FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសាភិបាលធនាគារជាតិ ចេញសេចក្តីថ្លែងការណ៍លុបបំបាត់នូវពាក្យចចាមអារ៉ាមនៃការបិទធនាគារមួយចំនួន ខណៈពលរដ្ឋសម្រុកដកប្រាក់ចេញពី APD Bank ហើយលោកស្រីទេសាភិបាលបញ្ជាក់ថា ប្រព័ន្ធធនាគារទាំងអស់នៅកម្ពុជាមានភាពរឹងមាំល្អ (Video inside)

16-03-2026 16:46

(ភ្នំពេញ)៖ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីថ្លែងការណ៍តាមរយៈវីដេអូរយៈពេលជាង៥នាទី ដើម្បីពន្យល់សាធារណជនពីប្រព័ន្ធធនាគារនៅកម្ពុជា ​បន្ទាប់ពីមាន​អតិ​ថិជន​មួយ​ចំនួន​សម្រុក​ទៅ​ដកប្រាក់​ចេញពីធនាគារមួយចំនួន ខណៈនៅថ្ងៃទី១៦ ខែមីនានេះ មានអតិថិជនរបស់ធនាគារ APD បានសម្រុកទៅដកប្រាក់ពីធនាគារនេះ។

លោកស្រីពន្យល់ថា ក្នុងរយៈពេលវែង ធនាគារតែងតែមានសាច់ប្រាក់គ្រប់គ្រាន់ ដើម្បីបើកឲ្យអ្នកដាក់ប្រាក់បញ្ញើ ក៏ប៉ុន្ដែក្នុងពេលដែលអតិថិជន អ្នកដាក់ប្រាក់បញ្ញើ សម្រុកមកដកប្រាក់ពីគ្រឹះស្ថានទាំងអស់ក្នុងពេលតែមួយ ពេលនោះធនាគារជួបនឹងបញ្ហាខ្វះសាច់ប្រាក់។ បានន័យថា លុយគាត់បង្វិលអត់ទាន់ មិនមែនគាត់អត់មានលុយសងទេ ក៏ប៉ុន្ដែគាត់បង្វិលអត់ទាន់ ដោយសារតែលុយទាំងអស់នោះ បានផ្ដល់ទៅឲ្យអ្នកដែលខ្ចី ដែលមានរយៈពេលវែង ដូច្នេះហើយបើសិនជាអ្នកទាំងអស់គ្នា មកទារប្រាក់ទាំងអស់ ក្នុងពេលតែមួយ ធនាគារក៏ត្រូវតែទារ ពីអ្នកដែលគាត់ខ្ចីនោះទាំងអស់ក្នុងពេលតែមួយ។

លោកស្រីបន្ថែមថា «បើសិនជាអ្នកដាក់ប្រាក់បញ្ញើរទាំងអស់ មកដកប្រាក់ខ្លួនឯងទាំងអស់ក្នុងពេលតែមួយ វាជារឿងធម្មតាទេ ដែលធនាគារមិនមានសាច់ប្រាក់ទាំងអស់ ផ្ដល់ទៅឲ្យអតិថិជន អ្នកដែលដាក់ប្រាក់បញ្ញើ»

លោកស្រីទេសាភិបាលអំពាវនាវ សូមឱ្យបងប្អូនកុំទៅសម្រុកដកប្រាក់ទាំងអស់ សូមទុកពេលឱ្យធនាគារជាតិធ្វើការជាមួយធនាគារពាក់ព័ន្ធ ដើម្បីធានាការពារនូវផលប្រយោជន៍របស់បងប្អូន។

លោកស្រីសង្កត់ធ្ងន់ថា «ប្រសិនជាអ្នកដាក់ប្រាក់បញ្ញើទាំងអស់ មកដល់ប្រាក់ខ្លួនឯងទាំងអស់ក្នុងពេលតែមួយ វាជារឿងធម្មតាទេដែលធនាគារមិនមានសាច់ប្រាក់ទាំងអស់ផ្តល់ទៅឱ្យអតិថិជន អ្នកដាក់ប្រាក់បញ្ញើ។ ខ្ញុំក៏សុំជម្រាបដែរថា ប្រព័ន្ធធនាគារ របស់យើងបច្ចុប្បន្ននៅរឹងមាំ។ ដូច្នេះសូមបងប្អូនទុកពេលវេលាឱ្យធនាគារជាតិនៃកម្ពុជា បន្តធ្វើការជាមួយនឹងធនាគារពាក់ព័ន្ធរកវិធីដើម្បីដោះស្រាយប្រាក់បញ្ញើរបស់បងប្អូន»