FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អ៉ឹម ច័ន្ទដារ៉ា ចេញមុខអះអាងថា មិនជាប់ពាក់ព័ន្ធការផ្តល់កម្ចីខុសច្បាប់

18-03-2026 15:10

(ភ្នំពេញ)៖ លោក អ៉ឹម ច័ន្ទដារ៉ា ជាម្ចាស់ហាងលក់ម៉ូតូទំនើប អឿង ដារ៉ា និងហាងបញ្ចាំ SR295 បានចេញមុខមកអះអាងថា លោកមិនជាប់ពាក់ព័ន្ធនឹង​អា​ជីវកម្មផ្តល់កម្ចីខុសច្បាប់នោះឡើយ។

កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦កន្លងទៅ លោក ឈិត កុសល មានតួនាទី​ជានា​យក​​សាខាកំបូល បានទូរស័ព្ទមកកាន់ Fresh News ដោយប្រាប់ថា លោក អ៉ឹម ច័ន្ទដារ៉ា បានប្រកបរបរផ្តល់កម្ចី​ការប្រាក់ខុសច្បាប់ ដោយជ្រកក្រោមហាងបញ្ចាំ SR295។ លោក ឈិត កុសល ថែម​ទាំងចោទប្រកាន់លោក អ៉ឹម ច័ន្ទដារ៉ា រារាំងរូប​លោក និងបុគ្គលិក៤នាក់ផ្សេងទៀត មិនឱ្យឈប់ពីការងារ។

បន្ទាប់ពីការផ្សាយនោះទៅ លោក អ៉ឹម ច័ន្ទដារ៉ា បានចេញមកបញ្ជាក់ត្រឡប់ទៅវិញថា រូបលោកមិនបានជាប់ពាក់ព័ន្ធការធ្វើអាជីវកម្មផ្តល់កម្ចីខុសច្បាប់នោះឡើយ។ លោក អ៉ឹម ច័ន្ទដារ៉ា ក៏បានបញ្ជាក់ដែរថា លោកមិនបានរារាំងការសុំឈប់ពីការងារនោះដែរ។ ការសុំឈប់នោះ គឺលោក ឈិត កុសល និងបុគ្គលិក៤រូបផ្សេងទៀត សុំឈប់ពីឈ្មោះ សាន់ ដែន ប្រធានគ្រប់គ្រងសាខា និងគ្រប់គ្រងប្រាក់ ប៉ុន្តែឈ្មោះ សាន់ ដែន មិនព្រមឱ្យឈប់ដោយឱ្យដើរប្រមូលលុយពីអតិថិជនឱ្យអស់សិន ទើបឈប់បាន។

ទន្ទឹមនឹងការបញ្ជាក់ទៅលើអ្វីដែលលោក ឈិត កុសល បានប្រាប់មក Fresh News ហើយនោះ លោក អ៉ឹម ច័ន្ទដារ៉ា ក៏បានរំលឹកពីប្រវត្តិពាក់ព័ន្ធការរកស៊ីផ្តល់កម្ចីផងដែរ។

លោក អ៉ឹម ច័ន្ទដារា៉ បានរៀបរាប់ថា កាលពីដំបូងឡើយ លោកមិនដែលស្គាល់ឈ្មោះ ឈិត កុសល និងឈ្មោះ សាន់ ដែន នោះទេ។ នោះថ្ងៃមួយនោះ បុគ្គលឈ្មោះ សាន់ ដែន បានទៅដាក់ឯកសារបង់រំលស់ម៉ូតូនៅហាងរបស់លោក។ ប៉ុន្តែអត់ជាប់ដោយសារ​ពេលលោកសិក្សាទៅឃើញថា បុគ្គលនោះជាប់សុីប៊ីសុី ហើយក្រោយមកបុគ្គលនោះ បាន​យកលេខទូរស័ព្ទលោក រួចទំនាក់ទំនងជួបគ្នាហូបអីជាមួយគ្នា។ បន្ទាប់មកក៏បាន សុំចូលបម្រើការងារនៅកន្លែងលក់ម៉ូតូរបស់លោក លុះពេលលោកអនុញ្ញាតឱ្យ​ឈ្មោះ​សាន់ ដែន ចូលធ្វើការបាន១អាទិត្យ ទើបឈ្មោះ ឈិត កុសល សុំចូលធ្វើការតាម​ក្រោយ​​ដែរ។

លោក អ៉ឹម ច័ន្ទដារ៉ា បានរៀបរាប់បន្តទៀតថា ក្រោយពេលចូលធ្វើការងារនៅកន្លែង​លោក ​បានរយៈពេល២ទៅ៣ខែ បុគ្គលឈ្មោះ សាន់ ដែន ដែលជាមេរបស់ ឈិត កុ​សល (មេតំបន់) បានទៅបញ្ចុះបញ្ចូលលោកថា គេចេះរកសុីផ្ដល់ប្រាក់កម្ចី និងចេះ​ធ្វើ​របាយការណ៍ពាក់ព័ន្ធកម្ចី ហើយឱ្យរូបលោកដាក់ទុនឱ្យពួកគេ។

នៅអំឡុងខែមីនា ឆ្នាំ២០២៥ លោក ក៏បានឯកភាព ហើយនៅខែមេសា ឆ្នាំ២០២៥ លោកបានទម្លាក់ប្រាក់ចំនួន ៥៥៤,៦៣០,០០០រៀល តាមរយៈកុង AC និង ABA ទៅ​ឱ្យ​បុគ្គលឈ្មោះ សាន់ ដែន និង ឈិត កុសល ខ្ចី ដើម្បីផ្ដល់ប្រាក់កម្ចីឱ្យអតិថិជន។ នៅ នោះលោក ក៏មិនបានធ្វើឯកសារជាមួយបុគ្គល សាន់ ដែន និង ឈិត កុសល នោះ​ឡើយ​។ ក្រោយពេលទទួលបានប្រាក់រួច បុគ្គលទាំង២នាក់ បានយកប្រាក់ទៅ​ដំណើរ​ការ​ផ្ដល់ផ្ដល់ប្រាក់កម្ចីដល់អតិថិជន ចំណែករូបលោកមិនបានដឹងឮទេ ព្រោះលោកអត់​ចេះ​ពីរបៀបផ្ដល់ប្រាក់កម្ចីនោះឡើយ ។

លោក អ៉ឹម ច័ន្ទដារ៉ា បានរៀបរាប់បន្តថា បុគ្គលឈ្មោះ សាន់ ដែន និងឈ្មោះ ឈិត កុសល មានកូនក្រុមសរុប ៥នាក់ ដើរផ្ដល់ប្រាក់កម្ចី។ លុះរយៈពេលជិតមួយ​ឆ្នាំ​ក្រោយ​មក ឈ្មោះ ឈិត កុសល បានស្នើសុំឱ្យរូបលោកទម្លាក់ប្រាក់ថែម២ម៉ឺនដុល្លារទៀត តែ​លោកទម្លាក់ឱ្យត្រឹមតែ ៣,០០០ដុល្លារប៉ុណ្ណោះ។

បើតាមលោក អ៉ឹម ច័ន្ទដារ៉ា ផ្តើមពីការផ្តល់ប្រាក់មិនគ្រប់តាមការទាមទារនេះហើយ ជាដើមចមធ្វើឱ្យបុគ្គល សាន់ ដែន និង ឈិត កុសល ខឹង ហើយបំផ្ទុះរឿងចោទ​ប្រកាន់​លើរូបលោកតែម្ដង។ ទន្ទឹមនេះ លោក ក៏សុំឱ្យឈ្មោះ ឈិត កុសល និងឈ្មោះ សាន់ ដែន បង្វិលប្រាក់ដើមប្រគល់មកឱ្យលោកវិញផងដែរ ដើម្បីលោកបានយកទៅរកសុី ព្រោះ​ប្រាក់ទាំងអស់នោះលោកបានឱ្យបុគ្គលទាំង២នាក់នោះខ្ចីទេ។

ក្រៅពីរៀបរាប់ដំណើររឿងពាក់ព័ន្ធការផ្តល់កម្ចីហើយនោះ លោក អ៉ឹម ច័ន្ទដារ៉ា ក៏បាន​បញ្ជាក់បន្ថែមពីភាពស្របច្បាប់ពាក់ព័ន្ធហាងលក់ម៉ូតូ និងហាងបញ្ចាំរបស់លោកផងដែរ។ លោក អ៉ឹម ច័ន្ទដារ៉ា បានបញ្ជាក់ដូចខាងក្រោម៖

១៖ ហាងលក់ម៉ូតូទំនើប អឿងដារ៉ា បានចុះបញ្ចីត្រឹមត្រូវទៅតាមច្បាប់​ត្រឹម​ត្រូវ​ដោយមាន៖
- វិញាបនបត្រ បញ្ជាក់ពីការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម របស់ក្រសួង​ពាណិជ្ជកម្ម​ត្រឹម​ត្រូវ
- មានប័ណ្ណប៉ាតង់ឆ្នាំ២០២៦
- មានលិខិតអនុញ្ញាតការដាក់តាំងផ្សព្វផ្សាយពាណិជ្ជកម្មផ្ទាំងស្លាកយីហោ ចេញ​ដោយ​រដ្ឋ​បាលរាជធានីភ្នំពេញ។

២៖ សហគ្រាសហាងបញ្ជាំ អេសអរ 295 បានចុះបញ្ជី និងស្របទៅតាម​ច្បាប់​ត្រឹមត្រូវ​ដោយ​មាន៖
- វិញាបនបត្រ បញ្ជាក់ពីការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម របស់ក្រសួង​ពាណិជ្ជកម្ម​ត្រឹម​ត្រូវ
- មានប័ណ្ណប៉ាតង់ឆ្នាំ ២០២៦
- វិញ្ញាបនបត្របញ្ចីសហគ្រាស គ្រឹះស្ថាន ចេញដោយបេឡាជាតិសន្តិសុខសង្គម៕