ស្អែកនេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៥ និងលើកទិសដៅបន្ដ
16-03-2026 17:30
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃអង្គារ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ស្អែកនេះ។
ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នឹងប្រារព្ធឡើងក្រោមអធិបតីភាពលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំគ្រប់ក្រសួង សា្ថប័ន ជាសមាជិក គ.ជ.ប.ជ អភិបាល អភិបាលរង រាជធានី ខេត្ត លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ (គ.រ.ប.ជ/គ.ខ.ប.ជ) តំណាងអង្គការសហប្រជាជាតិ អង្គការដៃគូជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ សរុបប្រមាណ៥០០រូប។
គោលបំណងនៃកម្មវិធីនេះ គឺដើម្បីផ្សព្វផ្សាយរបាយការណ៍ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៥ និងបង្ហាញពីលទ្ធផលនៃការអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលសម្រេចបានចំណុចខ្លាំង បញ្ហាប្រឈម និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៦ ព្រមទាំងបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសពាក់ព័ន្ធដទៃទៀតជាដាច់ខាត៕

