ប្រជាជនខេត្តក្រចេះបង្ហាញការគាំទ្រ និងជំនឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការការពារទឹកដី និងដោះស្រាយបញ្ហាព្រំដែនដោយឈរលើសន្ធិសញ្ញា និងច្បាប់អន្តរជាតិ
16-03-2026 21:01
(ក្រចេះ)៖ បងប្អូនប្រជាពលរដ្ឋខេត្តក្រចេះបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ប្រឆាំងរាល់សកម្មភាពឈ្លានពានទាំងឡាយពីយោធាថៃ។
ប្រជាពលរដ្ឋបានអះអាងថា ពួកគេរួមគ្នាជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាទឹកដី និងគាំទ្រយ៉ាងពេញទំហឹងឱ្យមានការដោះស្រាយបញ្ហាព្រំដែនតាមវិធីសន្តិភាព ដោយឈរលើមូលដ្ឋានសន្ធិសញ្ញា និងច្បាប់អន្តរជាតិ និងការដោះស្រាយដោយសន្តិវិធី។
ការបង្ហាញការគាំទ្ររបស់ប្រជាពលរដ្ឋខេត្តក្រចេះនេះ បានធ្វើឡើងក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារទីស្នាក់ការគណបក្សសង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងមានវត្តមានចូលរួមពីលោក វ៉ា ថន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ រួមទាំងថ្នាក់ដឹកនាំ អស់លោក លោកស្រី ជាសមាជិក និងសមាជិកាគណបក្សយ៉ាងច្រើនកុះករ។
ថ្លែងក្នុងពិធីនេះ លោក នេត្រ ភក្ត្រា បានបន្តលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋទុកចិត្តលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ប្រឆាំងនឹងការឈ្លានពានពីយោធាថៃ និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដើម្បីកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
រាជរដ្ឋាភិបាលមិនដែលបោះបង់សិទ្ធិក្នុងការទាមទារទឹកដីដែលស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃឡើយ។ អាទិភាពរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺការពារប្រជាជន និងការពារទឹកដី។ ក្នុងន័យនេះ ថ្នាក់ដឹកនាំកម្ពុជាក្នុងនោះមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំប្រទេសបានខិតខំប្រឹងប្រែងតស៊ូគ្រប់សមរភូមិដើម្បីការពារជាតិ និងប្រជាជន។
ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខេត្តក្រចេះជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំដោះស្រាយបញ្ហានានា ពិសេស ជំនឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, កម្ពុជានឹងបន្តការពារទឹកដី និងផលប្រយោជន៍របស់ប្រជាជនឱ្យបានយ៉ាងគង់វង្ស៕
