បណ្ឌិត យង់ ពៅ៖ យើងមិនត្រូវមានទំនោរផ្ដេកផ្ដួលថា ប្រទេសតូចតែងតែត្រូវរងគ្រោះ ឬត្រូវគេបំពានស្រេចតែនឹងចិត្តនោះឡើយ
17-03-2026 17:26
(ភ្នំពេញ)៖ ខណៈពេលដែលភាគីទាហានឈ្លានពានថៃ បាននិងកំពុងបន្តកាន់កាប់ទឹកដីកម្ពុជា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍នានានៅក្នុងដែនអធិបតេយ្យខ្មែរ បង្កើតជាតំបន់ទេសចរណ៍និងយោធាជាច្រើនកន្លែងនោះ សំណួរមួយបានលេចឡើងថា តើកម្ពុជាត្រូវបន្តធ្វើយ៉ាងណា នៅចំពោះមុខការបន្តផែនការប្លន់យកទឹកដីខ្មែរពីសំណាក់កងទ័ពឈ្លានពានថៃ?
តាមរយៈបណ្ដាញព័ត៌មាន Fresh News លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា ក្នុងបរិបទនៃការប្រែប្រួលសណ្ដាប់ធ្នាប់ពិភពលោកថ្មី ដែលប្រទេសតូចតែងតែត្រូវរងគ្រោះដោយសារតែការរំលោភបំពានពីសំណាក់ប្រទេសធំក្នុងតំបន់, កម្ពុជាត្រូវតែទទួលស្គាល់នូវការពិតជាក់ស្ដែងថា ខ្លួនគឺជាប្រទេសតូចដែលមានចំណុចទន់ខ្សោយនៅក្នុងទិដ្ឋភាពផ្សេងៗ ជាពិសេសនៅលើវិស័យការពារជាតិ ទើបជាហេតុធ្វើឱ្យកងទ័ពឈ្លានពានថៃអាចចូលមករំលោភដែនអធិបតេយ្យរបស់ខ្លួនបាន។ ការទទួលស្គាល់នូវចំណុចទន់ខ្សោយដែលខ្លួនមានជារឿងសំខាន់ណាស់ ព្រោះមានតែខ្លួនឯងដឹងច្បាស់ថាខ្លួនមានបញ្ហាអ្វីប៉ុណ្ណោះ ទើបអាចស្វែងរកវិធីសាស្ត្រពង្រឹងខ្លួនឡើងវិញបាន។
បើតាមលោកបណ្ឌិត យង់ ពៅ នៅក្នុងរយៈពេលខ្លីនិងជាតម្រូវបន្ទាន់នាពេលនេះ កម្ពុជាត្រូវតែផ្ដោតលើការកែទម្រង់ជាចាំបាច់ដោយមិនអាចបង្អែរបង្អង់បានឡើយ ទៅលើចំណុចដែលបានខ្លួនបានរកឃើញថាជាគុណវិបត្តិឬចំណុចខ្សោយជាចម្បង។ លទ្ធភាពនៅក្នុងវិស័យការពារជាតិ ដែលជារឿងប្រឈមចម្បងជាងគេនៅចំពោះមុខការរំលោភបំពានពីសំណាក់ប្រទេសធំក្នុងតំបន់ គឺជាចំណុចអាទិភាពដែលត្រូវជំរុញពង្រឹងសមត្ថភាពឆ្លើយតបឱ្យបានឆាប់រហ័សបំផុត ខណៈដែលកងទ័ពឈ្លានពានរបស់ថៃ មិនបានបង្ហាញនូវចេតនាបញ្ឈប់មហិច្ឆតាបន្តឈ្លានពានរបស់ខ្លួននោះឡើយ។
ត្រង់ចំណុចនេះ លោកបណ្ឌិត យង់ ពៅ មើលឃើញថា កម្ពុជាគប្បីបំពេញឱ្យបានឆាប់រហ័សនូវចំណុចខ្វះខាតរបស់ខ្លួននៅក្នុងការប្រយុទ្ធក្នុងសមរភូមិ ក៏ដូចជាយុទ្ធោបករណ៍សម្រាប់ការឆ្លើយតបនឹងការវាយទន្ទ្រានកាន់កាប់។ ជាមួយគ្នានេះ កម្ពុជាក៏ត្រូវតែពិនិត្យមើលយុទ្ធសាស្ត្រដែលត្រូវដាក់ចេញបន្ថែមនិងយុទ្ធវិធីដែលខ្លួនត្រូវកែសម្រួលជាថ្មីឡើងវិញ បង្ការនៅក្នុងករណីមានការប៉ុនប៉ងវាយប្រហារសារជាថ្មីពីសំណាក់បច្ចាមិត្ត ដោយផ្អែកលើបទពិសោធន៍នៃការប្រយុទ្ធនាពេលកន្លងមកនេះ។
លើសពីនេះទៀត ចាប់ពីពេលនេះតទៅ ការធ្វើទំនើបកម្មដើម្បីបំពេញចំណុចខ្វះខាតនៅក្នុងវិស័យការពារជាតិ តាមរយៈការវិនិយោគលើវិស័យបច្ចេកវិទ្យាការពារជាតិ (ដូចជាការជំរុញលើកទឹកចិត្តការបណ្ដុះបណ្ដាលជំនាញបញ្ញាសិប្បនិម្មិត [Ai] , ការប្រើប្រាស់យុទ្ធោបករណ៍ថ្មីៗដូចជាដ្រូន [Drone] ជាដើម) និងការជំរុញបង្កើនសមត្ថភាពផលិតរំសេវ យុទ្ធោបករណ៍ ព្រមទាំងការចាប់ផ្ដើមបង្កើតរោងចក្រផលិតសព្វាវុធ គឺជារឿងចាំបាច់និងបន្ទាន់មួយផ្សេងទៀត ដែលកម្ពុជាត្រូវតែយកចិត្តទុកដាក់នៅក្នុងបរិបទដែលសមត្ថភាពការពារជាតិរបស់រដ្ឋនីមួយៗ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងធានាសន្តិសុខ សន្តិភាព និងភាពមិនអាចរំលោភបំពានបូរណភាពដែនដីបាន។
ក្នុងនាមអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត បានសង្កត់ធ្ងន់ថា៖ «គេមិនត្រូវមានទំនោរផ្ដេកផ្ដួលតែនឹងទស្សនៈថា ប្រទេសតូចតែងតែត្រូវរងគ្រោះ ឬត្រូវគេបំពានស្រេចតែនឹងចិត្តនោះឡើយ ព្រោះរដ្ឋតូចដែលខ្លាំងពិតប្រាកដ នឹងអាចធានាបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនបានយ៉ាងប្រត្យក្ស។ ដូច្នេះហើយ ដើម្បីសម្រេចបាននូវគោលដៅនេះ រដ្ឋតូចដូចជាកម្ពុជាត្រូវតែចាប់ផ្ដើមជំរុញកសាងនូវសមិទ្ធិលទ្ធភាពទាំងឡាយ ដែលនឹងគាំទ្រនូវទំនើបកម្មវិស័យការពារជាតិមួយដ៏រឹងមាំ និងប្រាកដប្រជាទៅបាន»។
បន្ថែមពីលើនេះសម្រាប់លោកបណ្ឌិត កម្ពុជាក៏ត្រូវតែបន្តពង្រីកយុទ្ធនាការបង្ហាញការណ៍ពិតទៅកាន់ឆាកអន្តរជាតិឱ្យបានកាន់តែទូលំទូលាយបន្តទៀត តាមរយៈសមរភូមិការទូត និងសមរភូមិព័ត៌មានអន្តរជាតិ ដែលសុទ្ធសឹងជាច្រកទ្វារដ៏សំខាន់ដើម្បីទាក់ទាញចំណាប់អារម្មណ៍សហគមន៍អន្តរជាតិ ក៏ដូចជាសារដើម្បីបង្ហាញអំពីសកម្មភាពឈ្លានពានរបស់កងទ័ពថៃមកលើបូរណភាពទឹកដីកម្ពុជា ដែលជារដ្ឋអធិបតេយ្យមួយនិងជាសមាជិកអង្គការសហប្រជាជាតិ ដែលទង្វើកងទ័ពថៃទាំងនេះគឺជាការបំពានលើច្បាប់អន្តរជាតិ និងជាការទាត់ចោលតួនាទីអង្គការសហប្រជាជាតិដែលថៃខ្លួនឯងក៏ជាសមាជិកមួយផងដែរនោះ។ ប្រការនេះ ក្រៅពីការទាញចំណាប់អារម្មណ៍សហគមន៍អន្តរជាតិ ក៏អាចក្លាយជាផ្នែកមួយនៃការខិតខំប្រឹងប្រែងស្វែងរកការគាំទ្រពីបណ្ដាប្រជាជាតិនានាដែលនិយមស្រឡាញ់សន្តិភាព និងផ្ដល់តម្លៃដល់សណ្ដាប់ធ្នាប់អន្តរជាតិតាមរយៈការជំរុញឱ្យគោរពច្បាប់អន្តរជាតិផងដែរ។
ដើម្បីពង្រឹងលទ្ធភាពនិងសមត្ថភាពឆ្លើយតបទៅនឹងមហិច្ឆតាសត្រូវឈ្លានពាន លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ថា កម្ពុជាក៏មានភាពចាំបាច់នៅក្នុងការថែថួនយុត្តិធម៌សង្គមផងដែរ ដែលនេះគឺជារួមចំណែកដ៏សំខាន់មួយ ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវភាពធន់របស់ប្រជាជាតិ និងកសាងបាននូវការរួបរួមសាមគ្គីភាពជាតិខ្មែរតែមួយ ពោលគឺធ្វើយ៉ាងណាអាចប្រមូលផ្ដុំនូវកម្លាំងជាតិរួមគ្នាជាធ្លុងតទល់ប្រឆាំងទៅនឹងការឈ្លានពានរបស់ប្រទេសជិតខាង។
ក្នុងជាមជាអ្នកស្រាវជ្រាវលោបណ្ឌិត បានបញ្ជាក់ថា នៅក្នុងដំណាក់កាលនេះ ខ្មែរចាំបាច់ត្រូវតែកសាងឱ្យបាននូវជំហរជាតិរួមគ្នាតែមួយ ជ្រោងទង់ប្រជាជាតិ និងសាសនា រក្សាឱ្យបាននូវការឯកភាពនិងសាមគ្គីភាពជាតិខ្មែរគ្រប់ទិសទី ដោយដាក់គោលដៅរួមតែមួយគឺ ប្រឆាំងនឹងចោរឈ្លានពានដែលទន្ទ្រានទឹកដីនិងបំផ្លិចបំផ្លាញមរតកវប្បធម៌និងកេរដំណែលដូនតាខ្មែរ៕
