ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី បើកវេទិកាសាធារណៈ នៅឃុំបុសលាវ ដើម្បីត្រួតពិនិត្យការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាល
17-03-2026 14:36
(ក្រចេះ)៖ លោក សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី តំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងបើកវេទិកាសាធារណៈ ប្រចាំខែមីនា ដើម្បីត្រួតពិនិត្យ និងគាំទ្រការ អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅភូមិព្រះគន្លង ឃុំបុសលាវ ស្រុកចិត្របុរី។
ការបើកវេទិការសាធារណៈនេះដើម្បីចុះជួបជាមួយប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រឈម ក្តីទុក្ខកង្វល់ផ្សេងៗដែលប្រជាពលរដ្ឋត្រូវបានស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយ ស្របតាមគោលការណ៍រាជរដ្ឋាភិបាល។
ក្នុងវេទិកានេះក៏មានការអញ្ជើញចូលរួមពីសមាជិកក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ និងប្រជាពលរដ្ឋសរុប ២៣៥នាក់ (ស្រី៧៤នាក់) ទទួលបានសំណូមពរ សរុប ៣ករណី បានដោះស្រាយ ២ករណី កំពុងដោះស្រាយ ១ករណី មិនទាន់ដោះស្រាយ ០ករណី។
បន្ទាប់ពីចប់វេទិកា, ប្រធានក្រុមការងារ អមដំណើរដោយលោកអភិបាលស្រុក និងក្រុមការងារ បានបន្តសួរសុខទុក្ខប្រជាពលរដ្ឋចំនួន១គ្រួសារ ដែលពិការជើង នៅភូមិតាលុស ឃុំបុសលាវនាំយកនូវរទេះរុញដែលជាអំណោយរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា នៅភូមិតាលុស ឃុំបុសលាវ និងនាំយកសម្ភារៈ រួមមាន មី១កេស ភេសជ្ជៈ១កេស និងថវិកាសរុប ១០០ ០០០រៀល៕










