FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យនៅសង្កាត់វត្តគរ ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង

16-03-2026 17:18

(បាត់ដំបង)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង ដឹកនាំដោយលោក លាង វាសនា អភិបាលក្រុង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងបាត់ដំបង និងសហការីនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ រួមដំណើរជាមួយដោយក្រុមកាកបាទក្រហមសង្កាត់អ្នកស្ម័គ្រចិត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈអនុសាខាក្រុងទៅផ្តល់ ជូនគ្រួសារ លោកស្រី ចាន់ ចេង ជាប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គីភ័យ (ភ្លើងឆេះផ្ទះ) ចំនួន១គ្រួសារ កាលពីថ្ងៃទី១៥ ខែមីនាឆ្នាំ២០២៦ វេលាម៉ោង ១៤៖៣០នាទីរសៀល បណ្តាលមកពីកូនបង្កើតលួចដុតបណ្តាលអោយផ្ទះ០១ ខ្នង ទំហំ ៤ម៉ែត្រ គុណ១២ម៉ែត្រ សង់អំពីដែក ដំបូលស័ង្កសី (សង់ផ្ទាល់ដី) និង សម្ភារប្រើប្រាស់ក្នុង ផ្ទះត្រូវភ្លើងឆេះអស់ទាំងស្រុង ស្ថិតនៅក្រុមទី១២ ភូមិ បាលង្គ័ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នាឱកាសនោះលោក លាង វាសនា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរជាទីបំផុត។

លោកប្រធានអនុសាខា បានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់ មកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះនាពេលនេះជាដើម ទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។ ម៉្យាងទៀតអំណោយដែលអនុសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

លោក លាង វាសនា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះចំពោះករណីគ្រោះអគ្គិភ័យ ពិសេសរដូវនេះគឺជារដូវរំហើយខ្យល់ស្ងួត ការប្រើប្រាស់ភ្លើងទៀន ភ្លើងធូប ចរន្តអគ្គិសនីជាដើម បើយើងមានការធ្វេសប្រហែល នោះវាអាចបង្កនូវគ្រោះអគ្គិភ័យផ្សេងៗ ដែលនាំឱ្យមានការឆាបឆេះខូចខាត បាត់បង់នូវទ្រព្យសម្បត្តិ ទីជម្រក និងសម្ភារដ៏មានតម្លៃរបស់យើង ពិសេសជីវិតមនុស្ស និងសត្វផងដែរ។

លោកប្រធានអនុសាខាក៏ បានលើកទឹកចិត្ត ដល់គ្រួសារងគ្រោះ ដែលត្រូវបានភ្លើងឆាបឆេះផ្ទះសម្បែង មិនត្រូវបាក់ទឹកចិត្ត និងការអស់សង្ឃឹមឡើយ ត្រូវបន្តខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់យើងបន្តទៀត។

អំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាក្រុងផ្តល់ជូនគ្រួសាររងគ្រោះរួមមាន៖ សម្ភារៈមានអង្ករ ៥០គីឡូ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១ យួរ ត្រីខ ១យួរ ឃីត១កញ្ចប់(មុងភួយក្រមា កន្ទាល់) សំពត់តង១ (ទំហំ5X6m) និងទឹកបរិសុទ្ធ ១០ យួរផងដែរ៕