FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក នេត្រ ភក្រ្តា លើកទឹកចិត្តក្រុមការងារបន្តសាមគ្គីគ្នាដើម្បីចូលរួមអភិវឌ្ឍន៍ខេត្តឱ្យរីកចម្រើន ស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល

16-03-2026 21:15

(ក្រចេះ)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក្រោមការដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានយកចិត្តទុកដាក់ដោយ អនុវត្តយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទី ភារកិច្ច តាមរយៈការចុះធ្វើវេទិកាសារធាណៈ នៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ការផ្សព្វផ្សាយគោលនយោបាយ បញ្ជ្រាបការយល់ដឹងពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ការជួយឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ការចូលរួមកសាងសមិទ្ធផលសង្គម និងការចុះប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបសកម្មភាពបន្តឆ្នាំ២០២៦ និងលទ្ធផលការងារចុះមូលដា្ឋនឆ្នាំ២០២៥ និងទិសដៅការងាររបស់ក្រុមការងាអាជរដា្ឋភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្នើសុំដល់អាជ្ញាធរមូលដ្ឋាន បន្តបម្រើប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ ដែលរក្សាឱ្យបាននូវវប្បធម៌ នៃការផ្តល់សេវាមួយដែលមានប្រសិទ្ធភាព គុណភាព ហើយផ្តល់នូវជំនឿទុកចិត្តជូនដល់ប្រជាពលរដ្ឋ។ ចំពោះការផ្តល់សេវានានាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាកិច្ចការងារមួយដ៏ចាំបាច់បំផុតរបស់អាជ្ញាធរ។

ប្រធានក្រុមការងាររាជរដ្ឋាភិបាល ក៏បានកោតសរសើរដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានរួមសហការគ្នាក្នុងទិសដៅរួមតែមួយប្រកប ទៅដោយការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានល្អ។ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ដែលបានបង្កើតឡើងនេះ គឺជាផ្នែកមួយតំណាងឱ្យរាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ដើម្បីរួមគិត និងដោះស្រាយបញ្ហាក្នុងការ អភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានការរីកចម្រើន។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្តដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានបន្តធ្វើសកម្មភាពនៅតាមមូលដ្ឋានឱ្យកាន់តែសស្រាក់សស្រាំបន្ថែមទៀត ការរៀបចំវេទិកាសាធារណៈ គឺជាចំណុចសំខាន់មួយដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានព្ចោញមតិរបស់ខ្លួន ដែលពាក់ព័ន្ធ និងក្ដីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្ដែងក្នុងមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបរាល់តម្រូវការ និងសំណូមពរដែលបានលើកឡើងបានចំគោលដៅ ទាន់ពេលវេលា ក្នុងការកែលំអរក្នុងសហគមន៍របស់ពួកគាត់ ឱ្យកាន់តែល្អប្រសើរ។

បើតាមរបាយការណ៍របស់លោក វ៉ា ថន អភិបាលខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានឱ្យដឹងថា ជាលទ្ធផល ក្នុងឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានរៀបចំវេទិកាសាធារណៈនៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់បានចំនួន ៧៧លើក មានប្រជាពលរដ្ឋចូលរួមសរុប ១៥ ២៨៤នាក់ ទទួលបានសំណើ សំណូមពរ ពីប្រជាពលរដ្ឋសរុបចំនួន ៦៣៧ករណី បានដោះស្រាយក្នុងវេទិកា ៤៩៧ករណី ស្មើនឹង ៧៨ភាគរយ បានដោះស្រាយនៅថ្នាក់ឃុំ ស្រុក ខេត្ត ៦០ករណី ស្មើនឹង ៩ភាគរយ កំពុងដោះស្រាយនៅថ្នាក់ឃុំ ស្រុក ខេត្ត ៦៥ករណី ស្មើនឹង ១០ភាគរយ មិនទាន់ដោះស្រាយ ៣ករណី ស្មើនឹង ១ភាគរយ និងស្នើទៅថ្នាក់ជាតិ ១២ករណី ស្មើនឹង ២ភាគរយ៕