FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រោយសេចក្តីថ្លែងការណ៍របស់ទេសាភិបាលធនាគារជាតិ, ស្ថានភាពប្រព័ន្ធធនាគាររបស់ធនាគារ APD ត្រឡប់មកប្រក្រតីភាពឡើងវិញ និងធានាថារាល់ប្រាក់បញ្ញើទាំងអស់របស់អតិថិជន គឺនៅតែមានសុវត្ថិភាព

17-03-2026 16:28

(ភ្នំពេញ)៖ តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ ធនាគារ APD បានបញ្ជាក់ថា បន្ទាប់ពីមានសេចក្តីថ្លែងការណ៍របស់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា ពន្យល់យ៉ាងក្បោះក្បាយ ស្ថានភាពវិស័យធនាគារដែលបានកើតឡើង ក្នុងពេលបច្ចុប្បន្នពាក់ព័ន្ធការដាក់ប្រាក់បញ្ញើ និងការដកប្រាក់នោះ បានធ្វើឱ្យស្ថានភាពធនាគារ APD បានត្រឡប់មកភាពប្រក្រតីឡើងវិញ។

លោកស្រីទេសាភិបាលបានពន្យល់ថា ប្រសិនបើអ្នកដាក់ប្រាក់បញ្ញើដ៏ច្រើន នាំគ្នាសម្រុកដកប្រាក់ របស់ខ្លួនក្នុងពេលតែមួយនោះ ធនាគារនឹងមានសម្ពាធនៃកង្វះខាតសាច់ប្រាក់ភ្លាមៗ។ ទោះបីយ៉ាងណាក៏ដោយ នេះមិនមែនមានន័យថាធនាគារខ្វះលទ្ធភាព ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនឡើយ ព្រោះថាមួយផ្នែកធំនៃមូលនិធិធនាគារ ត្រូវបានផ្តល់ជាកម្ចី ដែលតាមធម្មជាតិ ត្រូវការពេលវេលា ដើម្បីសងត្រឡប់មកវិញ។

ធនាគារ APD បានបញ្ជាក់ថា «ថ្ងៃនេះ អតិថិជនរបស់យើងបានទាក់ទងមកធនាគារ និងបានមកទីស្នាក់ការរបស់យើង ដើម្បីពិភាក្សាគ្នាដោយផ្ទាល់ ជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់របស់យើង។ អតិថិជនដែលបានដាក់ប្រាក់បញ្ញើជាមួយយើងលើសពីប្រាំឆ្នាំ បានបង្ហាញពីការបន្តការគាំទ្រ និងទំនុកចិត្តខ្ពស់មកកាន់យើងខ្ញុំ។ អតិថិជនរបស់យើងទាំងនោះបានបញ្ជាក់ថា ពួកគេនឹងមិនដកប្រាក់បញ្ញើនោះទេ និងនៅបន្តជាមួយយើងស្វែងរកដំណោះស្រាយក្នុងកាលៈទេសៈដ៏លំបាកនេះ»

ធនាគារ APD សង្កត់ធ្ងន់ថា «យើងសូមធានាថា រាល់ប្រាក់បញ្ញើ ទាំងអស់របស់អតិថិជន គឺនៅតែមានសុវត្ថិភាពទាំងអស់។ យើងបន្តការស្តារឡើងវិញរាល់សេវាកម្ម និងប្រតិបត្តិការឲ្យត្រលប់មករកភាពដូចដើមវិញ»