ក្រសួងទេសចរណ៍ ចេញសេចក្ដីណែនាំពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដើម្បីអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦
16-03-2026 17:23
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្តីណែនាំ ស្តីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដើម្បីអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៦ នៅខេត្តក្រចេះ។
ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ក្រសួងទេសចរណ៍សូមធ្វើការណែនាំ ដល់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តក្រចេះទាំងអស់ដូចតទៅ៖
* ត្រូវរៀបសោភណភាពនៅតាមមូលដ្ឋានអាជីវកម្ម
* ត្រូវរៀបចំចំណតរថយន្តឱ្យបានគ្រប់គ្រាន់ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទទួលសេវាកម្មអាជីវកម្មរបស់ខ្លួន ដោយត្រូវជូនដំណឹងដល់ភ្ញៀវពីទីតាំងដែលអាចប្រើប្រាស់ជាចំណតត្រឹមត្រូវ (ដោយមានស្លាកសញ្ញាបញ្ជាក់) និងមិនត្រូវបណ្ដែតបណ្ដោយឱ្យមានការចតទោចក្រយានយន្ដ និងយានយន្តដោយគ្មានសណ្ដាប់ធ្នាប់ ដែលអាចបង្កផលប៉ះពាល់ដល់ចរាចរណ៍លើផ្លូវសាធារណៈ
* ត្រូវរៀបចំតុបតែងលម្អអំពូលភ្លើងបំភ្លឺ និងដាក់បង្ហាញទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានៅ ផ្នែកខាងក្រៅទីតាំងអាជីវកម្ម។ ផ្នែកខាងក្នុងអាជីវកម្ម ត្រូវរៀបចំដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះអង្គទាំងបី ចំនួន ៣ច្បាប់ ស្របតាមសេចក្ដីណែនាំលេខ០១៨ សណន ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងទេសចរណ៍រាល់ការរៀបចំតុបតែងលម្អទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅទីតាំងអាជីវកម្មរបស់ប្រតិបត្តិករ ទេសចរណ៍ សូមបង្ហាញអំពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណពិសេសរបស់ខេត្តដោយ មិនឱ្យប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ
* ត្រូវបង្ហាញផលិតផល ឬសេវាកម្មអាជីវកម្មជាសាធារណៈតាមគ្រប់ទម្រង់ និងត្រូវបញ្ជាក់តម្លៃ និងលក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់ ដែលចាំបាច់សម្រាប់ជាមូលដ្ឋានដល់ភ្ញៀវក្នុងការ ពិចារណាជ្រើសរើសទិញផលិតផលទេសចរណ៍ ឬប្រើប្រាស់សេវាកម្មទេសចរណ៍
* ត្រូវរក្សាតម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ឱ្យបានល្អប្រសើរ
* ត្រូវក្រើនរំលឹកអំពីសីលធម៌ សុជីវធម៌ និងបណ្តុះបណ្តាលបុគ្គលិកអំពីការទទួលបដិសណ្ឋារកិច្ច និងជំនាញដែលចាំបាច់ពាក់ព័ន្ធនឹងអាជីវកម្មសេវាកម្មទេសចរណ៍ ព្រមទាំងរៀបចំឱ្យបុគ្គលិក មានឯកសណ្ឋានត្រឹមត្រូវទៅតាមផ្នែកនីមួយៗ ពិសេសស្នើសុំឱ្យមានការរំលេចលក្ខណៈជាខ្មែរ
* ត្រូវយកចិត្តទុកដាក់ចំពោះការរក្សាអនាម័យបន្ទប់ទឹក ដោយត្រូវដាក់វេនសម្អាតជាប្រចាំឱ្យបាន ញឹកញាប់ និងមានសម្ភារគ្រប់គ្រាន់មានជាអាទិ៍ សាប៊ូលាងដៃ កន្សែងជូតដៃ ក្រដាសជាដើម និងសូមបែងចែករវាងបន្ទប់ទឹកបុរស-នារី និងរក្សាឱ្យមានសុវត្ថិភាព
* ត្រូវយកចិត្តទុកដាក់ និងចូលរួមទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមឱ្យបានសកម្មនូវ យុទ្ធនាការក្រោមទិសស្លោកចំនួន៣៖ ទី១ «ទេសចរណ៍ដើម្បីទាំងអស់គា្ន ទាំងអស់គ្នាដើម្បី ទេសចរណ៍» ទី២ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» និងទី៣ «បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា»
* ត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានរបស់រាជរដ្ឋាភិបាល ក្រសួង ទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕


