FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហគមន៍ចិន៥និកាយនៅកម្ពុជា៖ ស្ពានមិត្តភាពរឹងមាំ បង្កើនទំនាក់ទំនងប្រជាជនកម្ពុជា-ចិន

18-03-2026 18:26

(ភ្នំពេញ)៖ ក្នុងបរិបទដែលទំនាក់ទំនងកម្ពុជា-ចិន កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងឈានដល់កម្រិត «សហគមន៍រួមវាសនា គ្រប់រដូវកាលក្នុងយុគសម័យថ្មី» តួនាទីរបស់សហគមន៍ចិននៅកម្ពុជា ត្រូវបានវាយតម្លៃថា ជាកម្លាំងស្នូលដ៏សំខាន់មួយក្នុងការភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ។

តាមរយៈបណ្ដាញព័ត៌មាន Fresh News លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបញ្ជាក់ថា សហគមន៍ចិននៅកម្ពុជា មានប្រវត្តិសាស្ត្រជិត២សតវត្សរ៍មកហើយ និងបានបែងចែកជា៥និកាយផ្សេងគ្នា ក្នុងនោះរួមមាន៖ ចិនទាជីវ, ចិនកន្តាំង, ចិនខិ, ចិនហុកគៀង និងចិនហៃណាន។ សហគមន៍ចិនទាំង៥នេះ គឺជាគ្រឹះសង្គមសំខាន់មួយដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

សហគមន៍ចិនទាំង៥និកាយនៅកម្ពុជា កំពុងរួមចំណែកយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជាក៏តែងលើកទឹកចិត្តដល់សហគមន៍ចិន បន្តបង្កើនកម្លាំងរបស់ខ្លួនបន្ថែមទៀតឱ្យបានកាន់តែខ្លាំងក្លា ក្នុងនោះកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសកាណាឌីយ៉ាផ្លូវជាតិលេខ៥១ផងដែរ។

ក្នុងនាមអ្នកស្រាវជ្រាវទំនាក់ទំនងកម្ពុជា-ចិន លោកបណ្ឌិត បានចាត់ទុកវិស័យអប់រំ ជាគ្រឹះសំខាន់សម្រាប់ការបន្ត និងពង្រឹងទំនាក់ទំនងកម្ពុជា-ចិន ហើយ «ធនធានមនុស្ស ដែលយល់ពីវប្បធម៌ពីរ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតសម្រាប់អនាគតទំនាក់ទំនងកម្ពុជា-ចិន»។ ក្នុងន័យនេះ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក៏បានដើរតួនាទីយ៉ាងសកម្មក្នុងការផ្សព្វផ្សាយចំណេះដឹង និងភ្ជាប់បណ្តាញអ្នកវិទ្យាសាស្ត្រ និងយុវជន ដើម្បីរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។ ក្នុងន័យនេះ សាកលវិទ្យាល័យទួនហ្វា ដែលអភិវឌ្ឍពីសាលារៀនទួនហ្វាដែលមានអាយុកាល១១២ឆ្នាំ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបម្រើដល់ការពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន កម្ពុជា-ចិន។

លោកបណ្ឌិតបញ្ជាក់ថា «ការតភ្ជាប់ប្រជាជន និងប្រជាជន គឺជាគ្រឹះដ៏រឹងមាំបំផុតនៃទំនាក់ទំនងអន្តរជាតិ ដែលអាចឆ្លងកាត់ការប្រែប្រួលនយោបាយ និងសេដ្ឋកិច្ចបាន ជាក់ស្តែងតាមរយៈសមាគម សាលារៀនទួនហ្វា និងព្រឹត្តិការណ៍វប្បធម៌ផ្សេងៗ សហគមន៍ចិនបានបង្កើតវេទិកា ដែលអាចឲ្យប្រជាជនទាំងពីរប្រទេស យល់ដឹងពីគ្នាបន្ថែមនិងពង្រឹងមិត្តភាពយូរអង្វែង»

ជាសច្ចភាព «សហគមន៍ចិន មិនត្រឹមតែជាអ្នករកស៊ីប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកភ្ជាប់ឱកាស ភ្ជាប់ទីផ្សារ ភ្ជាប់វិនិយោគ និងភ្ជាប់អនាគត» ជាឧទាហរណ៍៖ តំបន់សេដ្ឋកិច្ចពិសេសនានាក្នុងប្រទេសកម្ពុជា និងការភ្ជាប់កម្ពុជា ជាមួយតំបន់គយពិសេសខេត្តហៃណាន គឺជាសក្ខីភាពនៃសក្ដានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលអាចបង្កើតឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម និងសេវាកម្ម ដែលនាំឱ្យវិនិយោគិនចិននៅតែឈរលំដាប់ទី១ក្នុងតារាងវិនិយោគនៅកម្ពុជា។

ច្បាស់ណាស់ក្នុងសម័យសកលភាវូបនីយកម្ម និងបដិវត្តន៍ឌីជីថល សហគមន៍ចិននៅកម្ពុជា ត្រូវបន្តពង្រឹងតួនាទីរបស់ខ្លួន ដោយផ្តោតលើការអប់រំ ការចូលរួមរបស់យុវជន និងការបង្កើតបណ្តាញទំនាក់ទំនងថ្មីៗនោះ «សហគមន៍ចិនដ៏រឹងមាំ មិនត្រឹមតែរក្សាបេតិកភណ្ឌអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្កើតសមត្ថភាពសម្រាប់អនាគតផងដែរ»

សរុបមកសហគមន៍ចិនទាំង៥និកាយនៅកម្ពុជា គឺជាស្ពានមិត្តភាពដ៏រឹងមាំ ដែលភ្ជាប់ប្រជាជន និងប្រជាជនរវាងកម្ពុជានិងចិន ព្រោះ «ទំនាក់ទំនងរដ្ឋ អាចចាប់ផ្តើមពីការទូត ប៉ុន្តែវាកាន់តែរឹងមាំដោយសារទំនាក់ទំនងរវាងប្រជាជន និងប្រជាជន» ហើយក្នុងបរិបទនៃការកសាងអនាគតរួម តួនាទីរបស់សហគមន៍ចិននៅកម្ពុជា នឹងបន្តកើនឡើង និងក្លាយជាគន្លឹះសម្រាប់ការកសាងទំនាក់ទំនងដែលមានចីរភាព និងជ្រាលជ្រៅរវាងប្រទេសយើងទាំងពីរ៕