ទេសរដ្ឋមន្ត្រី ឱម យិនទៀង៖ ការងារក្នុងប្រព័ន្ធគាំពារសង្គម មានថវិកា និងអត្ថប្រយោជន៍នានា ត្រូវបញ្ជូនទៅដល់ប្រជាពលរដ្ឋ ដែលត្រូវការពិតប្រាកដ ដោយគ្មានការលេចធ្លាយនៃអំពើទុច្ចរិត (Video inside)
19-03-2026 14:42
(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលើកឡើងថា ការងារក្នុងប្រព័ន្ធគាំពារសង្គម ក្នុងនោះមានថវិកា និងអត្ថប្រយោជន៍នានា ត្រូវបញ្ជូនទៅដល់ប្រជាពលរដ្ឋ ដែលត្រូវការ ពិតប្រាកដ ដោយគ្មានការលេចធ្លាយនៃអំពើទុច្ចរិត។
ក្នុងន័យនេះ លោកទេសរដ្ឋមន្រ្តី បានទទូចឲ្យក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវលើកកម្ពស់គណនេយ្យភាព តម្លាភាព ចំពោះប្រព័ន្ធគាំពារសង្គម តាមស្មារតី «យើងទាំងអស់គ្នាប្តេជ្ញាចិត្តសហការគ្នា ដើម្បីកសាងប្រព័ន្ធដែលបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងប្រសិទ្ធភាព»។
ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានបញ្ជាក់ថា «ការភ្ជាប់ការគាំពារសង្គមជាមួយការប្រឆាំងអំពើ ពុករលួយ មិនមែនជាជម្រើសទេ ប៉ុន្តែគឺជាកាតព្វកិច្ច»។
ការថ្លែងបែបនេះរបស់កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានធ្វើឡើងនៅក្ននុងអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «គណនេយ្យភាព និងតម្លាភាព នៃប្រព័ន្ធគាំពារសង្គមកម្ពុជា» ជូនរដ្ឋបាលថ្នាក់ ក្រោមជាតិប្រមាណ ១៩០០រូប ដើម្បីលើកកម្ពស់គណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គម និងបញ្ជ្រាបការយល់ដឹងអំពីច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ជូនដល់មន្រ្តីអនុវត្តកម្មវិធីឃុំ សង្កាត់ទូទាំងប្រទេស ក្រោមកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)។
កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានបន្តថា ប្រព័ន្ធគាំពារសង្គមអាចដំណើរការបានកាន់តែប្រសើរ លុះត្រាតែមានតម្លាភាព និងគណនេយ្យភាព។ តម្លាភាព និងគណនេយ្យភាព ជាសសរស្តម្ភដ៏សំខាន់២ នៃអភិបាលកិច្ចល្អ ហើយមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាតែមានអត្ថន័យដាច់ពីគ្នា។
កិត្តិនីតិកោសលបណ្ឌិត បានសង្កត់ធ្ងន់ថា «មានគណនេយ្យភាព តែគ្មានតម្លាភាព គឺពិបាកនឹងរកភស្តុតាង ដើម្បីដាក់បន្ទុកលើអ្នកធ្វើខុស។ មានតម្លាភាព តែគ្មានគណនេយ្យភាព នោះគ្រាន់តែបានដឹងថា គេម្នាក់នោះ ឬច្រើនគ្នានោះ បានធ្វើខុស តែមិនអាចធ្វើអ្វីគេបាន។ ដូច្នេះ បើមានទាំងគណនេយ្យភាព និងតម្លាភាពព្រមគ្នា យន្តការនេះ ត្រូវបានមហាជន សាធារណជនមានទំនុកចិត្ត អាចទប់ស្កាត់អំពើពុករលួយ អាចកាត់បន្ថយឱកាសប្រើអំណាចខុសច្បាប់ ខុសគោលដៅ និងអាចបង្កើនប្រសិទ្ធភាពនៃការងារ»។
សម្រាប់លោកបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម បានពង្រីកវិសាលភាពលើសមុនជាង២ដង បន្ទាប់ការគ្របដណ្តប់ពលរដ្ឋបានកើនឡើង ពីចំនួនត្រឹមតែ ៣,៣លាននាក់ កាលពីឆ្នាំ២០១៧ រហូតដល់ជាង ៧,៩លាននាក់ ក្នុងឆ្នាំ២០២៥ ក្នុងនោះរបបសន្តិសុខសង្គម បាននិងកំពុងគ្របដណ្តប់ពលរដ្ឋ សរុប ៣,៩លាននាក់៕























