FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត និងស្នងការនគរបាលខេត្ត នាំយកម៉ូតូ អំណោយ និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនវីរៈកងទ័ពជួរមុខទិសថ្មដា ខេត្តពោធិ៍សាត់ (Video inside)

19-03-2026 14:40

(ពោធិ៍សាត់)៖ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត និងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានដឹកនាំសហការី នាំយកម៉ូតូ អំណោយ សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនវីរៈកងទ័ពជួរមុខទិសថ្មដា ខេត្តពោធិ៍សាត់។

អំណោយដែលលោក ជីវ ចាន់តារា និងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ នាំយកទៅប្រគល់ជូនវីរៈកងទ័ពជួរមុខនោះ រួមមាន៖ ម៉ូតូចំនួន៥គ្រឿង, វិទ្យុទាក់ទង ចំនួន២០គ្រឿង និងទឹកសុទ្ធ ចំនួន១,០០០យួរ។ ក្នុងនោះបានប្រគល់ជូន កងពលលេខ៣១ ចំណុះភូមិភាគ៣ ដែលឈរជើងនៅទិសថ្មដា ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ផង់ យ៉ុត មេបញ្ជាការកងពលលេខ៣១, លោក គឹម កុសល និងលោក សេះ យ៉ុង មេបញ្ជាការរងកងពលលេខ៣១ និងនាយទាហាន នាយទាហានរង ពលទាហានមួយចំនួន។

ថ្លែងក្នុងឱកាសនោះ លោក ជីវ ចាន់តារា បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ជូនដល់វីរៈកងទ័ពទាំងអស់ដោយក្ដីនឹករលឹក ដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខ។

ដោយឡែក លោកឧត្តមសេនីយ៍ស្នងការខេត្តកំពត បានផ្តាំផ្ញើការសួរសុខទុក្ខពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលបានគិតគូរជាប្រចាំ និងបានចាត់ឲ្យថ្នាក់ដឹកនាំអគ្គស្នងការដ្ឋានគរបាលជាតិ និងបណ្តាស្នងការនគរបាលរាជធានី-ខេត្ត ចុះសួរសុខទុក្ខវីរកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែន។

នៅក្នុងឱកាសនោះ លោកទាំង២ បានគូសបញ្ជាក់ថា ប្រជាជាតិខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅស្រុកបានរួបរួមសាមគ្គីគ្នាយ៉ាងរឹងមាំក្នុងការគាំទ្រដល់យុទ្ធជនជរមុខ និងបង្ហាញរឿងដែលកំពុងកើតឡើងទៅកាន់ពិភពលោក ដើម្បីទាមទាររកសន្តិភាពដល់ប្រជាជនកម្ពុជាវិញ។

លោកទាំងពីរសុទ្ធតែបានគូសបញ្ជាក់ថា ជួរក្រោយមិនដែលភ្លេចនូវសុខទុក្ខ និងការឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខនោះទេ ពោលនឹងបន្ដឧបត្ថម្ភជាបន្ដបន្ទាប់ដើម្បីបង្ហាញអំពីស្មារតី សាមគ្គី និងកម្លាំងចិត្តយ៉ាងធំធេងដល់ជួរមុខ៕