ក្រសួងមហាផ្ទៃ, និយ័តករបរធនបាលកិច្ច និងរដ្ឋបាលសាលាខេត្តសៀមរាប រៀបចំសិក្ខាសាលាពីការបង្កើត និងចុះបញ្ជីបរធនបាលកិច្ច អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្នុងវិស័យបរធនបាលកិច្ច
17-03-2026 12:01
(សៀមរាប)៖ ដោយទទួលបានការអនុញ្ញាត ពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.), និយ័តករបរធនបាលកិច្ច (ន.ប.ធ.), ក្រសួងមហាផ្ទៃ និងរដ្ឋបាលសាលាខេត្តសៀមរាប នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានសហការរៀបចំសិក្ខាសាលាស្ដីពី «ការបង្កើត និងចុះបញ្ជីបរធនបាលកិច្ច អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្នុងវិស័យបរធនបាលកិច្ច»។
សិក្ខាសាលានេះ បានធ្វើឡើងក្រោមអធិបតីភាពរបស់លោក សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ, លោកឧត្ដមសេនីយ៍ឯក ងិន បាណាល់ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុនៃក្រសួងមហាផ្ទៃ និងលោក លី សារី អភិបាលរងខេត្តសៀមរាប នៅសាលាខេត្តសៀមរាប។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែម ដល់សិក្ខាកាមពីក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិ ដែលមានជាធរមានពីការរៀបចំ និងការប្រព្រឹត្តទៅ របស់បរធនបាលកិច្ច អំពីដំណើរការបង្កើត ការចុះបញ្ជី និងប្រតិបត្តិការសកម្មភាពក្នុងក្របខណ្ឌបរធនបាលកិច្ចសង្គម។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីជំនាញនៃ ន.ប.ធ. តំណាងក្រសួងមហាផ្ទៃ និងរដ្ឋបាលសាលាខេត្តសៀមរាប និងតំណាងអង្គការ-សមាគមពាក់ព័ន្ធ៕
























