លោកបណ្ឌិត ជា មុនីឫទ្ធិ បង្ហាញពីសក្តានុពលរបស់ខេត្តហៃណាន និងទំនាក់ទំនងយ៉ាងសំខាន់ជាមួយកម្ពុជា
17-03-2026 19:11
(ភ្នំពេញ)៖ តាមរយៈបណ្ដាញព័ត៌មាន Fresh News លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបង្ហាញពីបង្ហាញពីសក្តានុពលរបស់ខេត្តហៃណាន និងទំនាក់ទំនងយ៉ាងសំខាន់ជាមួយកម្ពុជា។
ហៃណាន មានផ្ទៃដីសរុប ៣៥,៤០០គីឡូម៉ែត្រក្រឡា មានទីតាំងយុទ្ធសាស្ត្រសំខាន់នៅភាគខាងត្បូងនៃប្រទេសចិន ក្បែរទន្លេប្រសព្វសមុទ្រ ហើយស្ថិតជាច្រកសំខាន់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ទីតាំងនេះធ្វើឱ្យហៃណានក្លាយជាច្រកសេដ្ឋកិច្ចនាំចូលនាំចេញដ៏មានសារៈសំខាន់ទៅកាន់តំបន់ អាស៊ីអាគ្នេយ៍ ដែលជាតំបន់ទីផ្សារធំមួយសម្រាប់កម្ពុជា។
លោកបណ្ឌិតបានបញ្ជាក់ថា តាមប្រវត្តិសាស្រ្តចាប់តាំងពីសតវត្សរ៍ទី១៥មក មានការផ្ទេរនិងសហប្រតិបត្តិការរវាងសហគមន៍ចិន ពីហៃណាននិងប្រជាជនកម្ពុជាយូរមកហើយ ក្រុមជនជាតិចិន ដែលមានដើមកំណើតពីហៃណានបានចូលរួមក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម និងសេវាកម្មនៅកម្ពុជា ដោយរួមចំណែកក្នុងការកសាងទំនាក់ទំនងសង្គម និងសេដ្ឋកិច្ចរវាងប្រទេសយើងទាំងពីរ។ បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា បន្ថែមពីលើវិស័យទេសចរណ៍ ដែលកំពុងផុសផុលខ្លាំងពីហៃណានមកកាន់កម្ពុជា សហគមន៍ចិនពីហៃណានបានរួមចំណែកយ៉ាងសកម្មដល់កិច្ចបង្កើនពាណិជ្ជកម្មលើការនាំចេញផលិតផលកសិផលកម្ពុជាចូលទៅកាន់ទីផ្សារប្រទេសចិនតាមរយៈច្រកពាណិជ្ជកម្មខេត្តហៃណាន។
ការអភិវឌ្ឍ «តំបន់គយពិសេសហៃណាន» (Hainan Free Trade Port) ត្រូវបានប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន យល់ឃើញថា បានបន្តជំរុញសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងហៃណានជាមួយតំបន់អាស៊ីអាគ្នេយ៍។ ទោះបីជាមិនមានទិន្នន័យជាក់លាក់រវាងហៃណាននិងកម្ពុជា តែយើងសង្កេតឃើញថាក្នុងពេលដែលចិនក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា នោះពាណិជ្ជកម្មរវាង កម្ពុជា និងចិន ក្នុងលំនាំសកលក៏បង្ហាញពីការលូតលាស់ខ្លាំងបានទទួលផលពីហៃណានដែលជាច្រកសេដ្ឋកិច្ចសំខាន់។
សម្រាប់លោកបណ្ឌិត ជា មុនីឫទ្ធិ ទាំងនេះបង្ហាញថា កម្ពុជាមានឱកាសខ្ពស់ក្នុងការប្រើប្រាស់អត្ថប្រយោជន៍ពីតំបន់គយពិសេសហៃណាន ដើម្បីពង្រីកទីផ្សារនាំចេញ និងទាក់ទាញវិនិយោគជាមួយក្រុមហ៊ុនចិននិងអាស៊ាន។ ការរៀបចំកម្មវិធីពាណិជ្ជកម្ម និងការចូលរួមក្នុងវេទិកាសេដ្ឋកិច្ចដូចជា វេទិកាអាស៊ីប៉អាវ ក៏ជួយបង្កើនការទំនាក់ទំនង និងកំណើនសហប្រតិបត្តិការ អន្តរជាតិបន្ថែមទៀត៕











