្ឃ និងសប្បុរសជនទាំងអស់។ អំណោយទាំងនេះ ពិតជាមានតម្លៃណាស់សម្រាប់មន្ទីរពេទ្យ នឹងបែងចែកបន្តទៅតាមតម្រូវការជាក់ស្តែង ដើម្បីបម្រើឱ្យការងារព្យាបាល និងផ្គត់ផ្គង់ដល់អ្នកជំងឺដែលមានជីវភាពខ្វះខាត។
លោកគ្រូពេទ្យ បានបន្តថា សកម្មភាពមនុស្សធម៌នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីសាមគ្គីភាពដ៏រឹងមាំក្នុងសង្គមខ្មែរ ដែលតែងតែជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ជាពិសេសក្នុងវិស័យសុខាភិបាល ដែលជាឆ្អឹងខ្នងនៃសុខភាពសាធារណៈ។
សូមជម្រាបថា បន្ទាប់ពីការប្រគល់សម្ភារជូនមន្ទីរពេទ្យ ព្រះបាឡាត់គណខេត្ត រួមជាមួយពុទ្ធបរិស័ទ ក៏បាននិមន្តចុះសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅសាលសង្គ្រោះបន្ទាន់ផងដែរ។ ក្នុងនោះ ព្រះអង្គបានចែកជូននូវសារុង និងថវិកាដល់អ្នកជំងឺ និងសាច់ញាតិដែលមកកំដរ ព្រមទាំងផ្ដល់ជូនថវិកាលើកទឹកចិត្ត ដល់កម្មករដែលបម្រើការងារក្នុងមន្ទីរពេទ្យផងដែរ៕











