FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំ ស.ស.យ.ក វិស័យសង្គមកិច្ច ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសមាគមមនុស្សចាស់

18-03-2026 15:36

(ភ្នំពេញ)៖ លោក ស៊ឹម សុធន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលបានការអនុញ្ញាតពីលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានកិត្តិយស ស.ស.យ.ក វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមជាមួយ អនុប្រធាន សមាជិក សមាជិកា បានចូលជួបប្រជុំពិភាក្សាជាមួយលោក មុំ ប៊ុនថន រដ្ឋលេធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំសមាគមមនុស្សចាស់ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

លោក ស៊ឹម សុធន បានលើកឡើងថា កិច្ចជំនួបពិភាក្សានាពេលនេះ គឺដើម្បីពិភាក្សាស្វែងយល់លើការងារពាក់ព័ន្ធនឹងសមាគមមនុស្សចាស់ ដោយ ស.ស.យ.ក វិស័យ មានចេតនាក្នុងការចូលរួមសកម្មភាពជាមួយ សមាគមមនុស្សចាស់ ពិសេសនោះ គឺពាក់ព័ន្ធនឹងមនុស្សវ័យចាស់ តាមរយៈ ការផ្សព្វផ្សាយ ការរៀបចំបង្កើតជាព្រឹត្តិការណ៍ និងសកម្មភាពនានា ដោយធ្វើយ៉ាងណាឱ្យយុវជនក្នុងសហគមន៍ មានឱកាសផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងមនុស្សវ័យចាស់ និងបានដឹងកាន់តែច្បាស់ពីគុណតម្លៃរបស់មនុស្សវ័យចាស់។

លោកបន្តថា កិច្ចជំនួបនេះ ក៏ជាសកម្មភាពបង្កើតបានជាទម្លាប់អន្តរជំនាន់ ក្នុងការយកចិត្តទុកដាក់ដល់មនុស្សវ័យចាស់ លើការថែទាំសុខភាព ការគាំទ្រសេវាសង្គម និងសេវាហិរញ្ញវត្ថុ ព្រោះថា មិនមានជនណាម្នាក់ អាចជៀសផុតពីវ័យចាស់ជរាបាននោះទេ។

លោក ស៊ឹម សុធន ជឿជាក់ថា សកម្មភាពទាំងអស់នេះ ពិតជានឹងអាចរួមចំណែកយ៉ាងធំធេងក្នុងការដោះស្រាយ និងកែប្រែផ្នត់គំនិតដ៏ខុសឆ្គងមួយដែលថា មនុស្សចាស់ជាបន្ទុករបស់សង្គមជាតិ៕