ក្រសួងការងារ៖ កម្មករ និងនិយោជកនៃរោងចក្រ ជេ ស្តារ ហ្គារម៉ិន ឯកភាពទទួលយកដំណោះស្រាយ៦ចំណុច និងអំពាវឱ្យភាគីទាំងពីរគោរពការឯកភាពឱ្យបានខ្ជាប់ខ្ជួន
17-03-2026 15:38
(ភ្នំពេញ)៖ ការទាមទាររបស់បងប្អូនកម្មករកម្មការិនីនៃរោងចក្រ ជេ ស្តារ ហ្គារម៉ិន ដែលមានទីតាំងស្ថិតនៅតាមបណ្តយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានដោះស្រាយបញ្ចប់ដោយភាគីទាំងពីរឯកភាពទទួលយកដំណោះស្រាយ ៦ចំណុច នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
អ្នកនាំពាក្យរូបនេះ បានអះអាងថា៖«ក្រោយទទួលបានដំណឹងពីកង្វល់របស់បងប្អូនកម្មករនិយោជិត មន្រ្តីជំនាញរបស់ក្រសួង មន្ទីរ និងអាជ្ញាធរមូលដ្ឋាន បានចុះដោះស្រាយភ្លាមៗ និងបានពន្យល់ពីទិដ្ឋភាពច្បាប់ និងបានពិនិត្យលើការអនុវត្តរបស់ក្រុមហ៊ុន មុននឹងឈានដល់ការឯកភាពចំនួន ៦ចំណុច»។
លោក ស៊ុន មេសា បានឱ្យដឹងទៀតថា ការឯកភាពទាំង ៦ចំណុចរួមមាន ក្រុមហ៊ុនរក្សាការផ្តល់ប្រាក់រង្វាន់ធ្វើការទៀងទាត់ជូនកម្មករនិយោជិត ១០ដុល្លារក្នុងមួយខែ, ក្រុមហ៊ុនរក្សាការបើកប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅដដែលជូនកម្មករនិយោជិត ៧ដុល្លារក្នុងមួយខែ និងការផ្តល់ប្រាក់ថ្លៃបាយថ្ងៃត្រង់ចំនួន ២ពាន់រៀល និងផ្តល់ប្រាក់ថ្លៃបាយធ្វើការថែមម៉ោង ២ពាន់រៀលក្នុងម្នាក់ជាដើម។
ជាមួយគ្នានេះ ក្រសួងការងារអំពាវនាវឱ្យនិយោជក និងកម្មករនិយោជិតទាំងអស់ គោរពលទ្ធផលដំណោះស្រាយទាំង៦ចំណុច ដោយសហការអនុវត្តតាមបទប្បញ្ញត្តិច្បាប់ ដោយចៀសវាងធ្វើសកម្មភាពប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សកម្មភាពផលិតកម្មរបស់ក្រុមហ៊ុន និងផលប្រយោជន៍រួមរបស់កម្មករនិយោជិតផ្សេងទៀត ដែលបាននិងកំពុងខិតខំធ្វើការនៅក្នុងក្រុមហ៊ុន៕

