ប្រធាន ACU បង្ហាញពីផែនការយុទ្ធសាស្ត្រ ៣មុខព្រួញ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ (Video inside)
19-03-2026 14:50
(ភ្នំពេញ)៖ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបង្ហាញពីផែនការយុទ្ធសាស្ត្រចំនួន ៣មុខព្រួញសំខាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅកម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិតីភាពបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីគណនេយ្យភាព និងតម្លាភាព នៃប្រព័ន្ធគាំពារសង្គមកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានគូសបញ្ជាក់ថា មុខព្រួញទាំង៣នេះរួមមានមុខព្រួញទី១៖ ការងារអប់រំ, មុខព្រួញទី២ ការបង្ការ និងទប់ស្កាត់កុំឱ្យមានកើតអំពើពុករលួយ និងមុខព្រួញទី៣៖ ការអនុវត្តច្បាប់បញ្ជូនទៅតុលាការ ដើម្បីទទួលតាមច្បាប់ចំពោះជនល្មើស។
ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានថ្លែងថា ការបង្ក្រាបបទល្មើសប្រឆាំងអំពើពុករលួយ គឺស្របទៅនឹងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានលើកឡើងថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយ គឺធ្វើឱ្យមនុស្សម្នាក់ប្រកាន់យកផ្នត់គំនិតមិនចង់ មិនអាច និងមិនហ៊ានពុករលួយ។
ជាមួយគ្នានេះដែរ ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានគូសបញ្ជាក់ថា អនុប្រធានសាខាគយ ១រូប ក៏កំពុងប្រឈមនឹងតុលាការនៅថ្ងៃនេះ ខណៈមន្ត្រីតុលាការកំពុងពិនិត្យភស្តុតាង ហើយអាចថ្ងៃនេះ ឬយប់ស្អែកថាចោទប្រកាន់បាន ឬមិនបាន។ «ខណៈអង្គភាពក៏ទើបតែបញ្ជូនមន្ត្រីអង្គភាព ACU ខ្លួនឯងហ្នឹង គេសួរថាអីឡូវអង្គភាពប្រឆាំងអំពើពុករលួយ ចាប់អ្នកពុករលួយ ចុះមន្ត្រី ACU ខ្លួនឯងពុករលួយ អ្នកណាគេចាប់ គឺអង្គភាពចាប់ខ្លួនឯង យើងមានយន្តការមួយស៊ើបអង្កេតផ្ទៃក្នុង យើងទើបបញ្ជូនទៅ ២-៣ថ្ងៃមុន ហើយមកដល់ពេលនេះជិត១០នាក់ហើយ ដែលយើងមានកសាងបញ្ជូនទៅតុលាការឱ្យតែប៉ះរឿងអំពើពុករលួយ»៕























