ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់នៅស្រុកបាទី ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្តតាកែវ
17-03-2026 14:56
(តាកែវ)៖ ដោយទទួលបានការអនុញ្ញាត្តពីលោក វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោក ម៉ឹង វុធី អនុប្រធានអចិន្រ្តៃយ៍សាខា អមដំណើរដោយនាយកប្រតិបត្តិសាខា មន្រ្តីអនុសាខាកាកបាទក្រហមស្រុកបាទី អាជ្ញាធរភូមិ ឃុំ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ ចំនួន៧គ្រួសារ ក្នុងនោះ រលំទាំងស្រុង១គ្រួសារ ស្ថិតនៅភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។
លោក ម៉ឹង វុធី បានពាំនាំមតិផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោក វ៉ី សំណាង ជាពិសេសពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនាអ្វីឡើយ ដូចពាក្យស្លោករបស់កាកបាទក្រហមបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់គ្នា មិនទុកនរណាម្នាក់ចោលឡើយ» និង ពាក្យស្លោក «ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា»។
លោក ម៉ឹង វុធី ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងសុវត្ថិភាពផ្ទាល់ខ្លួន និងបានលើកអំពីភូមិឃុំសុវត្ថិភាព ជាពិសេសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គោរពច្បាប់សុវត្ថិភាពជាចម្បង ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ការប្រុងប្រយ័ត្នអំពីអគ្គីភ័យដែលអាចកើតមានដោយយថាហេតុ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ការការពារកូនចៅពីជំងឺគ្រុនឈាម ការចូលរួមដាំដើមឈើតាមមូលដ្ឋានអោយបានគ្រប់ៗគ្នា ការរក្សាទឹកទុកសម្រាប់ប្រើប្រាស់ និងត្រូវបង្កើនការប្រុងប្រយ័ត្នអំពីបាតុភូតធម្មជាតិផ្សេងៗ ដែលបណ្ដាលមកពីការបំរែបំរួលអាកាសធាតុផងដែរ។
សូមបញ្ជាក់ថា សម្ភារៈដែលបានប្រគល់ជូនរួមមាន អង្ករ ២៥ គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ តង់ធំ១ ត្រីខ១យួរ មី១កេស ប្រេងឆា១លីត្រ នំ១ប្រអប់ធំ ទឹកត្រី៣ដប ទឹកស៊ីអ៉ីវ៣ដប និងថវិកាមួយចំនួនទៀត៕








