ប្រជាពលរដ្ឋស្នើអាជ្ញាធរចាត់វិធានការលើករណីបង្ហូរទឹកស្អុយសំណល់ដំណាប់ស្វាយ បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននៅឃុំខ្ទាំក្រាំង (Video inside)
17-03-2026 15:50
(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងឃុំខ្ទាំក្រាំង បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់ពួកគេ និងស្នើសុំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការយ៉ាងមានប្រសិទ្ធភាព លើករណីបង្ហូរទឹកស្អុយពីសំណល់ដំណាប់ស្វាយ ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។
ករណីនេះ កើតឡើងនៅភូមិខ្វាន ឃុំខ្ទាំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្អឺ ដោយ លោក បូ នឿន បានយកទឹកសំណល់ដំណាប់ស្វាយ លាយជាមួយលាមកជ្រូក ហើយស្តុកទុកក្នុងរណ្តៅដីនៅលើដីកសិកម្មរបស់ខ្លួន ដើម្បីប្រើប្រាស់ជាជីធម្មជាតិ។ ទោះជាយ៉ាងណា វិធីសាស្ត្រនេះ មិនត្រឹមតែខ្វះស្តង់ដារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឱ្យមានក្លិនស្អុយខ្លាំង រាលដាលទៅកាន់តំបន់ជុំវិញ ធ្វើឱ្យប្រជាពលរដ្ឋជិតខាងរងផលប៉ះពាល់ថែមទៀត។
ប្រជាពលរដ្ឋមួយចំនួន បានលើកឡើងថា ក្លិនស្អុយពីទឹកសំណល់នេះ បានរំខានដល់ការរស់នៅប្រចាំថ្ងៃ និងសុខភាពទូទៅ។ លើសពីនេះទៀត ការបំពុលបរិស្ថាននេះ ក៏បានប៉ះពាល់ដល់កសិដ្ឋានចិញ្ចឹមជ្រូកដែលនៅជាប់គ្នា បង្កហានិភ័យដល់សុខភាពសត្វ និងគុណភាពផលិតកម្មផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រជាពលរដ្ឋបានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យជាក់ស្តែង និងអនុវត្តវិធានការតាមច្បាប់ ដើម្បីទប់ស្កាត់ការបង្ហូរទឹកសំណល់គ្មានការគ្រប់គ្រងបែបនេះ ព្រមទាំងណែនាំឱ្យអនុវត្តវិធីសាស្ត្រប្រកបដោយសុវត្ថិភាព និងគោរពតាមស្តង់ដារបរិស្ថាន។ បញ្ហាបំពុលបរិស្ថាននេះ បើមិនបានគ្រប់គ្រងត្រឹមត្រូវ នឹងបន្តបង្កផលប៉ះពាល់យូរអង្វែង ទាំងលើសុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី។
កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក៏ធ្លាប់បានចុះអន្តរាគមន៍ និងដោះស្រាយបញ្ហានេះម្តងរួចមកហើយ។ ទោះជាយ៉ាងណា ដំណោះស្រាយនាពេលនោះ មិនទាន់មានប្រសិទ្ធភាពយ៉ាងពេញលេញនោះទេ ដោយសកម្មភាពបង្ហូរទឹកសំណល់ត្រូវបានផ្អាកតែរយៈពេលខ្លី បន្ទាប់មកក៏បានកើតឡើងវិញដដែល។ ស្ថានភាពបែបនេះ បានធ្វើឱ្យប្រជាពលរដ្ឋមានការខកចិត្ត និងបន្តអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការយ៉ាងតឹងរឹង និងមានប្រសិទ្ធភាពជាក់ស្តែង ជាពិសេសការតាមដានអនុវត្តជាបន្តបន្ទាប់ ដើម្បីធានាថា បញ្ហាបំពុលបរិស្ថាននេះ មិនកើតឡើងសារជាថ្មីទៀត៕


