FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីជំរុញអគ្គនាយករដ្ឋាករទឹកថ្មី បន្តយកចិត្តទុកដាក់ពង្រឹងគុណភាព សេវាកម្មជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង

16-03-2026 21:03

(ភ្នំពេញ)៖ នាឱកាសប្រកាសតែងតាំង លោក អ៊ិន សាកាន ជាអគ្គនាយកដើម្បីបន្តវេនដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បន្ទាប់ពី លោក ឡុង ណារ៉ូ ដែលបានចូលនិវត្តន៍ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យបន្តបង្កើនការយកចិត្តទុកដាក់​ពង្រឹងគុណភាពសេវាកម្ម ជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ថ្លែងក្នុងពិធីប្រកាសផ្ទេរ និងតែងតាំងមុខតំណែងអគ្គនាយករដ្ឋាករទឹកថ្មី នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ លោករដ្ឋមន្រ្តីមានប្រសាសន៍ថា ការតែងតាំងលោក អ៊ិន សាកាន ជាអគ្គនាយកបន្តវេន គឺតបតាមបទដ្ឋានគតិយុត្តកំណត់ បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការធានានូវអភិបាលកិច្ចល្អ និរន្តរភាពស្ថាប័ន និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព សម្រាប់សហគ្រាសសាធារណៈដ៏មានសារសំខាន់នេះ។

មុនទទួលបានការតែងតាំងនេះ លោក អ៊ិន សាកាន គឺជាអគ្គនាយករងនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

លោករដ្ឋមន្ត្រីបានបង្ហាញជំនឿថា ក្រោមការដឹកនាំរបស់អគ្គនាយកថ្មី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងបន្តពង្រឹងកេរ្តិ៍ឈ្មោះ និងសក្តានុពលរបស់ខ្លួន ក្នុងនាមជា «រៀមច្បង» ក្នុងវិស័យនេះ មានមរតកសមិទ្ធផល និងសមត្ថភាព ដើម្បីជួយរែកពន់ការអភិវឌ្ឍវិស័យទឹកស្អាតក្នុងក្របខណ្ឌទូទាំងប្រទេស។

លោកបានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ តម្លាភាព និងគោរពវិន័យ ព្រមទាំងលើកកម្ពស់គុណភាពសេវាកម្មជាបន្តបន្ទាប់។

រដ្ឋមន្ត្រី ហែម វណ្ណី បានលើកឡើងបន្ថែមថា«វិស័យទឹកស្អាតមិនមែនមានតួនាទីត្រឹមតែជាមធ្យោបាយដើម្បីដោះស្រាយបញ្ហាសុខុមាលភាព និងអនាម័យរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចលករដ៏មានសក្តានុពល ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសនៅតាមតំបន់ជនបទ តាមរយៈការលើកកម្ពស់ផលិតភាព ការបង្កើនសកម្មភាពសេដ្ឋកិច្ច និងការគាំទ្រដល់ដំណើរការឧស្សាហូបនីយកម្ម ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ»។

ក្នុងរយៈពេលប៉ុន្មានបីទស្សវត្សរ៍កន្លងមក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានប្រែក្លាយជាសហគ្រាសសាធារណៈដ៏ជោគជ័យមួយនៅកម្ពុជា ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ចំពោះប្រព័ន្ធគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងសមត្ថភាពបច្ចេកទេសខ្ពស់។

បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានសមត្ថភាពផលិតទឹកស្អាតបានជាង១លានម៉ែត្រគូបក្នុងមួយថ្ងៃ មានបណ្តាញចែកចាយទឹកស្អាតប្រវែងសរុប ៥.៦៤៦ គីឡូម៉ែត្រ និងផ្គត់ផ្គង់ទឹកស្អាតដល់អតិថិជនចំនួន ៥៣១.៣០១ តំណ នៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ។

គុណភាពទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបន្តរក្សាភាពអនុលោមតាមស្តង់ដាររបស់អង្គការសុខភាពពិភពលោក ទន្ទឹមនឹងនោះ អត្រាប្រមូលប្រាក់ថ្លៃសេវាទឹកស្អាតសម្រេចបាន ៩៩,៩% ដែលបង្ហាញពីប្រសិទ្ធភាពប្រតិបត្តិការខ្ពស់។

ក្នុងឱកាសនោះ លោក ហែម វណ្ណឌី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការរួមចំណែករបស់ លោក ឡុង ណារ៉ូ អតីតអគ្គនាយកដែលទើបចូលនិវត្តន៍ និងត្រូវបានរាជរដ្ឋាភិបាលតែងតាំងជារដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចំពោះការខិតខំប្រឹងប្រែងដឹកនាំ និងបម្រើស្ថាប័ននេះអស់រយៈពេល៣៧ឆ្នាំ៕